website_news:2021290703

៦ ខែ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មលើផ្លូវភេទបាន ១៩៨ ករណី

https://www.postkhmer.com/national/ វ៉ន ដារ៉ា | Publication date 28 July 2021 | 13:44 ICT

ភ្នំពេញៈ រយៈពេល ៦ ខែឆ្នាំនេះ សមត្ថកិច្ចជំនាញនៃក្រសួងមហាផ្ទៃបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ១៩៨ ករណី កើនឡើង ១៣៥ ករណី បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី ២៦ កក្កដា។ របាយការណ៍ឱ្យដឹងថា ឆមាសទី ១ ឆ្នាំនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន ១៩៨ ករណី កើនឡើងចំនួន ១៣៥ ករណី ធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៩១ នាក់ និងបានសង្គ្រោះជនរងគ្រោះ ៧២១ នាក់ ក្នុងនោះមានអាយុក្រោម ១៥ ឆ្នាំ ៨៨ នាក់ អាយុ ១៥-១៧ ឆ្នាំ ៦៣ នាក់ និងអាយុពី ១៨ ឆ្នាំឡើង ៥៧០ នាក់។ រយៈពេល ១ ឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តបានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន ១ ០៧៤ លើក លើគោលដៅ ៣១៨ គោលដៅ មានមនុស្សសរុបចំនួន ១ ២៤៩ នាក់ ក្នុងនោះមានស្ត្រី ១ ០៣៦ នាក់។ សមត្ថកិច្ចក៏បានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទតាមគោលដៅបម្រើសេវាកម្សាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ។ នេះបើតាមរបាយការណ៍។

លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៦ កក្កដា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះឱ្យ គ.ជ.ប.ជ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ ១៩ ដ៏គ្រោះថ្នាក់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ធ្វើឱ្យរាជរដ្ឋាភិបាលអាចសម្រេចបាននូវភារកិច្ចបម្រើជាតិ និងប្រជាជនលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកបានថ្លែងថា៖ «ខ្ញុំក៏សូមអំពាវនាវបងប្អូនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ នៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស រាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស»។ លោកបន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ដោយចូលរួមផ្សព្វផ្សាយពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងៗ។

របាយការណ៍ឱ្យដឹងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញទាំងស្របច្បាប់ និងមិនស្របច្បាប់សរុបចំនួន ១៥០ ៨៨៥ នាក់ ដែលក្នុងនោះមានស្ត្រី ៥៤ ៥៥៦ នាក់ និងអនីតិជន ៥៦៤ នាក់ មានស្រី ១៥៧ នាក់។ ចំណែកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន ៨២ លើកមានមនុស្សចំនួន ៥៩៣ នាក់ មានស្ត្រី ១៩៧ នាក់ ជាអនីតិជន ៣៤ នាក់។ ក្នុងនោះមានខេត្តបាត់ដំបង ៣០ លើក ខេត្តកោះកុង ២៧ លើក បន្ទាយមានជ័យ ៨ លើក តាកែវ ៩ លើក និងស្វាយរៀង ៥ លើក។ «ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឱ្យធ្វើចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត»។ បើតាមរបាយការណ៍។

លោក អំ សំអាត នាយករងអង្គការលីកាដូ បានលើកឡើងថា អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងសិទ្ធិមនុស្ស សិទិ្ធស្ត្រី និងសិទ្ធិកុមារនៅតែជំរុញ និងលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ និងរាជរដ្ឋាភិចាល ចាត់វិធានការបន្ថែមទៀតទប់ស្កាត់ និងបង្ក្រាបលើករណីជួញដូរមនុស្សដែលមានដូចជា ការជួញដូរកម្លាំងពលកម្ម ការជួញដូរផ្លូវភេទ អាជីវកម្មផ្លូវភេទ និងទម្រង់នៃការជួញដូរមនុស្សផ្សេងទៀតឱ្យមានប្រសិទ្ធភាព។ លោកបានថ្លែងថា៖ «មធ្យោបាយនៃការអប់រំឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីការជួញដូរមនុស្ស ការចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ និងការបង្ក្រាបការជួញដូរមនុស្ស ការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងធានាថា ជនដែលប្រព្រឹត្ត និងពាក់ព័ន្ធនឹងការជួញដូរមនុស្ស ត្រូវតែនាំទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ទោះបីអ្នកនោះមានតួនាទី និងឋានន្តរស័កិ្តប៉ុនណាក៏ដោយជារឿងចាំបាច់»។ លោកបន្តថា រដ្ឋាភិបាលគួរបង្កើនកិច្ចសហការជាមួយប្រទេសជិតខាង និងក្នុងតំបន់ដើម្បីទប់ស្កាត់ និងបង្ក្រាបលើការជួញដូរមនុស្ស និងបង្កើតមណ្ឌលសុវត្ថិភាព ដើម្បីការពារជនរងគ្រោះដោយការជួញដូរមនុស្ស។ បើតាមលោកសំអាត នៅឆ្នាំ ២០២០ កម្ពុជា ត្រូវបានអាមេរិកចាត់ចំណាត់ថ្នាក់លេខ ២ ស្ថិតនៅក្រោមការឃ្លាំមើលលើការជួញដូរមនុស្សដដែលក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នា។ ចំណាត់ថ្នាក់នេះបង្ហាញថា ករណីនៃការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទស្ថិតក្នុងភាពគួរឱ្យបារម្ភដដែល៕

website_news/2021290703.txt · Last modified: 2021/07/29 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki