website_news:2021290402

ប៉េអឹមបង្ក្រាបករណីជួញដូរមនុស្ស និងឆ្លងដែនខុសច្បាប់ ឃាត់ខ្លួនជនបរទេសជិត២០០នាក់ និងមេខ្យល់ ១០នាក់

https://cen-news.com/ ByPen Srey Neat April 28, 2021

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្លាំងកងរាជវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា អាវុធហត្ថខេត្តស្វាយរៀង បានឃាត់ខ្លួនជនបរទេសជិត ២០០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ពីវៀតណាមចូលមកកម្ពុជា។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងសណ្ឋាគារ “ផ្ទះល្វែងសណ្ឋាគារបួនរដូវ” និងនៅសណ្ឋាគារ GP ហូលីដេ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២១។ មន្ត្រីដដែលបានបន្តថា ប្រតិបត្តិការបង្ក្រាបនៅក្នុងសណ្ឋាគារ “ផ្ទះល្វែងសណ្ឋាគារបួនរដូវ” សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមចំនួន ១០៤នាក់ , ជនជាតិចិនចំនួន ៧៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ និងនៅក្នុងសណ្ឋាគារ GP ហូលីដេ រកឃើញជនជាតិចិនចំនួន ៨នាក់។ សរុបទាំងពីរសណ្ឋាគាររកឃើញជនបរទេសចំនួន ១៨៧នាក់។ ប្រភពបានបញ្ជាក់ថា កម្លាំងអាវុធហត្ថក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៤នាក់ , ចិន ៥នាក់ និងវៀតណាម ១នាក់។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍នៅព្រលប់ថ្ងៃទី២៨ មេសានេះថា ដោយមានការទទួលព័ត៌មានថា មានការប្រមូលផ្តុំមនុស្សនៅក្នុងសណ្ឋាគារ នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ដោយមានការសង្ស័យកម្លាំងកងរាជអាវុធហត្ថបានធ្វើការត្រួតពិនិត្យ តាមរយៈការត្រួតពិនិត្យនេះ គឺរកឃើញមានមនុស្សជិត ២០០នាក់ គឺមានចិន ឥណ្ឌូនេស៊ី និងវៀតណាម។ ក្រោយពេលដែលសួរនាំ គឺពួកគេបានឆ្លងដែនពីវៀតណាម ចូលមកកម្ពុជា ដោយបានពួនសម្ងំនៅក្នុងសណ្ឋាគារ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ចំពោះករណីនេះ កម្លាំងមានសមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធី ដោយសារជនបរទេសទាំងនោះ ជាជនអន្តោប្រវេសន៍ចូលមកដោយខុសច្បាប់បែបនេះ គឺខាងកងរាជអាវុធហត្ថ អត់មានតួនាទីជាអន្តោប្រវេសន៍ទេ និងកំពុងតែរៀបចំសំណុំបែបបទ ដើម្បីធ្វើការចោទប្រកាន់នៅក្នុងក្របខ័ណ្ឌដែលចូលមកកម្ពុជាខុសច្បាប់។

ដោយឡែក ចំពោះជនជាតិវៀតណាម គឺអាវុធហត្ថបានទាក់ទងជាមួយខាងភាគីវៀតណាម ដោយភាគីទាំងពីរបានឯកភាពគ្នា បញ្ជូនជនជាតិវៀតណាម ឲ្យទៅភាគីវៀតណាមវិញ យកទៅធ្វើចត្តាឡីស័ក ឬក៏អនុវត្តច្បាប់នៅក្នុងប្រទេសវៀតណាមតែម្តង។ ចំណែកជនជាតិដទៃទៀត គឺត្រូវធ្វើចត្តាឡីស័ក នៅក្នុងទឹកដីកម្ពុជាសិន ទើបបន្តអនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021290402.txt · Last modified: 2021/04/29 11:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki