website_news:2021280905

អាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់នាំមនុស្សឆ្លងដែន ខុសច្បាប់ទៅតុលាការ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 27/09/2021

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២៣ ខែកញ្ញា កងអនុសេនាធំលេខ៣ កម្លាំងវរ:សេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឈរជើងក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឃាត់គោយន្តកន្ត្រៃចំនួន១គ្រឿងដែលមានដឹកមនុស្សចំនួន១៥នាក់ ក្នុងនោះ មានស្ត្រីចំនួន៨នាក់ កុមារា១នាក់ ដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ ក្នុងចំណោមមនុស្ស១៥នាក់នោះមានមេខ្យល់០១នាក់ ឈ្មោះ ឈុន ឆឺត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្ន រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

មេខ្យល់ខាងលើ និងវត្ថុតាងគោយន្តកន្ត្រៃ ក្រោយពីកម្លាំងយោធាឃាត់បានប្រគល់មកឱ្យស្នាក់ការសន្តិសុខ៨៨៨ របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកដើម្បីចាត់ការតាមនីតិវិធី ។ចំណែកពលករទាំង១៤នាក់ ត្រូវបានលោក យ៉ង់ យឺន អភិបាលរងស្រុកថ្មពួកធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ។

លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន ឆឺត ក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករតាមគោយន្តកន្ត្រៃបម្រុងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ដោយខ្លួនយកថ្លៃដឹកក្នុងម្នាក់១៣០០បាត លុយថៃ ។ ដោយផ្អែកលើចម្លើយសារភាពររបស់ជនសង្ស័យ និងការរៀបរាប់ពីពលករ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកកសាងសំណុំរឿងបញ្ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មេខ្យល់ខាងលើមុនធ្វើការឃាត់ខ្លួនលោកក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងគោយន្តកន្ត្រៃត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ៕

website_news/2021280905.txt · Last modified: 2021/09/28 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki