website_news:2021290107

ពលករមកពីថៃ ចាប់ផ្ដើមស្វែងរកការងារធ្វើតាមរយៈមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង

http://btv.com.kh/ 27/01/2021

បាត់ដំបង ៖ មន្ត្រីនៃមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង បានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយដល់មូលដ្ឋានជាបន្តបន្ទាប់ ស្ដីពីការផ្ដល់ឱកាសការងារដល់ពលរដ្ឋ ឬពលករបាត់បង់ការងារធ្វើ ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ គឺពលរដ្ឋ និងពលករ ច្រើនជាងមុន ចាប់ផ្ដើមចាប់អារម្មណ៍សួរនាំ ឬទាក់ទង ដើម្បីបានការងារធ្វើ។

អ្នកស្រី ស៊ឹម ស៊ីសូលី ប្រធានមជ្ឈមណ្ឌលការងារខេត្តបាត់ដំបង បានប្រាប់BTVថា បច្ចុប្បន្ន នៅក្នុងខេត្តនេះ មានការងារជាង៥០០កន្លែង ត្រៀមសម្រាប់ផ្ដល់ជូនពលរដ្ឋ ពលករ ឬសិស្សនិស្សិត ដែលគ្មានការងារធ្វើ ដែលកន្លែងការងារទាំងនោះ មាននៅតាមស្ថាប័នឯកជន ដូចជា មីក្រូហិរញ្ញវត្ថុ អង្គការ និងហាងលក់ទំនិញ ។ល។ អ្នកស្រី បានបញ្ជាក់ថា ការងារគឺនឹងផ្ដល់ជូនចំពោះតែពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយមិនគិតកម្រិតវប្បធម៌នោះទេ តាមលទ្ធភាព ឬសមត្ថភាពរបស់បុគ្គលម្នាក់ៗ ទើបមជ្ឈមណ្ឌលការងារបញ្ជូនទៅកន្លែងការងារនីមួយៗ ដែលគេចង់បាន។ អ្នកស្រី បានបន្ថែមថា ពេលអាជ្ញាធរ និងក្រុមការងារចុះផ្សព្វផ្សាយពីការផ្ដល់ឱកាសការងារនៅមូលដ្ឋាន មិនទាន់ជួបពលករផ្ទាល់នោះទេ ប៉ុន្តែបន្ទាប់ចេញពីធ្វើចត្តាឡីស័ក ពួកគេ បានទាក់ទងជាបន្តបន្ទាប់ តាមរយៈព័ត៌មានដឹងពីឪពុកម្ដាយ ឬសាច់ញាតិ ដើម្បីស្វែងការងារធ្វើ។ អ្នកស្រី ស៊ឹម ស៊ីសូលី បានអំពាវនាវ និងជំរុញឱ្យពលរដ្ឋ ពលករ និងសិស្សនិស្សិត ដែលពុំមានការងារធ្វើ ធ្វើការទំនាក់ទំនងជាមួយមជ្ឈមណ្ឌលការងារ រៀងរាល់ពេលម៉ោងធ្វើការ ឬតាមប្រព័ន្ធទូរស័ព្ទ ដើម្បីសាកសួរពីកន្លែងការងារ ខណៈខេត្តនៅជិតៗបាត់ដំបង ដែលគ្មានមជ្ឈមណ្ឌលការងារទេនោះ ក៏អាច មកទាក់ទងនៅខេត្តបាត់ដំបងបានដែរ។

ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងសហគមន៍ ខេត្តសាមុទសាខន ប្រទេសថៃ មានពលករទើបត្រឡប់មកពីប្រទេសថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនជាង ៣៥០០នាក់ អ្នកបញ្ចប់ការធ្វើចត្តាឡីស័ក អនុញ្ញាតឲ្យទៅផ្ទះ ចំនួនជាង២២០០នាក់ កំពុងធ្វើចត្តាឡីស័កចំនួន៩៩០នាក់ និងការធ្វើសំណាកចំនួនជាង៣៣០០នាក់៕ អត្ថបទ ៖ បាន សុខរិទ្ធ

website_news/2021290107.txt · Last modified: 2021/01/29 12:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki