website_news:2021281204

យោធាថៃឃាត់ខ្លួន ពលករខ្មែរ១០នាក់លួចឆ្លងដែនខុសច្បាប់

https://kbn.news/ December 27, 2021

រាជធានីភ្នំពេញ៖ កម្លាំងយោធាការពារព្រំដែនថៃក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ជាប់ព្រំទល់ខេត្តបន្ទាយមានជ័យកម្ពុជា បានចុះល្បាតកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ប្រទះឃើញពលរដ្ឋខ្មែរលួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ចំនួន១០នាក់ ក្នុងនោះមានប្រុស៦នាក់ និងស្រី៤នាក់ នៅបរិវេណភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។

សមត្ថកិច្ចព្រំដែនបានឲ្យដឹងថា នៅពេលសមត្ថកិច្ចថៃសួរនាំពលរដ្ឋខ្មែរទាំង១០នាក់ខាងលើ ពួកគេបានប្រាប់ថា ធ្វើដំណើរមកពីខេត្តកំពង់ចាម និងខេត្តកំពង់ធំ ប្រទេសកម្ពុជា មានគោលបំណងធ្វើដំណើរទៅធ្វើការនៅក្នុងខេត្តប៉ាធំ ថានី និងខេត្តស្រះកែវរបស់ថៃ ទើបសមត្ថកិច្ចថៃឃាត់ខ្លួនយកទៅសួរនាំបន្ថែម និងបញ្ជូនទៅឱ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។ សមត្ថកិច្ចឲ្យដឹងទៀតថា នៅពេលជាមួយគ្នានេះដែរ កម្លាំងទាហានប្រាណទី១៣ ប្រចាំស្រុកអារញ្ញ កងកម្លាំងបូរផា បានចេញល្បាតឃ្លាំមើលនិងត្រួតពិនិត្យតំបន់ដែលទទួលខុសត្រូវ បានប្រទះឃើញបុរសជនជាតិថៃកំពុងលួចឆ្លងដែនតាមច្រករបៀង ធ្វើដំណើរចូលទឹកដីកម្ពុជាចំនួន៥នាក់នៅបរិវេណភូមិខ្លងលឹក ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ។ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគេទាំង៥នាក់ ធ្វើដំណើរមកពីទីក្រុងបាងកក មានបំណងធ្វើដំណើរទៅធ្វើការនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យរបស់កម្ពុជា ទើបសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនទៅឱ្យសមត្ថកិច្ចស្រុកខ្លងលឹកដើម្បីចាត់ការតាមច្បាប់បន្ត៕

website_news/2021281204.txt · Last modified: 2021/12/28 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki