website_news:2021290606

រយៈពេលចុងក្រោយនេះ រកឃើញវិជ្ជមានកូវីដ-១៩រាល់ថ្ងៃ លើពលករមកពីថៃតាមច្រកខេត្តឧត្ដរមានជ័យ

https://news.btv.com.kh/ 06/25/2021 01:06 PM

ភិបាលខេត្តឧត្ដរមានជ័យបានឱ្យដឹងថា រយៈពេលចុងក្រោយនេះរកឃើញវិជ្ជមានកូវីដ-១៩ រាល់ថ្ងៃលើពលករមកពីថៃ តាមច្រកខេត្តនេះ។ មន្ត្រីជំនាញបានធ្វើការអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរំហូរចូលនៃពលករមកពីថៃ។ វេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ពលករខ្មែរមកពីថៃ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ រាល់ថ្ងៃ ដែលគិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ គឺមានការកើនឡើងចំនួន៦០នាក់ហើយ នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២១នេះ។ វេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងទៀតថា ក្នុងចំណោមពលករដែលឆ្លងដែនមក មន្ត្រីជំនាញធ្វើ ចត្តាឡីស័កជួរមុខ តែងតែពិនិត្យរកឃើញនូវអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជារាងរាល់ថ្ងៃ គ្រាន់តែតិច និងច្រើន ប៉ុណ្តោះ តាមរយៈការធ្វើតេស្តរហ័ស។ ពលករ ដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបានដាក់ឱ្យព្យាបាលនៅតាមមន្ទីរពេទ្យខេត្តនេះដោយយក ចិត្តទុកដាក់។ ប៉ុន្តែអ្វី ដែលជាកត្តាគួរឲ្យមានការបារម្ភខ្លាំងនោះ ភាគច្រើនគឺអ្នកជំងឺកូវីដ-១៩ ដែលពាក់ ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺអ្នកជំងឺងាយនឹងមានការប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ពិសេសគឺអ្នកជំងឺ ដែលមានអាយុច្រើន ដោយសារតែពួកគេមកទទួលការព្យាបាល ខណៈស្ថានភាពជំងឺ មានសភាពធ្ងន់ធ្ងរហើយ និងពេលខ្លះ អាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតផងដែរ។ បច្ចុប្បន្ននេះ ក្នុងខេត្តឧត្ដរមានជ័យ មានអ្នកជំងឺកូវីដ-១៩ ចំនួន២៨៧នាក់ ក្នុងនោះករណីនាំចូល ពីថៃចំនួន២៥១នាក់ ករណីឆ្លងសហគមន៍២០កុម្ភៈ ចំនួន៣៦នាក់ ជាសះស្បើយ១១៤នាក់ និងស្លាប់ពីរ នាក់ ៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021290606.txt · Last modified: 2021/06/29 21:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki