website_news:2021290702

ពលរដ្ឋខ្មែរចេញពីថៃមកស្រុកវិញ រកឃើញកើតកូវីដ១៩ មិនក្រោម១០០នាក់ទេក្នុង១ថ្ងៃៗ

https://kohsantepheapdaily.com.kh/ Oddar Meanchey២៨ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:១៨

ខេត្តឧត្តរមានជយ័ ៖ ពលករខ្មែរដែលធ្វើដំណើរចាកចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើតតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងមួយថ្ងៃមានចំនួន៤០០នាក់ ទៅ៥០០នាក់ ហើយត្រូវបានគ្រូពេទ្យយកសំណាកទៅធ្វើតេស្ករកឃើញអ្នកវិជ្ជមានកូវីដ១៩ មិនក្រោមពី១០០នាក់នោះទេ ស្ថិតនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមលោក សមុទ្រ សុខនី គ្រូពេទ្យផ្នែកចត្តាឡីស័កប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ គិតត្រឹមក្នុងខែកក្កដានេះ គឺបាននាំគ្នាធ្វើដំណើរចាកចេញពីប្រទេសថៃ សម្រុកចូលមកស្រុកកំណើតវិញក្នុងមួយថ្ងៃ គឺចាប់ពីចំនួន៤០០នាក់ទៅ៥០០នាក់ ខណៈនោះក្នុងចំណោមមនុស្សទាំងនេះ ត្រូវគ្រូពេទ្យផ្នែកចត្តាឡីស័ក បានយកសំណាកទៅធ្វើតេស្ករកឃើញអ្នកវិជ្ជមានកូវីដ១៩ គឺមិនក្រោមចំនួន១០០នាក់នោះទេ ហើយក៏ត្រូវបានបញ្ជូនទៅតាមមណ្ឌលព្យាបាល និងមណ្ឌលធ្វើចត្តាឡីស័កនីមួយៗក្នុងខេត្តឧត្តរមានជ័យហើយ។

យោងតាមរបាយការណ៍ក្រុមការងារថ្នាក់ខេត្តឧត្តរមានជ័យ ដែលចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារខេត្ត និងក្រុមគ្រូពេទ្យផ្នែកចត្តាឡីស័ក បានខិតខំធ្វើការចុះស្រាវជ្រាវ តាមដានពិនិត្យរកឃើញអ្នកជំងឺកូវីដ១៩ ក្នុងករណីនាំចូលពីបរទស និងករណីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ។ ហើយខណៈពេលនេះផងដែរ ក្រុមអាជ្ញាធរ និងក្រុមគ្រូពេទ្យ ក៏បានចុះធ្វើការពន្យល់ និងណែនាំដល់ប្រជាពលរដ្ឋត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» ឱ្យបានខ្ជាប់ខ្ជួន ៕

website_news/2021290702.txt · Last modified: 2021/07/29 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki