website_news:2021290103

IOM ស្នើឲ្យកម្ពុជា ដាក់បេក្ខភាពទទួលយកជ័យ លាភីទាក់ទងនឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

http://btv.com.kh/ 28/01/2021

ភ្នំពេញ ៖ អង្គការទេសន្តរប្រវេសក៍អន្តរជាតិ ដែលហៅកាត់ថា IOM បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដាក់បេក្ខភាពរបស់ខ្លួនប្រឡងជ័យលាភី ទាក់ទងនឹងករណី នៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ខណៈអង្គការនេះ បានមើលឃើញប្រទេសកម្ពុជា ជាប្រទេសមួយដែលស្វិតស្វាញ និងសកម្មបំផុតក្នុងការទប់ស្កាត់ការជួញដូរមនុស្សនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១នជ លោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា អង្គការ IOM បានជួយដល់ពលករខ្មែររងគ្រោះជាច្រើន ពីសំណាក់មេខ្យល់ ដែលបានបោកពួកគេឲ្យទៅធ្វើការនៅក្រៅប្រទេស ហើយអង្គការអន្តរជាតិមួយនេះ ក៏បានចូលរួមយ៉ាងសកម្មបំផុត ជាមួយប្រទេសកម្ពុជាផងដែរ ក្នុងកិច្ចការនេះ ដោយទទួលបានលទ្ធផលយ៉ាងច្រើន តាំងពីដើម រហូតដល់បច្ចុប្បន្ននេះ។ លោកជំទាវ បានអះអាងថា «អង្គការIOM បានមើលឃើញកិច្ចប្រឹងប្រែងរបស់កម្ពុជា សកម្មក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ហើយទទួលបានលទ្ធផលល្អ ហើយបានស្នើឲ្យកម្ពុជាដាក់ក្នុងបញ្ជីបេក្ខភាពក្នុងប្រទេសដែលទទួលបានជ័យលាភី នៅលើពិភពលោក ហើយករណីនេះ ហើយទាក់ទងនឹងការស្នើនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានចុះហត្ថលេខារួចហើយដែរ ដើម្បីដាក់បេក្ខភាពនេះ ប៉ុន្តែយើងមិនទាន់ដឹងថា នឹងត្រូវដាក់ នៅពេលណានោះទេ»។

ទាក់ទងនឹងការងារនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ–១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ លោកជំទាវ បន្ថែមថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួន ដូចជា ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម។ ជាងនេះទៅទៀត លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងទៀតថា ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ–១៩ វិបត្តិសេដ្ឋកិច្ច ពលករអត់ការងារធ្វើ ដោយមានការបិទរោងចក្រជាដើម ហើយទីបំផុតមានពលករខ្មែរត្រឡប់មកវិញ ជាង១៣ម៉ឺននាក់។ ប៉ុន្ដែឱកាសនេះឯង ដែលជនជួញដូរមនុស្សគេឆ្លៀតឱកាសនេះ ដើម្បីយកផលចំណេញពី កម្មករ-កម្មការិនី ដែលអត់ការងារធ្វើ ដូច្នេះ សមត្ថកិច្ចត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាតការនាំមនុស្សចេញដោយខុសច្បាប់ ខណៈបញ្ហានេះ នៅបន្តមាននៅឡើយនោះ៕ អត្ថបទ ៖ បានចក់

website_news/2021290103.txt · Last modified: 2021/01/29 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki