website_news:2021290110

អាជ្ញាធរកម្ពុជា-ថៃ ចុះចែកអំណោយដល់ពលករខ្មែរ ៧០គ្រួសារ ដែលរងផលប៉ះពាល់ ពីជំងឺកូវីដ១៩

https://dap-news.com/ ByKD102 Posted on January 27, 2021

ភ្នំពេញ៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ខេត្តសាមុទ្រប្រាកាន ដែលមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានចុះចែកអំណោយជាគ្រឿង ឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង ៣០នាក់ ដែលរងផលប៉ះពាល់ដោយសារ ការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន ។ ទន្ទឹមនេះ លោកទូតក៏បានពាំនាំនូវ ការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោករដ្ឋមន្រ្តីការងារ អ៊ិត សំហេង ដែលតែងតែយកចិត្តទុកដាក់និងគិតគូរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំ ឲ្យស្ថានទូតជួយពលរដ្ឋខ្មែរ នៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។

ក្នុងនោះ លោកឯកអគ្គរាជទូត បានណែនាំបងប្អូនពលករ បន្តចូលរួមសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាលថៃ អោយបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីបងប្អូនពលករ មានបញ្ហាសូមធ្វើការទំនាក់ទំនង មកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីជួយដោះស្រាយបងប្អូន ៕

website_news/2021290110.txt · Last modified: 2021/01/29 12:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki