website_news:2021300304

អភិបាលខេត្តប៉ៃលិន ជំរុញសមត្ថកិច្ចការពារព្រំដែន ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន

https://news.btv.com.kh/ 03/29/2021 07:03 PM

ប៉ៃលិន៖ ខណៈកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញបន្ថែមទៅកាន់សមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែននានា ព្រោះខ្លាចមានជនខិលខូច អាចយកឱកាសនេះ ប្រព្រឹត្តិបទល្មើសឆ្លងដែនផ្សេងៗ។ ក្នុងឱកាសនាំយកគ្រឿងឧបភោគបរិភោគរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងការពារព្រំដែន លោកជំទាវ បាន ស្រីមុំ បានមានប្រសាស៍ថា សមត្ថកិច្ចកិច្ចការពារព្រំដែនទាំងអស់ ត្រូវបន្តរឹតបន្តឹងការលួចឆ្លងដែនខុសច្បាប់របស់ពលករមកពីប្រទេសថៃ មិនត្រូវឲ្យពលករណាម្នាក់គេចវេះការធ្វើចត្តាឡីស័ក តាមការអូសទាញញុះញង់ របស់ពួកមេខ្យល់ ហើយសមត្ថកិច្ចក៏មិនត្រូវពាក់ព័ន្ធនឹងបញ្ហាទាំងអស់នេះ។ លោកជំទាវ បានបន្តថា នៅពេលមានពលករឆ្លងដែនមកពីថៃ ត្រូវនាំពួកគេឲ្យមន្ត្រីសុខាភិបាលពិនិត្យសុខភាព និងយកសំណាកឲ្យបានត្រឹមត្រូវ រួចបញ្ជូនទៅធ្វើចត្តាឡីស័កឲ្យគ្រប់តាមកាលកំណត់របស់ក្រសួងសុខាភិបាល រួមទាំងអនុវត្តនូវបីការពារ និងបីកុំ ឲ្យបានគ្រប់គ្នា។

លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ កងកម្លាំងទាំងអស់ មិនត្រូវភ្លេចការពារបូរណភាពទឹកដី គ្រប់គ្រង់បទល្មើសផ្សេងៗ ព្រោះខ្លាចជនខិលខូច ឃើញសមត្ថកិច្ចកំពុងជាប់ដៃ ក្នុងការងារជំងឺកូវីដ១៩នេះ ក៏នាំគ្នាប្រព្រឹត្តិបទល្មើសនានាតាមអំពើចិត្តនោះ។ ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន ក៏បាននាំនូវការសួរសុខទុក្ខពីសំណាកសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចំពោះកម្លាំងការពារព្រំដែន និងត្រូវថែរក្សាសុខភាពឲ្យបានល្អ កុំឲ្យមានការឆ្លងជំងឺកូវីដ១៩។ គួរបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ត្រូវចែកជូនកងកម្លាំងការពារព្រំដែននោះ រួមមាន អង្ករ មី ផ្អក ទឹកស៊ីអ៊ីវ ត្រីខ ពងទា ទឹកបរិសុទ្ធ ម៉ាស់ ជែល អាល់កុល និងថវិកាមួយចំនួន៕ អត្ថបទ៖ បាន សុខរិទ្ធ

website_news/2021300304.txt · Last modified: 2021/03/30 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki