website_news:2021281004

លោកនាយករដ្ឋមន្ត្រី ស្នើអូស្ត្រាលីជួយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ស្ត្រី និងពលករចំណាកស្រុក

https://www.postkhmer.com/ រី សុចាន់ | Publication date 29 October 2021 | 09:17 ICT

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើអូស្ត្រាលីជួយបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ស្ត្រី និងពលករចំណាកស្រុក ដើម្បីមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពល្អប្រសើរ ខណៈអូស្ត្រាលីប្រកាសផ្តល់ទឹកប្រាក់ចំនួន ១១៥ លានដុល្លារអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោក ហ៊ុន សែន បានស្នើបែបនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី១ កាលពីថ្ងៃទី ២៧ តុលា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ លោកបញ្ជាក់ថា៖ «កម្ពុជាស្នើអូស្ត្រាលីបន្តជួយពង្រឹងវិស័យអាទិភាពមួយចំនួន ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្ម អេឡិចត្រូនិក សហគ្រាសធុនតូច និងមធ្យម វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ស្ត្រី និងពលករចំណាកស្រុក ដែលវិលត្រឡប់ពីក្រៅប្រទេស ដើម្បីឱ្យមានសមត្ថភាពស្វែងរកការងារថ្មី និងជីវភាពល្អប្រសើរ»។ លោកអំពាវនាវឱ្យមានការយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ចំពោះកិច្ចសហប្រតិបត្តិការលើរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ព្រោះវាជាជំហានដ៏ប្រសើរមួយក្នុងការទទួលស្គាល់តួនាទីរបស់ស្ត្រីនៅក្នុងការជំរុញសុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងបន្តជំរុញនូវរបៀបវារៈនេះ និងស្នើសុំនូវកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីអូស្ត្រាលី»។ លោកលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីប្រចាំឆ្នាំគឺជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមការសម្រេចបាននូវសមិទ្ធផលដ៏ ធំធេងដែលអាចចាត់ទុកថាជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងនៃដៃគូយុទ្ធសាស្ត្ររវាងភាគីទាំង២។ លោកថ្លែងថា ជាមួយនឹងទំនាក់ទំនង «ដ៏ល្អ» នេះកម្ពុជាគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-អូស្ត្រាលីឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះដែរ កម្ពុជាកោតសរសើរចំពោះគំនិតផ្តួចផ្តើមអូស្ត្រាលីសម្រាប់អនាគតអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសសរស្តម្ភទាំង ៣ របស់អាស៊ាន។ លោកនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការចូលរួមចំណែក «ដ៏សកម្ម»របស់អូស្ត្រាលីក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ជាពិសេសការដាក់ចេញនូវភាពជាដៃគូ សម្រាប់យុទ្ធសាស្ត្រនៃការស្តារឡើងវិញ និងកំណត់យកអាស៊ានជាដៃគូដ៏សំខាន់។ លោកបន្តថា ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ ១៩ ការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព វិបុលភាព និងបរិយាប័ន្ន ពិតជាមានសារៈសំខាន់។ កម្ពុជាលើកទឹកចិត្តឱ្យអូស្ត្រាលីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងសកម្មភាពជំរុញសមាហរណកម្មតំបន់ដូចជាផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការសកម្មភាពនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានដំណាក់កាលទី ៤។ លោក ហ៊ុន សែន ស្នើឱ្យភាគីទាំង ២ អនុវត្តផែនការសកម្មភាពអាស៊ាន-អូស្ត្រាលីឆ្នាំ ២០២០-២០២៤ ឱ្យបានជោគជ័យ និងបន្តដោះស្រាយបញ្ហាប្រឈមដូចជាបញ្ហាសុខភាពសាធារណៈ ការជំរុញកំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។

នៅក្នុងកិច្ចប្រជុំនេះលោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសផ្តល់ទឹកប្រាក់ចំនួន ១៥៤ លានដុល្លារអូស្ត្រាលី (១១៥ លានដុល្លារអាមេរិក) សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីកាលពីថ្ងៃទី ២៧ តុលា។ ក្នុងចំណោមទឹកប្រាក់ចំនួន ១៥៤ លានដុល្លារអូស្ត្រាលីនេះ ទឹកប្រាក់ចំនួន ១២៤ លានដុល្លារអូស្ត្រាលី (៩៣លានដុល្លារអាមេរិក) គឺសម្រាប់គំនិតផ្តួចផ្តើមអនាគតអាស៊ាន ដើម្បីគាំទ្រគម្រោងដែលដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមមានសន្តិសុខ សុខភាព អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខថាមពលការលើកកម្ពស់សេដ្ឋកិច្ចវិលជុំ និងមហាសមុទ្រដែលមានសុខភាពល្អ និងគាំទ្រការអនុវត្តទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ ចំណែកចំនួនទឹកប្រាក់ផ្សេងទៀតនឹងផ្តោតលើការផ្តល់អាហារូបករណ៍សម្រាប់អាស៊ាន ដើម្បីគាំទ្រអ្នកដឹកនាំអាស៊ាន ដែលកំពុងរះឡើងទៅសិក្សានៅប្រទេសអូស្ត្រាលី និងមួយទៀត សម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍឌីជីថល និងជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់អាស៊ាន ដើម្បីគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញរយៈពេលវែង។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្ត្រី (Scott Morrison) ក៏មានសេចក្តីសោមនស្សរីករាយក្នុងការគូសបញ្ជាក់ផងដែរពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ យ៉ាងតិច ៦០ លានដូសដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅត្រឹមចុងឆ្នាំ ២០២២។ ចាប់ពីចុងឆ្នាំ ២០២១ ដល់ពាក់កណ្តាលឆ្នាំ ២០២២ យើងនឹងចែករំលែកវ៉ាក់សាំងយ៉ាងហោចណាស់ ១០ លានដូសពីការផ្គត់ផ្គង់ក្នុងស្រុករបស់យើងជាមួយបណ្តាប្រទេសអាស៊ាន»។ លោក Scott Morrison ថ្លែងថា ខណៈការចាក់វ៉ាក់សាំងជំងឺកូវីដនៅក្នុងប្រទេសអូស្ត្រាលីបន្តកើនឡើង អូស្ត្រាលីនឹងបើកការមកកាន់ប្រទេសនេះឡើងវិញ ទៅកាន់ពិភពលោកនៅថ្ងៃខាងមុខ ហើយអូស្ត្រាលីកំពុងធ្វើការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៀបចំការធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុង បរិបទ កូវីដ ១៩ តាមបែបគន្លងថ្មី។ លោកថ្លែងថា៖ «ដូច្នេះសហគមន៍របស់យើងអាចជួបជុំគ្នាដោយផ្ទាល់ឡើងវិញបាន»៕

website_news/2021281004.txt · Last modified: 2021/10/29 19:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki