website_news:2021290301

កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៃប្រទេសជយលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព

https://www.postkhmer.com/ នៅ ស៊ីវុត្ថា | Publication date 28 March 2021 | 10:35 ICT

ភ្នំពេញ៖ កម្ពុជា ត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីនៃប្រទេសជយលាភី ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Global compact for safe, Orderly and Regular Migration-GCM) ដោយអង្គការសហប្រជាជាតិ ស្តីពីទេសន្តរប្រវេសន៍ (UN Network Migration) ក្នុងចំណោមប្រទេសសរុបចំនួន១៨ លើសកលលោក។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ថ្លែងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ការសម្រេចនេះជាកិត្តិយស និងជាមោទនភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានពុះពារគ្រប់បែបយ៉ាង ដើម្បីដោះស្រាយបញ្ហាប្រឈមការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍របស់ប្រជាពលរដ្ឋ។ លោកស្រីថ្លែងថា ការចំណាកស្រុក ឬទេសន្តរប្រវេសន៍របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ បានក្លាយជា ប្រធានបទដ៏ក្តៅគគុកមួយ សម្រាប់ពិភពលោក ដែលត្រូវប្រឈមដោះស្រាយ ដោយសារតែការកើនឡើងនូវបរិមាណនៃជនធ្វើទេសន្តរប្រវេសន៍ទាំងស្របច្បាប់ និងមិនស្របច្បាប់។ ជនចំណាកស្រុក ឬជនទេសន្តរប្រវេសន៍ បានប្រឈមនឹងភាពរងគ្រោះកាន់តែច្រើនឡើង និងត្រូវក្លាយជាបន្ទុករបស់ប្រទេសប្រភព និងប្រទេសគោលដៅ លើការងារគ្រប់គ្រង ការរ៉ាប់រងនូវសេវាសន្តិសុខសង្គម ការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការដោះស្រាយវិបត្តិនៃការរំលោភបំពានអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើមនុស្សរហូតក្លាយជាទាសភាព ការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព និងក្លាយជាកូនជញ្ជីងនយោបាយយ៉ាងស្រួចស្រាល់ ប្រសិនបើត្រូវគេប្រើប្រាស់។

លោកស្រីបញ្ជាក់ថា៖«ការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោកនេះមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហានានា ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទាញយកឱកាសពីការធ្វើចំណាកស្រុកឱ្យក្លាយជាកាលានុវត្តភាព សម្រាប់ប្រជាជន និងប្រទេសជាតិ»៕

website_news/2021290301.txt · Last modified: 2021/03/29 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki