website_news:2021280607

សង្គមស៊ីវិលបារម្ភពីការនាំពលករកម្ពុជាខុសច្បាប់ទៅក្រៅប្រទេសអំឡុងវិបត្តិកូវីដ-១៩

https://vodkhmer.news/ កញ្ញា ហ៊ន ថូវ៉ាន ២៤ មិថុនា ២០២១ ម៉ោង ១១:១០

សង្គមស៊ីវិលលើកឡើងថា ការនាំពលករកម្ពុជាខុសច្បាប់ទៅក្រៅប្រទេសក្នុងអំឡុងវិបត្តិកូវីដ-១៩ តាមរយៈមេខ្យល់ បានធ្វើឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ប្រជាជនស្លូតត្រង់ ដែលជាសកម្មភាពមួយគួរឱ្យព្រួយបារម្ភនិងសោកស្ដាយបំផុត។

មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឌី ថេហូយ៉ា បានលើកឡើងក្នុងកម្មវិធី «សិទ្ធិមនុស្ស៣៦៥» របស់វីអូឌី នៅព្រឹកថ្ងៃពុធថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលមានការផ្ទុះនូវជំងឺកូវីដ-១៩ រហូតមកដល់ពេលបច្ចុប្បន្ន ការនាំពលករកម្ពុជាខុសច្បាប់ទៅក្រៅប្រទេស ជាពិសេសទៅប្រទេសថៃ តាមរយៈមេខ្យល់ បាននាំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្មពលរដ្ឋជាបន្តបន្ទាប់។ លោកបន្តថា៖ «ការដែលនាំរត់ពន្ធឬមួយជួញដូរមនុស្ស ដើម្បីយកកម្លាំងពលកម្មពលរដ្ឋខ្មែរយើង ដែលជាជនស្លូតត្រង់ទៅតាមបណ្ដាខេត្ត ជាពិសេសគឺតាមទីជនបទ ទៅប្រទេសថៃ ជាសកម្មភាពមួយដែលយើងគួរឱ្យសោកស្ដាយ ហើយយើងមិនគិតថា ក្នុងកាលៈទេសៈដែលលំបាកបែបនេះហើយ ប្រឈមមុខពីបញ្ហាកូវីដបែបនេះ ពួកគាត់ត្រូវបានចាញ់បោកគេបន្ថែមទៀតក្នុងការបញ្ជូនទៅប្រទេសថៃទេ»។ លោកបន្តទៀតថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការសង់ត្រាល់ថ្មីៗនេះ សង្កេតឃើញថា មូលហេតុនៃការចំណាកស្រុកទៅកាន់ប្រទេសជិតខាងដែលមានប្រមាណ៨០ភាគរយ គឺបណ្ដាលមកពីពលរដ្ឋទាំងនោះមិនមានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅ។

លោកបញ្ជាក់ថា៖ «នៅក្នុងការសិក្សាស្រាវជ្រាវហ្នឹង យើងក៏បានសួរថាមូលហេតុអ្វីបានជាគាត់មិនមានប្រាក់ចំណូល គាត់ក៏បានថា ទីមួយ គឺគាត់អត់មានការងារធ្វើនៅក្នុងស្រុក។ ទីពីរ គឺគាត់មានដីស្រែដីចម្ការតិច មិនអាចផ្គត់ផ្គង់ជីវភាពបាន ឬមួយអ្នកដែលមានដីអាចធ្វើស្រែធ្វើចម្ការបានហើយ ប៉ុន្តែគេថាទិន្នផលនោះគឺមិនសូវមានទីផ្សារទេ។ ហេតុផលទីបី គឺគាត់បានបញ្ជាក់ដែរថា ពួកគាត់បានខ្ចីលុយធនាគារ ហើយជាទូទៅគឺគាត់មិនស្គាល់លុយធនាគារនោះទេ គឺគាត់ស្គាល់តែខ្ចីលុយអង្គការ តែយើងសួរទៅថា អង្គការហ្នឹងវាយ៉ាងម៉េច! សួរបញ្ជាក់ទៅថាគឺវាមានអ្នកឱ្យខ្ចីបុលតាមភូមិផង វាមានមីក្រូហិរញ្ញវត្ថុផង វាមានធនាគារផងអីជាដើម»។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ លោកស្រី ជូរ ប៊ុនអេង មានប្រសាសន៍ក្នុងកម្មវិធីនោះដែរថា ស្ថានភាពការជួញដូរមនុស្សក្នុងដំណាក់កាលវិបត្តិកូវីដ-១៩នេះ មិនមែនមានតែកម្ពុជាទេ ហើយប្រទេសជិតខាងក៏បានបិទព្រំដែនតាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ។ ចំណែកឯការហូរចូលត្រលប់មកវិញនៃពលកររបស់ខ្មែរ មកដល់ពេលបច្ចុប្បន្ននេះ លោកស្រីថា មានប្រមាណ២០ម៉ឺននាក់ ហើយក៏មានអ្នកនាំចេញទៅវិញខ្លះផងដែរ តាមការអូសទាញឬការបញ្ចុះបញ្ចូលរបស់មេខ្យល់។ លោកស្រីយល់ថា បញ្ហានេះត្រូវមានវិធានការដោះស្រាយ បើមិនដូច្នេះទេ ភាពរងគ្រោះរបស់ពលរដ្ឋនៅតែកើនឡើងបន្ថែមទៀត។លោកស្រីមានប្រសាសន៍ថា៖ «ការជួញដូរមនុស្សក្នុងដំណាក់កាលនេះ គឺការនាំពលករឆ្លងដែនខុសច្បាប់ បោកបញ្ឆោតទៅរកការងារឬអាជីវកម្មដែលគាត់ប្រមូលលុយកាក់ហើយគ្មានការទទួលខុសត្រូវ។ អ៊ីចឹងបើសិនជាមិនចង់ឱ្យមានការឆ្លងដែនខុសច្បាប់ ទោះបីមានការទប់ស្កាត់ ខាងនេះមានអាជ្ញាធរ មានការទប់ស្កាត់តាមប្រទេសគោលដៅ ប៉ុន្តែគាត់នៅតែចេញទៅបាន មកពីមានប្រឡោះ បានន័យថា មានអ្នកត្រូវការពួកគាត់ ហើយគាត់ទទួលឱ្យធ្វើការទាំងប្រថុយប្រថានទៅ ហើយបើគេចាប់បានគឺចាប់ទៅ បើគេចាប់មិនបាន គាត់សម្ងំធ្វើការនៅទីនោះទៅ ដោយខុសច្បាប់»។

ទំព័រហ្វេសប៊ុករបស់អង្គការសហប្រជាតិប្រចាំកម្ពុជា បានស្រង់ប្រសាសន៍របស់លោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្ដរប្រវេសន៍ប្រចាំកម្ពុជា មកចុះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ថាវិបត្តិ កូវីដ-១៩បានបង្កឱ្យមានភាពងាយរងគ្រោះថ្មីៗជាច្រើន និងមានភាពធ្ងន់ធ្ងរជាងមុន ហើយថែមទាំងបានបង្កើតហានិភ័យចំពោះអំពើកេងប្រវ័ញ្ចបុគ្គលនិងសហគមន៍នៅក្នុងបណ្តាញជួញដូរមនុស្ស។

ចំណែកអនុប្រធានផ្នែកស្ត្រីនិងកុមារ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកស្រី មាស សាអ៊ីម បានបង្ហាញក្តីព្រួយបារម្ភចំពោះការចំណាកស្រុករបស់ពលរដ្ឋកម្ពុជាទៅកាន់ប្រទេសផ្សេងៗ ជាពិសេសទៅកាន់ប្រទេសជិតខាង ដែលអាចជះឥទ្ធិពលអាក្រក់ក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ព្រោះអាចខ្វះនូវធនធានមនុស្ស។ លោកស្រីបន្តថា៖ «យើងសង្កេតឃើញថា អ្នកដែលបានចំណាកស្រុកភាគច្រើន អាចរាប់ថាជាយុវវ័យដែលគាត់មានកម្លាំងពេញលេញ ជាធនធានដែលគួរអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែពួកគាត់បែរជាមិនបាននៅអភិវឌ្ឍប្រទេសជាតិ បែរជាត្រូវបានគេជួញដូរឬក៏កេងប្រវ័ញ្ចនៅខាងក្រៅប្រទេសមួយចំនួន។ អ៊ីចឹងអាហ្នឹងវាជាការខាតបង់ផ្នែកសេដ្ឋកិច្ចធនធានមនុស្សដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ»។ លោកស្រីបន្ថែមថា៖ «ការត្រលប់មកវិញ[របស់]គាត់ជាបន្ទុកសម្រាប់ជាតិ គឺគាត់អាចខ្លះមានពិការភាព ខ្លះទៀតមានបញ្ហាវិបល្លាសស្មារតី ហើយខ្លះទៀតពេលត្រលប់មកវិញ គាត់មានអាយុជ្រេ[ច្រើន]ទៅហើយ ដែលគាត់ពិបាកនៅក្នុងការកសាងសមត្ថភាព ក៏ដូចជាការបំពេញការងារដែលអាចជួយទ្រទ្រង់ទៅដល់ជីវភាពគ្រួសារ ក៏ដូចជាសង្គមបាន»។ ក្តីបារម្ភទាំងនេះ លោកស្រី មាស សាអ៊ីម ស្នើឱ្យអាជ្ញាធរចាត់វិធានការ ដោយចាប់មេខ្យល់យកមកផ្ដន្ទាទោសនិងអនុវត្តច្បាប់ឱ្យបានពេញលេញ ពង្រីកការស៊ើបអង្កេតឱ្យបានតឹងរ៉ឹង ដោយមិនត្រូវចាប់តែមេខ្យល់តូចតាចនោះទេ ពោលគឺត្រូវចាប់ទាំងអស់ ទាំងអ្នកពាក់ព័ន្ធដែលរៀបចំឯកសារក្លែងក្លាយសម្រាប់ការឆ្លងដែនផងដែរ។

លោក ជុំ សុខ វ័យ៣៨ឆ្នាំ រស់នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលធ្លាប់ចាញ់បោកមេខ្យល់ទៅប្រទេសថៃ បានរៀបរាប់ថា មេខ្យល់បាននាំរូបលោកនិងពលករខ្មែរ៩នាក់ទៀតទៅខេត្តឈុនបុរី ប្រទេសថៃ ហើយលោកនិងអ្នកទាំង៩នាក់នោះត្រូវបានតម្រួតថៃឃាត់ខ្លួន និងដាក់ពន្ធនាគារនៅខេត្តសុរិន្ទ អស់រយៈពេល៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ទើបពួកលោកត្រូវបានគេដោះលែងវិញ ដោយសារព្រះមហាក្សត្រថៃបានព្រះរាជទានលើកលែងទោស ក្រោយអនុវត្តទោសបាន៤ឆ្នាំ។ លោកថា៖ «ខ្ញុំស្គាល់គេ [មេខ្យល់] តាមរយៈបងប្អូន ហើយគេនាំខ្ញុំទៅឱ្យ ខ្ញុំបានបង់លុយប្រមាណជាង៣០ម៉ឺនរៀល [២៥០០បាត-លុយថៃ] សម្រាប់ការធ្វើឯកសារ។ គេនាំខ្ញុំទៅថៃតាមច្រកអូរស្មាច់ គេ [តម្រួតថៃ] បានចាប់និងឃុំខ្លួនសួរចម្លើយ ហើយចោទប្រកាន់ពីបទក្លែងបន្លំឯកសារនិងត្រាខុសច្បាប់គេ ហើយមេខ្យល់ទាំង៤នាក់ដែលនាំទៅគឺបានរត់គេចបាត់ស្រមោលអស់»។

បើតាមមន្ត្រីជាន់ខ្ពស់នៃអង្គការសង់ត្រាល់ លោក ហូយ៉ា អំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ មានពលករជាង ២ ០០០នាក់ត្រូវបានចាប់ខ្លួនក្នុងពេលពួកគាត់កំពុងធ្វើដំណើរដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ក្នុងនោះ ពួកគាត់ម្នាក់ៗត្រូវបង់ប្រាក់ចំនួន៣ ០០០បាត ឬស្មើជាង១០០ដុល្លារទៅឱ្យមេខ្យល់៕

website_news/2021280607.txt · Last modified: 2021/06/28 20:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki