website_news:2021280601

មេខ្យល់ជនជាតិថៃ៣នាក់ និងពលករខ្មែរ២១នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវទាហានថៃ និងនគរបាលខ្មែរ ឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២៥ មិថុនា ២០២១ដោយ Kang Tola

បន្ទាយមានជ័យ ៖ កម្លាំងទាហានថៃ បានធ្វើការសហការជាមួយកម្លាំងនគរបាលកម្ពុជាល្បាតតាមព្រំដែនទី១២ ក្នុងនោះកម្លាំងទាហានថៃ សហការជាមួយកម្លាំងនគរបាលកម្ពុជា បានធ្វើការឃាត់ខ្លួនមេខ្យល់ជនជាតិថៃ ៣នាក់ និងពលករខ្មែរចំនួន២១នាក់ បានជាបន្តបន្ទាប់នៅក្នុងទឹកដីភូមិកែវផេចផ្លយ និងភូមិណងផៃ កាលពីវេលាម៉ោង៥ នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមសេចក្ដីរាយការណ៍ពីកម្លាំងជួរមុខបានប្រាប់ថា ពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃនោះ មានប្រុស១២នាក់ និងស្រី៩នាក់ ចេញពីប្រទេសកម្ពុជាចូលទៅទឹកដីថៃ ព្រមទាំងមានមេខ្យល់ជនជាតិថៃ១នាក់ និងអ្នកមើលផ្លូវជនជាតិថៃ២នាក់ ដែលមេខ្យល់ទាំង៣នាក់នេះ ជាអ្នករស់នៅក្នុងស្រុកតាព្រះយ៉ា នាំទៅប្រទេសថៃ។ ដោយឡែកពលករខ្មែរទាំងអស់ចង់ទៅស៊ីឈ្នួលនៅក្នុងប្រទេសថៃ។ កម្លាំងទាហានថៃបានធ្វើការសហការជាមួយកម្លាំងនគរបាលកម្ពុជា ក្រោយពីការចាប់ឃុំខ្លួនពលករ២១នាក់ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំងអស់ទៅសួរនាំ និងធ្វើកំណត់ហេតុចាប់ខ្លួន អនុវត្តតាមវិធានការរបស់ផ្នែកសុខាភិបាល។ ក្រោយពីសាកសួរ និងធ្វើកំណត់ហេតុរួចរាល់ ពលករទាំងអស់ត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើចត្តាទ្បីស័កខេត្តបន្ទាយមានជ័យ១៤ថ្ងៃ ចំណែកមេខ្យល់៣នាក់ប្រគល់ទៅឲ្យកម្លាំងទាហានថៃយកទៅប្រទេសវិញធ្វើតាមនីតិវិធីច្បាប់៕ ដោយ ៖ វ៉ាន់ ណាង

website_news/2021280601.txt · Last modified: 2021/06/28 20:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki