website_news:2021291205

ពលករខ្មែរជាច្រើននាក់របួសក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រកែច្នៃក្រដាសមួយនៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ សុជីវី 2021-12-27

ពលករខ្មែរចំនួន ៨នាក់របួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រកែច្នៃក្រដាសមួយកន្លែងនៅខេត្តឈុនបូរី (Chunbori) ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៦ ធ្នូ។

ពលករខ្មែរធ្វើការនៅកន្លែងកើតហេតុ លោក គល់ គង់ ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២៧ ធ្នូថា គ្រោះអគ្គីភ័យនេះបណ្ដាលឱ្យពលករខ្មែរ ២នាក់របួសធ្ងន់ ដោយម្នាក់បាក់ជើងនិងម្នាក់ទៀតភ្លើងឆេះរោលមុខ ក្នុងពេលដែលពួកគេកំពុងធ្វើការនៅក្នុងរោងចក្រ៖ «ព្រោះអីម៉ោងធ្វើការ ពេលភ្លើងឆេះទៅវាពេញរោងចក្របណ្ដោយ។ វាដូចយើងទម្លាក់គ្រាប់មកពីលើយន្តហោះ ដល់ភ្លើងឆេះទៅវាធ្លាក់គ្របមកបណ្ដោយដូចឆ័ត្រអីចឹង។ ដល់ពេលភ្លើងចាប់ផ្ដើមឆេះពលកររត់ចេញមកក៏ភ្លើង បើនៅក៏គ្រោះថ្នាក់ មានតែរត់ចេញមកក្រៅ។ ដល់ពេលរត់ចេញមកវាឆាបវាភ្លើងដូចថាវាឆេះខ្លាំង»។ បច្ចុប្បន្នជនរងគ្រោះ ៨នាក់បានធូរស្រាលវិញហើយ ក្រោយពេលអាជ្ញាធរថៃបញ្ជូនពួកគេទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តឈុនបូរី។ ចំណែកពលករម្នាក់ ដែលបាក់ជើងកំពុងសម្រាកព្យាបាលនៅឡើយ។ រោងច្រកនេះមានពលករខ្មែរធ្វើការជាង ៦០នាក់ ហើយពួកគេបានផ្អាកការងារបណ្ដោះអាសន្ន ក្រោយពីមានគ្រោះអគ្គីភ័យនេះ។

ដោយឡែកនៅជាយទីក្រុងបាងកកឯណោះវិញ មានករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់ពលករខ្មែរ នៅក្នុងសហគមន៍កែច្នៃសំរាម បណ្ដាលឱ្យពលករខ្មែរចំនួន ៧០គ្រួសារបាត់បង់ទីជម្រក។ មន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ បានចុះផ្សាយក្នុងហ្វេសប៊ុកនៅថ្ងៃទី២៧ ធ្នូថា ហេតុការណ៍នេះពុំមានពលករខ្មែររងរបួសនោះទេ ដោយគ្រាន់តែភ្លើងឆេះលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ខូចខាតទាំងអស់គ្នាប៉ុណ្ណោះ។ មន្ត្រីស្ថានទូតបានចុះចែកស្បៀងអាហារមួយចំនួនជូនដល់ពលករទាំងនោះ។ ចំពោះករណីភ្លើងឆេះរោងចក្រនៅខេត្តឈុនបូរីវិញ គិតត្រឹមរសៀលថ្ងៃទី២៧ ធ្នូ មន្ត្រីស្ថានទូតខ្មែរពុំទាន់ចុះសួរសុខទុក្ខនិងចែកស្បៀងអាហារជូនដល់ពួកគាត់នៅឡើយ៕

website_news/2021291205.txt · Last modified: 2021/12/29 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki