website_news:2021281202

អាជ្ញាធរថៃ បន្តចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនត្រឡប់ទៅកម្ពុជាអំឡុងរាតត្បាតជំងឺកូវីដបំប្លែងថ្មី

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា 2021-12-26

អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់ ដែលបានឆ្លងដែនទៅប្រទេសថៃខុសច្បាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្របពេលដែលកំពុងរាតត្បាតមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង(Omigron)។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មូលហេតុដែលពលករខ្មែរឆ្លងដែនទាំងប្រថុយប្រថានក្នុងពេលនេះ ដោយសារពួកគាត់ក្រីក្រនិងអត់ការងារធ្វើនៅក្នុងស្រុក ប៉ុន្តែការឆ្លងដែននេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។ អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរ ១៣៣ នាក់ក្នុងនោះមានកុមារចំនួន ១៨ នាក់ផង ប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមច្រករបៀងព្រំដែនអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ។

មេបញ្ជាការប៉ូលិសការពារព្រំដែនវរៈលេខ៨១៩ ប្រចាំនៅតំបន់ព្រំដែនស្រុកកំរៀង បានចុះផ្សាយនៅលើហ្ចេសប៊ុក(Facebook)នៅថ្ងៃដដែលថា ក្នុងចំណោមពលរដ្ឋទាំងអស់នោះ មានពលករចំនួន ៧៤ នាក់ត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅធ្វើចត្តាឡឺស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនក្រោយពេលពួកគេមកដល់កម្ពុជា។ ចំណែកពលករ ៥៩ នាក់ទៀត ដែលមានឯកសារចាក់វ៉ាក់សាំងបាន ២ លើក គឺបញ្ជូនតាមឡានទាហានត្រឡប់ទៅស្រុកកំណើតរបស់ពួកគាត់រៀងៗខ្លួននៅព្រឹកថ្ងៃដដែល។

ជាមួយគ្នានេះ ទាហានថៃបានចាប់ខ្លួនពលករខ្មែរចំនួន ១០ នាក់ ក្នុងពេលពួកគេឆ្លងដែនខុសច្បាប់នៅតំបន់ព្រំដែនក្នុងស្រុកតាព្យា (Taphaya) ខេត្តស្រះកែវ(Sa Kaeo) នៅយប់ថ្ងៃទី២៥ ខែធ្នូ។ ហ្វេសប៊ុកទាហានបូរ៉ាផា (Burapha)របស់ថៃចុះផ្សាយនៅព្រឹកថ្ងៃទី២៦ ខែធ្នូថា ក្រុមពលករទាំងនោះបានឆ្លងដែនបម្រុងទៅធ្វើការនៅខេត្តស្រះកែវ និងខេត្តជាប់ទីក្រុងបាងកក។ បច្ចុប្បន្នអាជ្ញាធរថៃបានឃាត់ខ្លួនពួកគេ និងបញ្ជូនទៅចាត់វិធានការតាមច្បាប់ហើយ។

ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនលោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីថ្ងៃទី២៥ ខែធ្នូអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជិត ៤០ នាក់ត្រឡប់មកកម្ពុជាវិញ តាមច្រករបៀងព្រំដែនក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ប៉ុន្តែពលករដែលទាហានថៃចាប់នោះ លោកបញ្ជាក់ថា លោកពុំទាន់ទទួលដំណឹងនេះនៅឡើយទេ។ បច្ចុប្បន្នអាជ្ញាធរខេត្តបន្ទាយមានជ័យបន្តដាក់កងកម្លាំងជាច្រើននាក់ប្រចាំការនៅតំបន់ព្រំដែនជាប់ប្រទេសថៃ ដើម្បីទប់ស្កាត់ក្រុមមេខ្យល់នាំលួចពលរដ្ឋឆ្លងដែនដោយខុសច្បាប់។ លោកបន្តថា ចាប់តាំងពីខែមករាមកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ក្រុមមេខ្យល់បាន ៦៦ នាក់ និងបានបញ្ជូនពួកគេទៅតុលាការដើម្បីចាត់វិធានតាមច្បាប់៖ «យើងរឹតបន្តឹងហើយ ប៉ុន្តែវានៅតែលួចចេញលួចចូលពេលដែលយើងចន្លោះប្រហោងបន្តិចបន្តួចហ្នឹង មិនគេលួចចេញតាមផ្លូវណាយើងអត់ដឹងទេ។ អ្នកនិយាយចេះតែនិយាយបានហើយ ប៉ុន្តែសមត្ថកិច្ចមិនដេកមិនបាននោះទេ ចុះល្បាតទាំងយប់ទាំងថ្ងៃ ប៉ុន្តែអ្នកភូមិនៅតាមព្រំដែនលួចយកចេញយកចូលយើងមើលអត់ឃើញ។ យើងចាប់បានមេខ្យល់ច្រើនណាស់បានស្ងាត់បានប៉ុណ្ណឹង»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ដើម្បីសុំអត្ថាធិប្បាយបន្ថែមអំពីទាហានថៃចាប់ខ្លួនពលករខ្មែរទាំងនោះបានទេ នៅថ្ងៃទី២៦ ខែធ្នូ។

ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សង្កេតឃើញថា មូលហេតុដែលពលករឆ្លងដែនដោយប្រថុយប្រថានអំឡុងពេលផ្ទុះការរាតត្បាតមេរោគកូវីដ-១៩បំប្លែងថ្មី អូមីក្រុង(Omigron)នេះ ដោយសារពួកគាត់ក្រីក្រ ហើយដាំដុះផលដំណាំលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាព ស្របពេលដែលពួកគាត់អត់ការងារធ្វើនៅក្នុងស្រុក។ បន្ថែមពីនេះ ពួកគាត់ទៅប្រទេសថៃនេះ ដើម្បីរកប្រាក់សងធនាគារ ដែលបានខ្ចីគេដាំដុះហើយខាតអស់ដើមទុនកាលពីឆ្នាំកន្លងទៅ។ តែយ៉ាងណាលោកបញ្ជាក់ថា ការឆ្លងដែនក្នុងពេលនេះប្រឈមនឹងទាហានបាញ់ស្លាប់ អាជ្ញាធរថៃចាប់ដាក់គុក ឆ្លងជំងឺកូវីដ-១៩ និងចំណាយអស់ថវិកាច្រើន ដើម្បីឱ្យមេខ្យល់នាំឆ្លងដែន៖ «ប៉ុន្តែដោយសារអ្នកនៅក្នុងហ្នឹងវាមិនអាចទប់មិនអាចមានលុយកាក់គ្រប់គ្រាន់ គឺគាត់ត្រូវតែប្រថុយជីវិតដែរ។ ទោះដឹងថា ចាប់ដឹងថាចង ដឹងថាគេចាប់ដាក់គុកក៏ដោយ ក៏ប្រសើរដែរ ជាប់គុកម្នាក់ប្រសើរជាងវេទនាមួយគ្រួសារ ឬក៏មួយពូជគាត់។ អីចឹងគាត់សុខចិត្តប្រថុយប្រថានបើសិនគាត់មានការងារធ្វើគាត់អាចចិញ្ចឹមមួយគ្រួសារបាន ប៉ុន្តែបើគ្មានការងារធ្វើគេចាប់ដាក់គុកបានត្រឹមតែម្នាក់ឯងទេ អីចឹងគាត់ប្រថុយហើយ»។ អាជ្ញាធរកម្ពុជានិងថៃ បានបិទច្រកទ្វាព្រំដែនប្រទេសទាំងពីរចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះមិនទាន់បើកដំណើរការវិញនៅឡើយទេ។

កាលពីថ្ងៃទី២០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រកាសថា ចាប់តាំងពីអាជ្ញាធរថៃបិទច្រកទ្វាព្រំដែនមកដល់ថ្ងៃទី១៩ ខែធ្នូ មានពលករខ្មែរប្រមាណ ២សែន ៦ម៉ឺននាក់(២៦០.០០០) ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្នុងនោះមានពលករមួយចំនួនបានត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញជាបន្តបន្ទាប់។

របាយការណ៍អាជ្ញាធរថៃ ឱ្យដឹងថា រយៈពេល១សប្ដាហ៍នៅដើមខែវិច្ឆិកា មានពលករខ្មែរជិត ១ពាន់នាក់ (៩៩៦) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ក្នុងនោះពលករភាគច្រើនឆ្លងដែនតាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

website_news/2021281202.txt · Last modified: 2021/12/28 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki