website_news:2021290303

បញ្ជូនខ្លួនមេខ្យល់ចំនួន០២នាក់ នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

https://gntimes.com/news/ ថ្ងៃ ២៨ ខែ មិនា , ឆ្នាំ ២០២១, (Update on March 28, 2021 at 4:37 pm)

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។ នគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ៖ ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ សៀង ម៉ាច ភេទប្រុស អាយុ៣០ឆ្នាំ ទី២-ឈ្មោះ ថេង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង០២ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យទាំង០២នាក់នេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧យប់ បានលួចនាំពលករចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់ចំនួន០៤នាក់ ស្រី០៣នាក់ នៅចំណុចក្រោលគោនិងគុម្ពប្ញស្សី ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួន ទាំងពលករ និងមេខ្យល់មកអធិការដ្ឋាន ដើម្បីសួរនាំ ។ នគរបាលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចពលករទាំង០៤នាក់ បានឆ្លើយថា ខ្លួនត្រូវបានឈ្មោះ សៀង ម៉ាច និងឈ្មោះ ថេង ចិន្តា ជាមេខ្យល់ នាំទៅលាក់ខ្លួននៅក្រោលគោក្រោយរបស់គេ រួចមកបន្តទៅលាក់ខ្លួននៅគុម្ពប្ញស្សីទៀត ដែលនៅក្រោយភូមិ ដើម្បីត្រៀមចេញដំណើរឆ្លងទៅថៃ លុះដល់ម៉ោង៧យប់ ថ្ងៃដដែលក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ ថេង ចិន្តា បានសារភាពថា ខ្លួនត្រូវឈ្មោះ សៀង ម៉ាច ឲ្យនៅមើល និងគ្របគ្រងពលករចំណាកស្រុកដែលបានលាក់ខ្លួននៅក្រោលគោ ហើយផ្លាស់ទៅនៅគុម្ពប្ញស្សីចល័តចុះឡើង ដើម្បីត្រៀមឆ្លងដែនទៅថៃ ។ ចំណែកឈ្មោះ សៀង ម៉ាច បានសារភាពថា ខ្លួនពិតជាបានលាក់ពលករចំណាកស្រុកចាប់ពី០៨ ទៅ០៩នាក់ នៅក្រោលគោ និងចល័តទៅគុម្ពប្ញស្សីក្រោយភូមិ ដើម្បីត្រៀមចេញទៅថៃពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យបញ្ជាក់ថា៖ ដោយផ្អែកតាមការបំភ្លឺរបស់ពលករ និងចម្លើយសារភាពរបស់ជនសង្ស័យ ជាមេខ្សល់ឈ្មោះសៀង ម៉ាចនិង ឈ្មោះ ថេង ចិន្តា កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនទាំង០២នាក់នេះទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

website_news/2021290303.txt · Last modified: 2021/03/29 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki