website_news:2021290404

ពលករខ្មែរបារម្ភពីសុវត្ថិភាពក្រោយផ្ទុះជំងឺកូវីដ-១៩ កាន់តែច្រើននៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2021-04-28

ក្រុមពលករខ្មែរធ្វើការនៅប្រទេសថៃ លើកឡើងថា ការរាតត្បាតជំងឺកូវីដនៅប្រទេសថៃអំឡុងពេលនេះមានសន្ទុះខ្លាំងខ្លាជាងពេលកន្លងទៅហើយគួរឱ្យព្រួយបារម្ភដោយសារជំងឺនេះបានឆ្លងចូលសហគមន៍យ៉ាងឆាប់រហ័ស។ពលករធ្វើការសំណង់នៅទីក្រុងបាងកកលោក នាង ស៊ីនេត ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៨ ខែមេសាថា នៅកន្លែងធ្វើការរបស់លោក មានពលករខ្មែរប្រហែល ១០០ នាក់ នាំគ្នាសំងំនៅក្នុងបន្ទប់ និងនៅកន្លែងធ្វើការ ដោយមិនហ៊ានធ្វើដំណើរទៅណាមកណាឆ្ងាយនោះទេ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។ ពលករវ័យ ៤០ ឆ្នាំរូបនេះ បញ្ជាក់ទៀតថា ពួកលោកព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារនៅតំបន់គាត់ធ្វើការ មានពលករបរទេសជាច្រើននាក់ ដែលប្រឈមនឹងការឆ្លងជំងឺរលាក ផ្លូវដង្ហើមថ្មីនេះបានយ៉ាងងាយ៖ «ព្រួយបារម្ភខ្លាចឆ្លងជំងឺអីចឹងទៅ ព្រោះយើងធ្វើការទៅជិះឡានចេញទៅឆ្ងាយៗឆ្លងកាត់ពីនេះទៅនោះពីនោះទៅនេះ។ ដល់យើងកើតជំងឺហ្នឹងវាប៉ះពាល់គេយកយើងទៅឃុំមិនបានរកលុយដើម្បីផ្ញើទៅឱ្យប្រពន្ធកូននៅស្រុក។ កូននៅស្រុកពឹងលើតែខ្ញុំធ្វើការនៅប្រទេសថៃ ដល់ខែផ្ញើលុយទៅកូនបួនប្រាំពាន់សម្រាប់ចាយវាយ»។

ដូចគ្នានេះដែរ ពលការិនីមានស្រុកកំណើតនៅខេត្តបាត់ដំបងកញ្ញា ហឿម ហឿត ថ្លែងថា កញ្ញាក៏ព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដដែរ ដោយសារកញ្ញាធ្វើការនៅក្នុងផ្សារលក់បន្លែនៅទីក្រុងបាងកក ដែលមានមនុស្សចេញចូលច្រើន។ ស្ត្រីវ័យ ២៨ ឆ្នាំរូបនេះបន្តថា បើទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក្ដី ក៏កញ្ញានៅតែបន្តធ្វើការដដែល ព្រោះជីវភាពក្រីក្រ ដូច្នេះខំធ្វើការរកប្រាក់ផ្ញើរទៅឱ្យឪពុកម្ដាយ ដើម្បីសងបំណុលធនាគារនៅស្រុកកំណើត និងចាយវាយប្រចាំថ្ងៃនៅប្រទេសថៃ៖ «ព្រួយបារម្ភខ្លាចជំងឺឆ្លងទៅមិនមានមើលមិនមានទទួលខ្លាចតែអីចឹងឯង។ កាលពីលើកមុនរកប្រាក់បានចេះតែកាក់កបទៅ តែឥឡូវកាន់តែរកធ្លាក់ទៅរកមិនសូវបានដូចកាលមិនទាន់មានរោគ ហើយផ្ទុះកាន់តែច្រើនចេះទៀតកាន់តែធ្លាក់ទៅ ខ្ញុំរកមិនបានទេ»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញក្ដីកង្វល់របស់ក្រុមពលករខ្មែរនេះបានទេនៅថ្ងៃទី២៨ ខែមេសា ដោយសារទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។ ទោះយ៉ាងណា ស្ថានទូតខ្មែរនៅទីក្រុងបាងកកបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក(Face Book) ដាស់តឿនដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃទាំងអស់ឱ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។

ក្នុងរយៈពេលជាង ៣ សប្ដាហ៍ ដោយគិតត្រឹមថ្ងៃទី២៨ ខែមេសាមក ក្រសួងសុខាភិបាលថៃរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ៣ ម៉ឺន ៤ ពាន់នាក់ (៣៤.៤០២) និងអ្នកស្លាប់ជាង ៨០ នាក់ ក្នុងនោះនៅទីក្រុងបាងកកឆ្លងច្រើនជាងគេ។ អាជ្ញាធរថៃបានដាក់វិធានការតឹងរ៉ឹងទៅលើខេត្តចំនួន ៤៥ រួមទាំងទីក្រុងបាងកកផង ដែលតម្រូវឱ្យប្រជាពលរដ្ឋថៃ និងជនបរទេសត្រូវពាក់ម៉ាស់នៅពេលធ្វើដំណើរនៅទីសាធារណៈដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ។ ប្រសិនបើជនណាល្មើសនឹងបម្រាមនេះ អាជ្ញាធរថៃនឹងពិន័យជាប្រាក់ ២ ម៉ឺនបាត (២០.០០០) ឬប្រហែល ៦០០ ដុល្លារ។ បន្ថែមពីនេះ អាជ្ញាធរថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី៣១ ខែឧសភា។ តាមរយៈវិធានការនេះ អាជ្ញាធរថៃហាមឃាត់មិនឱ្យពលរដ្ឋប្រមូលផ្ដុំជាច្រើននាក់ ហើយប្រសិនបើជនណាល្មើស នោះពួកគេប្រឈមនឹងការផាកពិន័យជាប្រាក់ ៤ ម៉ឺនបាត ឬ ប្រមាណ ១ពាន់ ៣០០ដុល្លារ និងទោសជាប់ពន្ធនាគារ ២ ឆ្នាំ។ទាក់ទងរឿងបម្រាមថ្មីនេះនៅតំបន់ព្រំដែនខេត្តស្រះកែវ (Sra Kao) ទីដែលមានពលរដ្ឋខ្មែររស់នៅច្រើននោះ ប៉ូលិសថៃបានបើកឡានប្រកាសជាភាសាខ្មែរ និងភាសាថៃ អំពាវនាវដល់ពលរដ្ឋខ្មែរ និងថៃនៅផ្សាររ៉ុងក្លឿឱ្យពួកគេពាក់ម៉ាស់ឱ្យបានគ្រប់គ្នា៖ «ប្រាប់គ្រប់គ្នាប្រាប់ម៉ែប្រាប់ពុកម្ដាយកូនចៅទាំងអស់ឱ្យពាក់ម៉ាស់បើមិនពាក់គេនឹងផាកពិន័យប្រាក់១ម៉ឺនបាត »។

ជុំវិញរឿងនេះ មន្ត្រីអង្គការសង់ត្រាល់(Central)ទទួលបន្ទុកពលករ លោក ឌី ថេហូយ៉ា យល់ថា ការរាតត្បាតជំងឺកូវីដនៅប្រទេសថៃលើកនេះមានសន្ទុះខ្លាំងជាពេលមុនៗ ដែលពលករខ្មែរគួរតែតាមព័ត៌មានឱ្យបានជាប្រចាំ ដើម្បីសម្របខ្លួនឱ្យទាន់សភាពការណ៍។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ជូនមន្ត្រីរបស់ខ្លួនចុះដោះស្រាយទុក្ខលំបាកនិងការអត់ឃ្លានរបស់ពលករ ហើយជួយសម្រួលឱ្យពួកគេបានត្រឡប់ទៅកម្ពុជាវិញ ប្រសិនបើពលករណាមិនអាចរស់នៅប្រទេសថៃបាន៖ «ខ្ញុំបារម្ភនៅពេលផ្ទុះនៅក្រុមហ៊ុនណាក្រុមហ៊ុនហ្នឹងត្រូវបានបញ្ឈប់ ហើយចាប់ផ្ដើមបិទទ្វារ នៅពេលបិទទ្វារហើយថាតើមានការទូទាត់អត្ថប្រយោជន៍សំណងយ៉ាងម៉េចអីចឹងហ្នឹងខ្ញុំបារម្ភមែនទែន។ ដដែលទៀតអាតួនាទីធំៗអីចឹងការងារដដែលរវាងរដ្ឋនឹងរដ្ឋត្រូវតែផ្ដោតយកចិត្តទុកដាក់មែនទែន ព្រោះយើងមានគេហៅអនុព័ន្ធការងារនៅហ្នឹងស្រាប់ហើយដែលធ្វើកិច្ចផ្នែកពលករចំណាកស្រុក»។ លោក ឌី ថេហូយ៉ា ជឿថា ក្រុមពលករខ្មែរអាចនឹងមានជីវភាពរស់នៅលំបាកកាន់តែខ្លាំងនៅពេលខាងមុខ ប្រសិនបើស្ថានការណ៍រាលដាលជំងឺកូវីដនៅតែបន្តផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសថៃ។

របាយការណ៍សង់ត្រាល់(Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរទាំងស្របច្បាប់និងមិនស្របច្បាប់ប្រមាណ១លាន៨សែននាក់ (១.៨០០.០០០) កំពុងធ្វើការនៅប្រទេសថៃ៕

website_news/2021290404.txt · Last modified: 2021/04/29 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki