website_news:2021290905

គិតចាប់ពីដើមខែ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ពលករថៃប្រមាណ ៣៧៩នាក់ បានលួចឆ្លងដែនមកប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត

https://www.gntimes.com/ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ បើយោងតាមប្រភពព័ត៌មានពីខេត្តស្រះកែវប្រទេសថៃបានឲ្យដឹងថា រយៈពេលចុងក្រោយនេះយោធា និងតម្រួតថៃបានចាត់វិធានការរឹតបន្តឹងលើប្រជាពលរដ្ឋរបស់ខ្លួន ដែលបានលួចឆ្លងដែនមកធ្វើការនៅក្នុងប្រទេសកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត ទោះចេញឬចូលក៏ដោយចុះ ។ ហើយពលករថៃដែលល្មើសច្បាប់ខាងលើនេះត្រូវបានសមត្ថថៃចាត់វិធានការផាកពិន័យរដ្ឋបាល លើជនជាតិខ្លួនដែលល្មើសលួចឆ្លងដែនចេញចូលដោយខុសច្បាប់មកកម្ពុជាយ៉ាងចាស់ដៃមុននិងអនុវត្តន៍ចត្តាឡីស័ក១៤ថ្ងៃ ។

ប្រភពខាងលើបានបន្តថា ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងនេះស្របពេលកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ កម្លាំងសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិថៃជាច្រើនបន្តបន្ទាប់ដែលពួកគេបានឆ្លងដែនចូលក្នុងទឹកដីកម្ពុជា ហើយបានប្រគល់ទៅឲ្យសមត្ថកិច្ចថៃវិញគ្រាដែលពួកគេឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រករបៀងនានា ដើម្បីស្វែងរកធ្វើការនៅក្នុងកាស៊ីណូអនឡាញក្នុងក្រុងប៉ោយប៉ែតឬនៅក្នុងក្រុងភ្នំពេញ។

អាជ្ញាធរនិងសមត្ថកិច្ចថៃនៅក្នុងខេត្តស្រះកែវ ក៏បានបង្ហាញនូវចំនួនជនជាតិរបស់ខ្លួន ដែលល្មើសលួចឆ្លងដែនមកខាងទឹកដី ប្រទេសកម្ពុជា ដើម្បីរកការងារធ្វើដោយគ្មានច្បាប់អនុញ្ញាត ចាប់តាំងពីដើមខែកញ្ញាមកទល់នឹងថ្ងៃទី២៧ ខែកញ្ញា នេះ ពលករថៃដែលឆ្លងដែនចូលក្នុងប្រទេសកម្ពុជាសរុបចំនួន៣៧៩នាក់ ជាចំនួនដែលសមត្ថកិច្ចថៃចាប់បាននិងខាងភាគីកម្ពុជាចាប់បានរួចប្រគល់ឱ្យសមត្ថកិច្ចថៃ ហើយសមត្ថកិច្ចថៃនិយាយថាសម្រាប់ករណីលួចឆ្លងដែនតាមរយៈមេខ្យល់អាចនឹងមានច្រើនជាងចំនួនខាងលើ។ ប្រភពដដែលបានបញ្ជាក់ដែរថា ថ្មីៗនេះក្រោយពីភាគីកម្ពុជាបាននាំខ្លួនពលរដ្ឋថៃជាច្រើននាក់ទៅប្រគល់អោយតម្រួតថៃដែលឈរជើងនៅចំណុចច្រកអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ សមត្ថកិច្ចថៃបានចាត់វិធានការសុខាភិបាលដោយពិន័យជាទឹកប្រាក់ក្នុង១នាក់ចំនួន៨០០បាត រួចបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក១៤ថ្ងៃ ៕ សួន សុខហៃ

website_news/2021290905.txt · Last modified: 2021/09/29 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki