website_news:2021290104

លោកជំទាវ ជូ ប៊ុនអេង ៖ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ជួយជនរងគ្រោះ និងការអនុវត្តច្បាប់

https://www.cen.com.kh/ January 29, 2021

ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួន ដូចជា ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម។

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការចូលរួម អគ្គលេខាធិការរង នៃគ.ជ.ប.ជ អភិបាលរងរាជធានី-ខេត្ត ស្នងការងរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគ.ជ.ប.ជ បានលើកឡើងថា របាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២០ គឺជារបាយការណ៍ជាតិ ដូច្នេះអ្នកចូលកិច្ចប្រជុំនាពេលនេះ ត្រូវតែពិភាក្សាឲ្យបានត្រឹមត្រូវបំផុត ហើយដាក់គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ពិនិត្យ និងសម្រេច ដើម្បីចេញផ្សាយជូនសាធារណៈជនឲ្យបានជ្រាប់ជាព័ត៌មានផងដែរ។ លោកជំទាវបន្ដថា ក្នុងឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ស្ថាប័ន រាជធានី-ខេត្ត បានបន្ដសកម្មភាពរបស់ខ្លួនទៅតាមទិសដៅដែលបានគ្រោងទុក ទោះបីមានបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ។ លោកជំទាវ បន្ថែមថា ដើម្បីឲ្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា មានប្រសិទ្ធភាព ភាគីពាក់ព័ន្ធត្រូវប្រកាន់គោលការណ៍សកម្មភាពមួយចំនួន ដូចជា ការបង្ការទប់ស្កាតអំពើជួញដូរមនុស្ស, ជួយជនរងគ្រោះ និងការអនុវត្តច្បាប់ជាដើម។ ជាងនេះទៅទៀត លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានលើកឡើងបន្តថា ក្នុងដំណាក់កាលកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ពលករអត់ការងារធ្វើ ដោយមានការបិទរោងចក្រជាដើម ហើយទីបំផុតមានពលករខ្មែរត្រឡប់មកវិញ ជាង១០ម៉ឺននាក់។ ប៉ុន្ដែឱកាសនេះឯង ដែលជនជួញដូរមនុស្សគេឆ្លៀតឱកាសនេះ ដើម្បីយកផលចំណេញពី កម្មករ-កម្មការិនី ដែលអត់ការងារធ្វើ ដូច្នេះ សមត្ថកិច្ចត្រូវមានវិធានការបន្ថែមទៀត ដើម្បីទប់ស្កាតការនាំមនុស្សចេញដោយខុសច្បាប់។

របាយការណ៍ថ្នាក់ជាតិ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ បានឆ្លុះបញ្ចាំងអំពីកិច្ចការងារបង្ការទប់ស្កាត់ អនុវត្តច្បាប់ យុត្តិធម៌ និងកិច្ចសហការគ្នារវាងក្រសួង ស្ថាប័ន អង្គភាពសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិកាថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងង្គការដៃគូរទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួម។ លោកជំទាវបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយរាល់បញ្ហាប្រឆាំងបទល្មើសជួញដូរមនុស្ស និងជួយផ្គត់ផ្គង់គាំទ្រទៅដល់ពលករទេសន្តរប្រវេសន៍ដែលបានវិលត្រលប់ តាមរយៈគម្រោងរួមគ្នារវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងដំណាក់កាលការរីករាលដាលកូវីដ-១៩ ជាសកល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021290104.txt · Last modified: 2021/01/29 12:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki