website_news:2021290302

កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនជនសង្ស័យជាមេខ្សល់ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់

http://cambodiapolice.com/policekh/ 11:40 am 26 មីនា 2021

បន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្សល់ម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ជាប់ពាក់ព័ន្ធពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនសង្ស័យជាមេ ខ្យល់ឈ្មោះ ទូច សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជននេះត្រូវបានកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសិករងស្រុកម៉ាឡៃ ឃាត់ខ្លួននៅវេលាម៉ោង០នឹង៣០នាទីឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះដកហូត បានៈ រថយន្ត០១គ្រឿង ម៉ាកកាម៉ារី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2F-5584 មានដឹកពលករខ្មែរចំនួន០៥នាក់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងទៅប្រទេសថៃ។ លោកអធិការបានបញ្ជាក់ថា៖ ឆ្លងតាមការបំភ្លឺរបស់ពលករទាំង០៥នាក់ បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្ស០១នាក់(មិនស្គាល់អត្តសញ្ញាណ) ខលតាមទូរស័ព្ទប្រាប់ឲ្យរងចាំបន្តិចទៀតមានរថយន្តមកដឹក ពេលនោះមានរថយន្ត០១គ្រឿងម៉ាកកាម៉ារី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2F-5584 មកដឹកពួកខ្លួនទាំង០៥នាក់ ពីស្រុកសំពៅលូន មកកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងទៅប្រទេសថៃ ដោយក្នុង០១នាក់ គេយកថ្លៃ៥០០បាត លុះមកដល់នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ អ្នកបើកឡានឈ្មោះទូច សម្បត្តិនេះ បានឈប់ឡានបើកទ្វារឲ្យពួកខ្លួនរត់ ប៉ុន្តែរត់រួចតែ០២នាក់ ចំណែក០៣នាក់ទៀតចេញពីឡានមិនរួចព្រោះទាស់និងដល់អ្នកបើកបររថយន្តដាក់បង្កប់ដើម្បីលាក់ពលករ។

អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា៖បើតាមចម្លើយ របស់ ជនសង្ស័យឈ្មោះ ទូច សម្បត្តិ បានសារភាពថា ខ្លួនពិតជាបានទំនាក់ទំនងនិងដឹកពលករទាំង០៥នាក់នោះមែន ដោយ០១នាក់គេយកតម្លៃ៥០០បាត ពីស្រុកសំពៅលូន មកស្រុកម៉ាឡៃ និងបានបើកទ្វារឡានឲ្យពលកររត់នៅពេលឃើញសមត្ថកិច្ច ។ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជនបានបញ្ជាក់ផងដែរ ដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៥នាក់និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទូច សម្បត្តិ បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះហើយដែរ៕

website_news/2021290302.txt · Last modified: 2021/03/29 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki