website_news:2021290603

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អំពាវនាវប្រជាពលរដ្ឋ កុំឱ្យបន្តចាញ់បោកមេខ្យល់លួចឆ្លងដែនខុសច្បាប់

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២១

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៖ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសថៃដោយមិនគិតពីសុខសុវត្ថិភាពអាយុជីវិតនិងខាត បង់ប្រាក់ជាបន្តបន្ទាប់ នោះ។ ការអំពាវនាវយ៉ាងដូច្នេះក្នុងឱកាសលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានធ្វើការអប់រំណែនាំដល់ពលរដ្ឋចំនួន៣២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១សហការជាមួយកងរាជអាវុធហត្ថ,កងការពារព្រំដែនគោកលេខ៥០៣ និង នគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅវេលាម៉ោង ១១:៤៥នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំនួន៤គោលដៅផ្សេងគ្នា ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់មេ បញ្ជាការកងទ័ពជើងគោក, យោធភូមិភាគទី៥នោះ កងពលតូចថ្មើរជើងលេខ៥១បានបង្កើនពង្រឹងការចុះល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនឱ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។ លោកឱ្យដឹងទៀតថា ខណៈដែលកងកម្លាំងចម្រុះកំពុងល្បាតក៏បានជួបពលករដែល បម្រុងលួចឆ្លងដែនត្រូវបានកងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួនហើយក៏បានធ្វើការណែនាំអប់រំដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យបន្តចាញ់បោកពួកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែន ដោយខុសច្បាប់តាមច្រករបៀង ដោយមិនគិតពីសុខសុវត្ថិភាព អាយុជីវិតនិងខាតបង់ប្រាក់ ជាច្រើនទៀតផងនោះ។

ជាមួយនោះលោកក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋសូមឱ្យបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បី ជៀសផុតពីការឆ្លងជំងឺកូវីដ១៩នោះ។ លោកបានប្រាប់ឱ្យដឹងទៀតថា បច្ចុប្បន្នពលរដ្ឋទាំង៣២នាក់នេះត្រូវបានបញ្ជូនទៅ កាន់មណ្ឌលចត្តាឡីស័ក និងមនុស្សចំនួន៤នាក់សង្ស័យជាអ្នកនាំផ្លូវបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕

website_news/2021290603.txt · Last modified: 2021/06/29 21:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki