website_news:2021280708

មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

https://kohsantepheapdaily.com.kh/ Banteay Meanchey២៧ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២២:២៩

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែន ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ១/-ឡូញ លេម ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/-ឈ្មោះ សែន សំនាង ហៅ កែ ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនទាំង ២នាក់នេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួន ពីបទនាំមនុស្សឆ្លងដែន ដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង ១ និង ៣០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់។

របាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្ម ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។ លោកអធិការស្តីទី បានបញ្ជាក់ថា តាមការសួរនាំ ជនសង្ស័យទាំង ២នាក់ បានសារភាពថា នៅមុនពេលចាប់ខ្លួន ពួកគេទាំង ២នាក់ មានឈ្មោះ ខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរសព្ទ ឲ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ ចង់នាំកូនរបស់គាត់ ៣នាក់ (ស្រី ២នាក់) ឲ្យឆ្លងដែនមកខ្មែរវិញ។ បើបានសម្រេចឈ្មោះ ខានោះ បានសន្យាឲ្យថ្លៃមើលផ្លូវម្នាក់ ២០០បាត ទៅ ៣០០បាត។ ប៉ុន្តែដោយខាងសមត្ថកិច្ចថៃ ចាំឃ្លាំមើលឈ្មោះខាពេក ឈ្មោះខានោះ មិនហ៊ាន ក៏នាំកូនគាត់ទាំង ៣នាក់ ទៅផ្សាររុងគ្លឿវិញ ហើយពួកគេ ក៏នាំគ្នា ត្រឡប់មកដីខ្មែរវិញ បានប្រហែល ១០ម៉ែត្រ ពីមាត់អូរព្រំដែន ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ឯក ឡាយ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូញ លេម និងឈ្មោះ សែន សំណាង ហៅ កែ ត្រូវបានប៉ូលិសរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕

website_news/2021280708.txt · Last modified: 2021/07/28 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki