website_news:2021290601

កម្លាំងចម្រុះឃាត់ពលករ៤គោលដៅផ្សេងគ្នា សរុបចំនួន៣២នាក់ បម្រុងឆ្លងដែនទៅថៃខុសច្បាប់

http://cambodiapolice.com/policekh/ 11:21 am 27 មិថុនា 2021

បន្ទាយមានជ័យ ៖ កម្លាំងចម្រុះរួមមាន នគរបាលព្រំដែនគោកលេខ៩១១ បានសហការជាមួយកងពលតូចថ្មើរជើងលេខ៥១ កងរាជអាវុធហត្ថ និងកងការពារព្រំដែនគោកលេខ៥០៣ ឃាត់ខ្លួនពលករ និងអ្នកនាំផ្លូវសរុបចំនួន៣២នាក់ (ស្រីចំនួន១០នាក់) ក្នុងនោះមានជនជាតិថៃម្នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ នៅវេលាម៉ោង២៣និង៣៤នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ។

សមត្ថកិច្ចការពារព្រំដែនប្រាប់ថា ដើម្បីពង្រឹងការល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា កម្លាំងចម្រុះសហការជាមួយគ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។ សមត្ថកិច្ចបន្តថា នៅពេលកងកម្លាំងចម្រុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវបានជួបពលករបម្រុងលួចឆ្លងដែន ត្រូវបានធ្វើការឃាត់ខ្លួនដើម្បីសួរនាំនិងធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពួកគាត់ឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខភាព សុវត្ថិភាព និងខាតបង់ប្រាក់របស់បងប្អូននោះឡើយ ជាពិសេសបច្ចុប្បន្ននេះទាំងភាគីកម្ពុជានិងថៃ កំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មិនឲ្យមានការឆ្លងដែននោះឡើយ ។ ដូច្នេះដើម្បីទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះកុំឲ្យរីករាលដាលឆ្លងចូលក្នុងសហគមន៍ គឺមានតែយើង ទប់ស្កាត់ទាំងអស់គ្នា ចូលរួមអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីគ្រសារ និងសង្គមជាតិ ។

ចំពោះពលករទាំង២៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនិងមនុស្សចំនួន៥នាក់សង្ស័យជាអ្នកនាំនិងអ្នកពាក់ព័ន្ធប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីសួរនាំស្រាវជ្រាវបន្តផ្លូវរកមេខ្សល់ចាត់ការតាមផ្លូវច្បាប់ផងដែរ៕

website_news/2021290601.txt · Last modified: 2021/06/29 21:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki