website_news:2021290401

លោក ស ខេង ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយខេត្តជាប់ព្រំដែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែន

https://www.postkhmer.com/ មុំ គន្ធា 28 April 2021 | 18:47 ICT

ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវសហការជាមួយបណ្តាខេត្តដែលនៅជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ស្រាវជ្រាវបង្ក្រាប បណ្តាញមេខ្លោង និងមេខ្យល់ក្នុងប្រទេស ដែលធ្វើសកម្មភាពនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនខុសច្បាប់។ ការណែនាំនេះត្រូវបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃនៅតែកត់សម្គាល់ឃើញមានករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេខ្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេខ្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ។

យោងតាមសេចក្តីណែនាំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ដែលចុះហត្ថលេខាដោយលោក ស ខេង នៅថ្ងៃពុធ ទី ២៨ ខែមេសានេះ បានលើកឡើងផងដែរ ពីសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូល ភូមិសាស្ត្របិទខ្ទប់ ដោយគេចចេញពីការធ្វើចត្តាឡីស័ក។ លោក ស ខេង បានឱ្យដឹងតាមរយៈសេចក្តីណែនាំនេះថា៖ «ត្រូវបន្តខិតខំសហការស្រាវជ្រាវលុបបំបាត់ឱ្យបានជាដាច់ខាតនូវការលួចចេញ-ចូល តាមច្រកមិនផ្លូវការនៅតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងធ្វើការពិនិត្យ និងរៀបចំនូវកម្លាំងឈរជើងឱ្យបានសមស្រប ដើម្បីល្បាតត្រួតពិនិត្យទប់ស្កាត់ការលួចចេញ-ចូលឆ្លងកាត់ព្រំដែន ដោយខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដែលមានភូមិសាស្ត្រស្មុគស្មាញ»។ លោក ស ខេង ក៏បានណែនាំទៅអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងត្រូវពង្រឹងមន្ត្រី និងកម្លាំងមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនទ្វេភាគី និងច្រកទ្វារតំបន់ព្រំដែនឱ្យបង្កើនការទទួលខុសត្រូវ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបការចេញ-ចូល ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានស្នើផងដែរ ឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការគ្រប់គ្រងជនបរទេស និងត្រូវអនុវត្តន៍វិធានការច្បាប់តឹងរ៊ឹង ធ្វើការបណ្តេញចេញពីកម្ពុជាចំពោះជនបរទេសដែលជ្រៀតចូលមកក្នុងប្រទេសដោយខុសច្បាប់ និងជនបរទេសដែលល្មើសនឹងវិធានការធ្វើចត្តាឡីស័ក។ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរភូមិ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក៏ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការចេញ-ចូល ស្នាក់នៅរបស់ជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។

នៅថ្ងៃម្សិលមិញនេះ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានប្រាប់ថា ការស្វែងរកនូវវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពរត់ពន្ធមនុស្សឆ្លងដែនដោយខុសច្បាប់ ស្របពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នេះ ដោយសារក្នុងរយៈកាលនេះ មានសកម្មភាព ដែលក្រសួងទទួលបាននូវព័ត៌មានទាក់ទងនឹងការឆ្លងដែននេះ។ លោកថា៖ «ដោយសារតែមូលហេតុនេះហើយ បានជាយើងមានការរៀបចំកិច្ចប្រជុំនេះ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប។ យើងផ្តោតសំខាន់លើការរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន (ពីប្រទេសមួយទៅប្រទេសមួយ)»៕

website_news/2021290401.txt · Last modified: 2021/04/29 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki