website_news:2021290108

បំណុលគឺជាមូលហេតុចំបងដែលធ្វើឲ្យប្រជាជនកម្ពុជាស្វែងរកការងារធ្វើនៅប្រទេសថៃ

https://www.khmertimeskh.com/ Khmer Times January 27, 2021

បំណុលដែលមិនអាចដោះស្រាយបាន គឺជាហេតុផលចំបងមួយក្នុងចំណោមហេតុផលផ្សេងដែលប្រជាជនកម្ពុជាជាច្រើនបានបង្ខំចិត្តចាកចេញពីផ្ទះ និងស្វែងរកការងារធ្វើនៅតាមព្រំដែនថៃ។ ការរកឃើញនេះត្រូវបានបង្ហាញឲ្យដឹងនៅក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( សង់ត្រាល់ ) លើពលករចំណាកស្រុកចំនួន ៤៧២ នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង កាលពីខែកញ្ញា ឆ្នាំមុន។ ហេតុផលផ្សេងទៀតដែលត្រូវបានលើកឡើងក្នុងចំណោមអ្នកមួយចំនួនផ្សេង គឺការមិនមានការងារធ្វើ និងភាពក្រីក្រខ្លាំង។

ក្នុងអំឡុងពេលនៃការស្ទង់មតិ សំណួរទីមួយគឺ ហេតុអ្វីបានជាអ្នកធ្វើចំណាកស្រុក? (ពីកម្ពុជាទៅថៃ) ការឆ្លើយតបដែលទទួលបានចំនួន ៣ ធំៗគឺការជំពាក់បំណុល (អ្នកឆ្លើយតប ៣០៩ នាក់ ស្មើនឹង៦៥,៥ ភាគរយ) ភាពអត់ការងារធ្វើ (អ្នកឆ្លើយតប ២៩៥ នាក់ ស្មើនឹង៦២.៥ ភាគរយ) និងភាពក្រីក្រខ្លាំង (អ្នកកឆ្លើយតប ២៦៦ នាក់ ស្មើនឹង៥៦.៣ ភាគរយ) ។ ហេតុផលផ្សេងទៀតរួមមានដីស្រែតិចពេក (អ្នកឆ្លើយតប ២១១ នាក់ ស្មើនឹង៤៥ ភាគរយ) មិនមានដីស្រែ (អ្នកឆ្លើយតប ២១២ នាក់ស្មើនឹង១១ ភាគរយ) និងត្រូវការចំណូលបន្ថែម (អ្នកឆ្លើយតប ១៧៥ នាក់ ស្មើនឹង៣៧,១ ភាគរយ) មិនទទួលបានប្រាក់ចំណេញពីផលិតផលរបស់ពួកគេ (អ្នកឆ្លើយតប ៤៤ នាក់ ស្មើនឹង ៩,៣ ភាគរយ) និងខ្លះទៀតឆ្លងព្រំដែនទៅតាមគេ (អ្នកឆ្លើយតប ៣៨ នាក់ ស្មើនឹង១១ ភាគរយ) ។

សង់ត្រាល់ប៉ាន់ស្មានថាមានពលករចំណាកស្រុកចំនួន ២ លាននាក់នៅក្នុងប្រទេសថៃ ដែលជាប្រទេសមានចំនួនដ៏ច្រើនបំផុតនៃពលករចំណាកស្រុកកម្ពុជា។ ការប្រមូលផ្តុំពលករចំណាកស្រុកធំជាងគេទី ២ គឺនៅប្រទេសម៉ាឡេស៊ីដែលមានចំនួនពលករចំណាកស្រុកប្រមាណ ១១ ម៉ឺននាក់។ សង់ត្រាល់ជឿជាក់ថា មានពលករដែលមានឯកសារប្រហែល ១ ៦០០ ០០០ នាក់និងពលករគ្មានឯកសារចំនួន ៤០០ ០០០ នាក់នៅក្នុងប្រទេសថៃ។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់បាននិយាយថាឯកសារពលករចំណាកស្រុករាប់រយរាប់ពាន់នាក់នឹងផុតកំណត់នៅថ្ងៃទី ៣១ ខែមីនាឆ្នាំនេះហើយភាគច្រើននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដែលមូលហេតុដោយសារតែឱកាសតិចតួចដែលពួកគេមានក្នុងការបន្តឯកសាររបស់ពួកគេទាន់ពេលវេលា។

យោងតាមបទបង្ហាញដែលសង់ត្រាល់បានផ្តល់ជូនកាសែតខ្មែរថាមស៍ អង្គការក្រៅរដ្ឋាភិបាលបានរកឃើញថាជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ពលករចំណាកស្រុកកម្ពុជាតាមមធ្យោបាយមួយចំនួននៅក្នុងប្រទេសថៃពោលគឺអ្នកខ្លះត្រូវបានបញ្ឈប់ពីការងារដោយគ្មានសំណង អ្នកខ្លះមានប្រាក់ចំណូលតែត្រូវកាត់ម៉ោងធ្វើការ ចំណែកខ្លះទៀតបាត់បង់ការងារនៅពេលរោងចក្ររបស់ពួកគេត្រូវបានបិទ។ យោងតាមសង់ត្រាល់ អ្នកផ្សេងទៀតមិនអាចដាក់ពាក្យសុំឯកសារស្របច្បាប់បានទេ ខណៈការជួញដូរ និងកេងប្រវ័ញ្ចកម្លាំងពលកម្មបានកើនឡើង។ សង់ត្រាល់បានប៉ាន់ប្រមាណថាកាលពីឆ្នាំមុនមានពលករចំណាកស្រុកប្រហែល ១៣០ ០០០ នាក់វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពួកគេប្រឈមនឹងថ្លៃដឹកជញ្ជូនខ្ពស់ក៏ដូចជាថ្លៃដើមផ្សេងទៀតដែលទាក់ទងនឹងការវិលត្រឡប់ដូចជាការដឹកទំនិញ។ ជាការឆ្លើយតបទៅនឹងការរកឃើញនេះ សង់ត្រាល់បានចេញនូវអនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលដែលរួមមានការផ្តល់ដីកសិកម្មក៏ដូចជាការបណ្តុះបណ្តាលជំនាញ។ អង្គការមិនមែនរដ្ឋាភិបាលបានស្នើឲ្យធានានូវតម្លៃទំនិញដែលផលិតដោយកសិករ និងធ្វើឲ្យដំណើរការជ្រើសរើសពលករចំណាកស្រុកមានលក្ខណៈស្តង់ដារ។

សង់ត្រាល់ក៏បានធ្វើការតស៊ូមតិសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់ ដោយភាពក្រីក្រ ដើម្បីត្រូវបានគេកំណត់ថាជាជនក្រីក្រដើម្បីឲ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល។ សង់ត្រាល់ក៏បានស្នើសុំព្យួរការទូទាត់ទៅធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុផងដែរ។ លោក ថេហូយ៉ា និយាយថាសំណាញ់សុវត្ថិភាពសង្គមមិនត្រូវបានផ្តល់ជូនដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញទេ។ នៅពេលត្រូវបានសួរថាតើជម្រើសអ្វីដែលពលករដែលបានវិលត្រឡប់នោះមាន លោកថា៖ «នៅកម្ពុជាពួកគេអាចធ្វើស្រែ។ អ្នកមួយចំនួនធ្វើចំណាកស្រុកទៅភ្នំពេញដើម្បីរកការងារធ្វើ។ សម្រាប់អ្នកណាដែលមិនមានការងារ ឬស្រែធ្វើ ពួកគេត្រូវបង្ខំចិត្តត្រឡប់ទៅប្រទេសថៃវិញ»។ មិនអាចទាក់ទងសុំការអត្ថាធិប្បាយមន្រ្តីក្រសួងការងារបានទេ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021290108.txt · Last modified: 2021/01/29 12:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki