website_news:2021280706

ត្រឹម៦ខែបង្ក្រាបការជួញដូរមនុស្ស១៩៨ករណី និងរំដោជនរងគ្រោះសរុប៧៣១នាក់

https://kohsantepheapdaily.com.kh/ Phnom Penh២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៥:៣៤

រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី១ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ១៩៨ករណី លើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ហើយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបានសង្គ្រោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៨៨នាក់, អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើង ៥៧០នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចក្រឡាហោមឲ្យដឹង។

នៅហ្វេសប៊ុកដដែលបានឲ្យដឹងទៀតថា នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅសង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន១.២៤៩នាក់ ក្នុងនោះមានស្ត្រី ១.០៣៦នាក់ និងបានធ្វើសកម្មភាពបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។

ដោយឡែកនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺក្រុមការងារអនុវត្តច្បាប់ នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងសម្ភាសន៍ ពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅនារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថា អាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍។

ជាមួយនោះដែរ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានប្រមូលទិន្នន័យជាប្រចាំរបស់រដ្ឋបាលរាជធានី-ខេត្ត នូវចំនួនពលករវិលត្រឡប់ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ សរុបប្រមាណ ៦៣.២៦៩នាក់ មានស្ត្រីប្រមាណ ២៧.១៦២នាក់។ ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់ ។

សម្តេចក្រឡាហោមស ខេង ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ក៏បានអំពាវនាវបងប្អូនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស ៕

website_news/2021280706.txt · Last modified: 2021/07/28 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki