website_news:2021290403

ចាប់ឃាត់ខ្លួនជនជាតិវៀតណាម និងជនជាតិចិន ឆ្លងដែនខុសច្បាប់ ប្រមាណជាង១២០នាក់ ទាំងមេខ្យល់ នៅក្រុងបាវិត

https://cen-news.com/ ByPen Srey NeatApril 28, 2021

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបង្ហើបឲ្យដឹងកាលពីព្រលប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១នេះថា មេខ្យល់នាំជនជាតិវៀតណាម និងជនជាតិចិន ស្រីប្រុសប្រមាណ១៣០នាក់ ចេញពីប្រទេសវៀតណាម ឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ សង្ស័យចូលតាមស្លាបច្រកទ្វាព្រំដែនអន្តរជាតិបាវិត(ក្នុងនោះគឺមានមេខ្យល់ជាជនជាតិចិន១១នាក់)ហើយសមត្ថកិច្ចកំពុងដាក់ការសង្ស័យថាមានមេខ្យល់ជាជនជាតិខ្មែរនៅពីរក្រោយករណីខាងលើនេះ។

តាមប្រភពខាងលើបានឲ្យដឹងទៀតថា: មេខ្យល់ជាជនជាតិចិន ចំនួន១១នាក់ បានលួចនាំជនជាតិវៀតណាម និងជនជាតិចិន១១២នាក់ ចេញពីប្រទេសវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ដោយឲ្យស្នាក់នៅក្នុងសណ្ឋាគារ ដែលមានយីហោ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ដែលគេស្គាល់ថា ម្ចាស់សណ្ឋាគារ គឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពដដែលបន្តទៀតថា: ករណីខាងលើនេះកើតឡើង កាលពីយប់ថ្ងៃទី២៦ មេសា ២០២១ ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកងរាជអាវុធហត្ថក្រុងបាវិត បានដើរល្បាតក៏ប្រទះឃើញ ជនជាតិវៀតណាម និងជនជាតិចិនស្រី ប្រុស ប្រមាណជាង១០០នាក់ បានកំពុងចុះពីលើម៉ូតូ ដើរចូលក្នុងសណ្ឋាគារ «ផ្ទះសំណាក់សណ្ឋាគារបួនរដូវ» ដោយមានការសង្ស័យក៏ឃាត់សាកសួរ រហូតចាប់ឃាត់ខ្លួនជនសង្ស័យ១១នាក់ ជាជនជាតិចិន មកធ្វើការសាកសួរនិងឆែកឆេរ សណ្ឋាគារខាងលើរកឃើញ ជនជាតិវៀតណាម និងជនជាតិចិនស្រី ប្រុស១១២នាក់ផ្សេងទៀត ដែលពួកគេទើបតែចេញពីប្រទេសវៀតណាម ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ខេត្តស្វាយរៀង។

ករណីខាងលើនេះ នៅព្រលប់ថ្ងៃទី២៧ មេសា ២០២១ សមត្ថកិច្ចបានហៅជនជាតិវៀតណាម និងជនជាតិចិន១១២នាក់ យកសំណាកពេញមួយថ្ងៃ រហូតដល់យប់ជ្រៅ ឈានចូលថ្ងៃទី២៨មេសានេះ នៅកំពុងបន្តការងារយកសំណាក និងដាក់ជនជាតិវៀតណាម និងជនជាតិចិនទាំងអស់ខាងលើ ឲ្យនៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅក្នុងសណ្ឋាគារ «ផ្ទះសំណាក់សណ្ឋាគារបួនរដូវ» តែម្តង។ រីឯប្រភពពីមន្ត្រីម្នាក់ឲ្យដឹងថា តាមពិតជនជាតិវៀតណាម និងជនជាតិចិនខាងលើនេះ គឺជាបុគ្គលិកកាស៊ីណូមួយនៅក្នុងក្រុងបាវិតនេះ ដោយមួយចំនួន មានសៀវភៅការងារ មិនទាន់ហួសសុពលភាព គឺមានន័យថា ជនជាតិវៀតណាមខាងលើ ធ្វើការនៅកាស៊ីណូ ពេលរាជរដ្ឋាភិបាលបិទកាស៊ីណូ ជនជាតិវៀតណាមទាំងនោះ បានត្រឡប់ទៅប្រទេសវៀតណាមវិញ ខណៈរាជរដ្ឋាភិបាលប្រកាសបើកតំបន់ទេសចរណ៍ ឲ្យដំណើការវិញទូទាំងប្រទេស វៀតណាម និងចិន ខាងលើក៏បានលួចឆ្លងដែន ពីប្រទេសវៀតណាម ចូលមកក្រុងបាវិតវិញ ដើម្បីចូលធ្វើការនៅក្នុងកាស៊ីណូវិញ ។

ក៏ប៉ុន្តែខណៈពេលដែលចូលមកស្នាក់នៅ ក្នុងសណ្ឋាគារ ផ្ទះល្វែងសណ្ឋាគារបួនរដូវ ក៏ត្រូវកងរាជអាវុធហត្ថ ឃាត់សួរនាំ ហើយម្ចាស់សណ្ឋាគារ ជាជនជាតិចិន១១នាក់ បានចេញមករារាំង ទើបមានការចាប់ខ្លួនបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីសួរនាំតាមនីតិវិធី និងយកសំណាករួច នៅថ្ងៃទី២៨មេសា២០២១នេះ បានបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់គ្រូបង្រៀនរយៈ១៤ថ្ងៃ ដើម្បីតាមដានទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ទៅសហគមន៍។ ក៏ប៉ុន្តែការចោទប្រកាន់ ឬយ៉ាងណានោះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ច បានទេនៅរសៀលថ្ងៃទី២៨មេសានេះ ដោយសមត្ថកិច្ចឆ្លើយតបអ្នកសារព័ត៌មានថា សមត្ថកិច្ចកំពុងបន្តនីតិវិធី មិនអាចផ្តល់ព័ត៌មានបានទេ៕រក្សាសិទ្ធិដោយ៖វ៉ៃកូ

website_news/2021290403.txt · Last modified: 2021/04/29 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki