website_news:2021281005

បន្ទាត់ព្រំដែនជាប់ប្រទេសថៃ ចរន្តពលករចេញចូលចាប់មិនអស់

https://kohsantepheapdaily.com.kh/ ភ្នំពេញ២៩ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៦:៥៩

ខេត្តបន្ទាយមានជ័យ ៖ ក្រុមការងារទទួលពលករខ្មែរមកពីប្រទេសថៃបានឱ្យដឹងថា គ្រាន់តែរយៈពេល១ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានទទួលពលករខ្មែរជិត១០០នាក់ ដែលភាគច្រើនត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ តាមច្រកចំនួន២ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ។

វរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាសមាជិកទទួលពលករខ្មែរនៅច្រកអូរបីជាន់ ថ្លែងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នោះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ និងអាជ្ញាធរថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ មានចំនួន៧០នាក់ ក្នុងនោះស្រី៣៥នាក់ និងកុមារ៦នាក់ ហើយតាមរយៈការធ្វើតេស្តរហ័ស បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់(ស្រី៣នាក់) ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានគណៈកម្មាធិការច្រកតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួក ថ្លែងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នោះដែរ ក្រុមការងារបានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ តាមច្រកតំបន់បឹងត្រកួន មានចំនួន២១នាក់(ស្រី១៣នាក់) ។

ហេតុការណ៍ដាច់ដោយឡែកមួយទៀតបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្រាវជ្រាវមុខសញ្ញាមេខ្យល់នាំឆ្លងដែនទៅប្រទេសថៃខុសច្បាប់នោះ កាលពីវេលាម៉ោងប្រមាណ៩និង២០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលនគរបាលស្រុកថ្មពួកសហការជាមួយនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនពលករប្រុសស្រីចំនួន១៣នាក់ដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ ជាមួយនេះ បានឃាត់ខ្លួនម្ចាស់គោយន្តកន្ត្រៃម្នាក់ ដែលដឹកពលករទាំងនោះនៅចំណុចខ្ទមចម្ការដំឡូងខាងជើងភូមិតាឡីចម្ងាយប្រមាណ១គីឡូម៉ែត្រ ក្នុងភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ។

វរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ពលករទាំង១៣នាក់នេះមានស្រី៣នាក់ មកពីខេត្តស្ទឹងត្រែង២នាក់ ខេត្តសៀមរាប២នាក់ ខេត្តកំពង់ស្ពឺ១នាក់ ខេត្តពោធិ៍សាត់២នាក់ ខេត្តព្រៃវែង១នាក់ និងខេត្តស្វាយរៀង៥នាក់ ។ ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះ នួន ស្រោច ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ។ លោកអធិការបញ្ជាក់ថា តាមការសួរនាំពលករទាំង១៣នាក់ប្រាប់ថា ពួកគាត់មានបំណងទៅរកការងារធ្វើនៅប្រទេសថៃ ដោយបានទាក់ទងជាមួយថៅកែថៃដើម្បីធ្វើការ ដោយថៅកែថៃជាអ្នករកមេខ្យល់ឲ្យគេយកថ្លៃក្នុងម្នាក់៧.០០០បាត ។ រីឯម្ចាស់គោយន្តនិយាយថា ខ្លួនដឹកពលករពីទីរួមស្រុកថ្មពួក ដោយមានមនុស្សម្នាក់មិនស្គាល់ឈ្មោះទាក់ទងខ្លួនតាមទូរស័ព្ទឲ្យដឹកពលករទាំងនោះ ទៅទុកនៅចំណុចខាងលើ ដោយបានថ្លៃឈ្នួលក្នុងម្នាក់ចំនួន២០០បាត និងបានប្រាក់ខ្លះនិងនៅមិនទាន់បានខ្លះ ។ ក្រោយពីសួរនាំរួច ពលករទាំង១៣នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកអូរជ្រៅ ចំណែកម្ចាស់គោយន្តកន្ត្រៃ ស្នើសុំយោបល់ពីថ្នាក់ដឹកនាំដើម្បីឃាត់ខ្លួនផងដែរ ៕

website_news/2021281005.txt · Last modified: 2021/10/29 19:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki