website_news:2021290101

សម្តេចក្រឡាហោម ស ខេងៈ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពថ្មី មាន ៧ ចំណុចសំខាន់ៗ

https://www.rasmeinews.com/ 27 January, 2021

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ ដោយបានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចបានរៀបចំកែលំអ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពថ្មី ដោយខ្លឹមសារ ផ្អែកលើមូលដ្ឋានចាស់ និងមានអត្ថន័យ និងគ្រប់ជ្រុងជ្រោយជាង ហើយគោលនយោបាយនេះ មិនមែនរបស់ក្រសួងណាមួយទេ គឺជារបស់រាជរដ្ឋាភិបាល ដែលមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាហើយ បន្ទាប់ពីបានកែសម្រួល តាមស្មារតី នៃកិច្ចប្រជុំអន្តរក្រសួង ដែលបំពេញបន្ថែម ដោយមន្ត្រីជំនាញ ដែលក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថាៈ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពថ្មី ដែលក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗនោះគឺៈ ទី១. ការផ្តល់សេវាសាធារណៈ ពិសេសសេវារដ្ឋបាល , ទី២. បញ្ហាសន្តិសុខ , ទី៣. សណ្តាប់ធ្នាប់សាធារណៈ និងចរាចរណ៍ , ៤. ការដោះស្រាយវិវាទ នៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ , ទី៥. បរិស្ថាន , ទី៦. គ្រោះមហន្តរាយ និងទី៧. អំពើអនាចារ ឬការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង។ កាបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយក្រុមប្រឹក្សា គណៈមេធាវី ចូលជួប និងសម្តែងការគួរសម នៅរសៀល ថ្ងៃទី២៧ ខែមករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថាៈ ខ្លឹមសារទាំង ៧ចំណុចនេះ គឺជាសារនយោបាយមួយដ៏សំខាន់ សម្រាប់បម្រើឲ្យការបោះឆ្នោត នៅពេលខាងមុខ។ ពាក់ព័ន្ធនឹងការលើកកម្រិត ចេញជាគោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះ ត្រូវតែធ្វើឡើង ជាសមូហភាព ដោយមានស្ថាប័នទាំងអស់ ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន ។

សម្ដេចក្រឡាហោម បានបន្តថាៈ ពេលនេះ យើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុង តាមខេត្ត ក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញ ក៏មានសង្កាត់ដូចគ្នាដែរ។ សម្ដេចបានបន្តថាៈ គោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ ។ សម្ដេច បានពន្យល់ទៀតថាៈ ការដាក់ច្បាស់ៗ នូវអ្វីដែលចង់បាន ក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយ កែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យ គ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេស សកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀន ជាដើម ដោយមានផ្នែកបន្ទាប់ ពន្យល់យ៉ាងលម្អិត។

យោងតាមសេចក្ដីព្រាង លក្ខណៈសម្បត្តិ គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានគោលបំណង បន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត គ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្ត ឱ្យមានការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅមូលដ្ឋាន ។ គ្រប់ចំណុចនៃ គោលនយោបាយនេះ គឺដើម្បីបង្កភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបាន ជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការ ចូលរួមជាមួយ សមត្ថកិច្ច ផ្នែកសាធារណៈ ផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស ៕/V

website_news/2021290101.txt · Last modified: 2021/01/29 12:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki