website_news:2021291201

អភិបាលរងខេត្តបាត់ដំបង៖ ពលករអាចឆ្លងដែនទៅធ្វើការនៅតំបន់ជាប់ព្រំដែនបាន

https://thmeythmey.com/ 28, Dec 2021 , 8:59 am ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តខេត្តបាត់ដំបងបញ្ជាក់ថា ពលករនៅតែអាចចេញទៅធ្វើការនៅតំបន់ក្បែរព្រំដែន ក្រោយពីអាជ្ញាធរប្រទេសទាំងពីបានជួបពិភាក្សាគ្នា។ ប៉ុន្តែ ពលករត្រូវចេញចូលដោយស្របច្បាប់ និងធ្វើចត្តាឡីស័ក។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា បន្ទាប់ពីមានការរីករាយដាលកូវីដ-១៩ ប្រភេទថ្មី អីមីក្រុង ប្រទេសទាំងពីរកម្ពុជា-ថៃ រឹតត្បឹតច្រកព្រំដែន ដោយអនុញ្ញាតឲ្យមានតែទំនិញចេញប៉ុណ្ណោះ។ ប៉ុន្តែ អាជ្ញាធរនៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ដោយអនុញ្ញាតឲ្យពលករចេញទៅបំពេញការងារបាន។ «ដោយភាគីថៃខ្វះកម្លាំងពលកម្ម ហើយពលករខ្មែរក៏ត្រូវរកការងារ ហើយយើងបានព្រមព្រៀងគ្នាឲ្យមានការចេញចូលតាមច្រកព្រំដែន ចំពោះពលករណាមានលិខិតបញ្ជាក់ត្រឹមត្រូវ គឺអាចទៅធ្វើការបាននៅខេត្តជាប់ព្រំដែន»។ នេះបើតាមការបញ្ជាក់របស់អភិបាលរងខេត្តបាត់ដំបង ដោយបន្ថែមថា ពលករដែលឆ្លងទៅធ្វើការគឺត្រូវធ្វើចត្តាឡីស័ក ហើយធ្វើតែតំបន់ជាប់ព្រំដែនប៉ុណ្ណោះ មិនអនុញ្ញាតឲ្យទៅខេត្តឬក្រុងដែលឆ្ងាយឡើយ។ សម្រាប់ការងារដែលត្រូវការកម្លាំងពលកម្មភាគច្រើន គឺការងារកសិកម្មដាំដុះ ប្រមូលផល និងចិញ្ជឹមសត្វ។ លោក សឿម ប៊ុនរិទ្ធិ បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញគឺអាចដឹកចេញចូលបានធម្មតា។ ចំណែក ពលករដែលអាជ្ញាធរថៃ តែងតែឃាត់ខ្លួនបញ្ជូនត្រឡប់មកកម្ពុជា គឺដោយសារឆ្លងដែនខុសច្បាប់។

កាលពីថ្ងៃទី២៦ធ្នូ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ១៣៣នាក់ ក្នុងនោះមានកុមារ១៨នាក់ ឲ្យអាជ្ញាធរកម្ពុជាតាមអូរអន្លក់ ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោយរកឃើញថាពួកគេឆ្លងដែនខុសច្បាប់។ នេះបើតាមទំព័រហ្វេសប៊ុករបស់ទីបញ្ជាការវរសេនាតូចលេខ-៨១៩-ស្រុកកំរៀង-ស្រុកភ្នំព្រឹក៕

website_news/2021291201.txt · Last modified: 2021/12/29 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki