website_news:2021290708

ពលករខ្មែរមួយចំនួន នាំគ្នាត្រឡប់ទៅកម្ពុជាវិញទាំងឈឺ ដោយសារគ្មានលទ្ធភាពព្យាបាលនៅថៃ

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា2021-07-27

ពលករខ្មែរធ្វើការនៅប្រទេសថៃ កំពុងឆ្លងជំងឺកូវីដ១៩ (Covid-19) កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថានភាពបែបនេះធ្វើឱ្យពលករខ្លះ បាននាំកូនធ្វើដំណើរទាំងឈឺទៅព្យាបាលជំងឺកូវីដ១៩ នៅកម្ពុជាវិញ ដោយសារគ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ សង្គមស៊ីវិលជំរុញឲ្យមន្ត្រីស្ថានទូតខ្មែរនៅប្រទេសថៃបន្ថែមការយកចិត្តទុកដាក់ និងរកយន្តការជួយពលករ។ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករជាច្រើនបានធ្វើដំណើរទាំងយប់ និងខ្លះទៀតប្រថុយនាំគ្នាត្រឡប់ទៅកម្ពុជាវិញ ទាំងដឹងថា ខ្លួនមានជំងឺកូវីដ១៩។

ពលករសំណង់ម្នាក់ នៅខេត្តមួយជាប់ក្រុងបាងកកលោក គា រ៉ាវី ដែលសង្ស័យថា ខ្លួនមានជំងឺកូវីដ១៩ ក៏ត្រៀមខ្លួនត្រឡប់ទៅប្រទេសកម្ពុជាវិញដែរ ព្រោះមន្ទីរពេទ្យនានានៅប្រទេសថៃ មិនទទួលឲ្យលោកចូលសម្រាកព្យាបាលទេ។ លោកឲ្យដឹងថា ពលករនៅការដ្ឋានជាមួយគ្នាជាច្រើននាក់ បានត្រឡប់ទៅកម្ពុជាវិញជាបន្តបន្ទាប់អស់ហើយ នៅសល់មិនដល់ ១០នាក់ទេនៅពេលនេះ។ លោកបញ្ជាក់ទៀតថា ទោះបីជាមានការបិទខ្ទប់ការដ្ឋានសំណង់ និងទីប្រជុំជនមួយចំនួន ក៏កំណើនការឆ្លងកូវីដ១៩ ក្នុងប្រទេសថៃនៅតែច្រើន ហើយតាមមន្ទីរពេទ្យបដិសេធទទួលយកអ្នកជំងឺកូវីដ១៩ ជាពិសេសគឺ ក្រុមពលករបរទេសតែម្ដង។ លោកបន្តថា ពួកលោកក៏គ្មានលទ្ធភាពបង់ថ្លៃធ្វើតេស្តរកជំងឺកូវីដ១៩ ហើយថែមទាំងគ្មានគ្រូពេទ្យមកយកសំណាកពួកលោកទៀត៖ «ចុះទៅខ្មែរម្សិលមិញប៉ុន្មាន ហើយបី បួនថ្ងៃហ្នឹង ចុះទៅចង់អស់ហើយ។ នៅខ្ញុំប៉ុន្មាននាក់ហ្នឹង ជាប់ក្នុង (ការដ្ឋាន) ហ្នឹងទេដឹង។ ខ្ញុំថា នៅចាំមើលព្យាបាលបន្តិចសិនបង។ (អ្នកជំងឺ) វាច្រើនពេកណាបង។ ណាមួយពេទ្យគេមិនមើលខ្មែរយើងផង គេបិទយើងចោលក្នុងកន្លែងកសាង (ការដ្ឋានសំណង់) ដដែលៗ ហ្នឹង»។

ចំណែកពលករម្នាក់ទៀត ជាអ្នកលក់តាមចិញ្ចើមថ្នល់ លោកស្រី តឹក ហៀង ក៏គ្មានជម្រើសអ្វីក្រៅពីនាំកូនតូចប្រថុយត្រឡប់ទៅស្រុកកំណើតវិញដែរ ប្រសិនបើឆ្លងកូវីដ១៩។ ទោះជាយ៉ាងណា លោកស្រី នឹងព្យាយាមទ្រាំនៅក្នុងបន្ទប់ជួល ហើយរកវិធីព្យាបាលខ្លួនឯងឲ្យអស់លទ្ធភាព មុននឹងសម្រេចចិត្តថាប្រថុយធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ឬយ៉ាងណា៖ «ទៅផ្ទះ ក៏វាមិនងាយស្រួល ព្រោះវាមានជំងឺជាប់នៅខ្លួន។ អ៊ីចឹងហើយ បើតាមគំនិតបង បើសិនជាយើងកើតពិតមែនសុខចិត្តរក្សាខ្លួនឯងនៅក្នុងហង់ (បន្ទប់) ហ្នឹងបណ្ដោយ ហើយប្រើថ្នាំខ្មែរយើងដូចខ្ទឹមម្រេច ស្លឹកក្រូច ស្លឹកគ្រៃអ្វីស្ពង់អ៊ីចឹងណា។ តែបើថាឲ្យ Call ទៅស្ថានទូត ក៏មិនដឹងថា គេជួយអ្វីយើងបានដែរ»។

រដ្ឋាភិបាលកម្ពុជា និងថៃមិនទាន់បង្ហាញថា មានពលករខ្មែរធ្វើការនៅប្រទេសថៃ ប៉ុន្មាននាក់ហើយ បានឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ ស្របពេលដែលអត្រាឆ្លងកូវីដ១៩ នៅថៃ មានជាងមួយម៉ឺនប្រាំពាន់ (១៥.០០០) នាក់ ក្នុងមួយថ្ងៃ។ រដ្ឋាភិបាលទាំង២ ក៏មិនទាន់បានបង្ហាញយន្តការណាមួយ ដើម្បីគាំទ្រដល់ពលករខ្មែរដែលឆ្លងកូវីដ១៩ ដែរ ក្រៅពីឲ្យប្រុងប្រយ័ត្នដោយខ្លួនឯង និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរថៃ។

ជុំវិញករណីនេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានដែរ នៅថ្ងៃទី២៧កក្កដា។ តែយ៉ាងណា លោក កុយ គួង បានប្រាប់សារព័ត៌មានវីអូអេ (VOA) ថា ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ដើម្បីផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករដែលឆ្លងកូវីដ១៩ នៅប្រទេសថៃ ព្រោះខ្លាចច្រឡំជាមួយពលករប្រទេសផ្សេង។ លោកអះអាងថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ កំពុងខិតខំសហការជាមួយអាជ្ញាធរថៃ ជួយសម្របសម្រួលដល់ពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងពេលឆ្លងជំងឺកូវីដ១៩។

ផ្ទុយពីការលើកឡើងនេះ ពលករ និងអ្នកឃ្លាំមើលសិទ្ធិពលករក្នុងប្រទេសថៃ សង្កេតឃើញថា មន្ត្រីស្ថានទូតខ្មែរអសកម្ម ក្នុងកិច្ចការជួយពលករខ្មែរ ដែលកំពុងឆ្លងជំងឺកូវីដ១៩។ មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យដឹងថា ពលករខ្មែរឆ្លងកូវីដ១៩ ទ្រង់ទ្រាយធំកាន់តែច្រើនឡើយ ដោយតំបន់ខ្លះឆ្លងរាប់រយនាក់មួយថ្ងៃ។ លោកបន្តថា ពលករខ្លះទៀត ត្រូវបានថៅកែបង្ខាំងទុកក្នុងបន្ទប់ជួល ឬការដ្ឋានសំណង់ចោលនៅពេលឆ្លងកូវីដ១៩។ ដូច្នេះទើបពលករនាំគ្នាសម្រុកទៅប្រទេសកម្ពុជាវិញ ទោះបីដឹងថា ខ្លួនឆ្លងជំងឺកូវីដ១៩ ក៏ដោយ។ ចំណែកការជួយអន្តរាគមន៍ពីមន្ត្រីស្ថានទូតខ្មែរវិញនោះ សង្គមស៊ីវិលរូបនេះ សង្កេតឃើញថា មានភាពយឺតយ៉ាវខ្លាំងណាស់។ លោកជំរុញឲ្យស្ថានទូត និងរដ្ឋាភិបាលកម្ពុជារកយន្តការបន្ថែមទៀត ដើម្បីស្នើសុំទៅរដ្ឋាភិបាលថៃ និងជួយអន្តរាគមន៍ដោយផ្ទាល់ ជួយពលករ ដែលឆ្លងជំងឺកូវីដ១៩ ឲ្យបានទទួលសេវាសុខាភិបាលត្រឹមត្រូវ៖ «(ពលករ) ភាគច្រើន គាត់ថា គាត់បានទំនាក់ទំនងទៅខាងស្ថាប័នទូត ទៅខាងកុងស៊ុលអ្វីដែរ តែអត់មានអ្នកណាគាត់លើកទូរស័ព្ទផ្ដល់យោបល់ជូនពួកគាត់អ៊ីចឹងណា ហើយនៅពេលដែលពួកគាត់ឆ្លងកូវីដអ្វីអ៊ីចឹងទៅ គេទុកចោល ហើយអត់មានថៅកែដោះស្រាយរកថ្នាំរកអ្វីឲ្យពួកគាត់ ដល់អ៊ីចឹងទៅពួកគាត់ភ័យ ហើយគាត់មិនដឹងជាទាក់ទងអ្នកណាអ្វីអ៊ីចឹងណា»។

របាយការណ៍របស់ក្រសួងសុខាភិបាលថៃ បង្ហាញថា ចាប់តាំងពីថ្ងៃទី១ មករា ដល់ថ្ងៃទី២២ ខែកក្កដា មានពលករខ្មែរជាងមួយម៉ឺន (១ម៉ឺន) នាក់ បានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះមានពលករធ្លាក់ខ្លួនឈឺធ្ងន់ និងភាគច្រើនទៀត ស្នាក់នៅការដ្ឋានសំណង់តាមយថាកម្មដោយគ្មានគ្រូពេទ្យព្យាបាលជំងឺទេ៕

website_news/2021290708.txt · Last modified: 2021/07/29 12:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki