website_news:2021300601

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ជំរុញការិយាល័យជំនាញ បន្តស្រាវជ្រាវកន្លែងសង្ស័យ មានជួញដូរពលរដ្ឋវៀតណាម មកធ្វើការនៅកន្លែងកាស៊ីណូ កន្លែងល្បែងកម្សាន្ត និងនៅតាមកន្លែងល្បែងអនឡាញ

https://cen-news.com/ Posted ByPen Srey NeatJune 29, 2021

ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ ដែលមានខ្លឹមសារថា ស្ថានទូតវៀតណាម បានផ្តល់ព័ត៌មានថា មានជនជាតិវៀតណាម ត្រូវក្រុមជួញដូរមនុស្សបោកប្រាស់ ឲ្យមកធ្វើការនៅកន្លែងកាស៊ីណូ កន្លែងល្បែងកម្សាន្ត និងនៅតាមកន្លែងល្បែងអនឡាញផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

យោងតាមរបាយការណ៍បឋម ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុ្ស និងការពារអនីតិជន ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានវិទ្យុបរទេសនិយាយភាសាខ្មែរបានចេញផ្សាយព័ត៌មាន និងបានបង្ហោះតាមបណ្តាញសង្គមដោយមានខ្លឹមសារថា ស្ថានទូតវៀតណាមបានផ្តល់ព័ត៌មានថា មានជនជាតិវៀតណាមត្រូវក្រុមជួញដូរមនុស្សបោកប្រាស់ ឲ្យមកធ្វើការនៅកន្លែងកាស៊ីណូ កន្លែងល្បែងកម្សាន្ត និងនៅតាមកន្លែងល្បែងអនឡាញ ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

សកម្មភាពជួញដូរធ្វើឡើងតាមរយៈមេខ្យល់ជនជាតិចិន និងកម្ពុជា និងសន្យាថា ជនជាតិវៀតណាមទាំងនោះ ទទួលបានការងារសាមញ្ញ ប្រាក់ខែពី ៨០០ដុល្លា ទៅ១,០០០ដុល្លាក្នុង១ខែ ផ្តល់អាហារហូបចុក កន្លែងស្នាក់នៅ នៅក្នុងសណ្ឋាគារ និងកាស៊ីណូ ភាគច្រើន នៅក្រុងព្រះសីហនុ។ ពួកគេត្រូវបានកេងប្រវ័ញកម្លាំងពលកម្ម ដោយបង្ខំឲ្យធ្វើការ១ថ្ងៃពី ១៥ ទៅ ១៦ ម៉ោង បើសិនមិនដូច្នេះទេ ពួកគេនឹងវាយធ្វើបាប ។ ពួកគេភាគច្រើនបានរងនូវទារុណកម្ម វាយដំពេលពួកគេព្យាយាមរត់ និងបដិសេធមិនធ្វើការតាមការកំណត់ ។ ចំពោះអ្នកដែមមានបំណងចង់វិលត្រឡប់ទៅប្រទេសវៀតណាម ថៅកែបង្ខំឲ្យចុះហត្ថលេខាលើលិខិតជំពាក់បំណុលច្រើនពាន់ដុល្លារអាមេរិក ឬត្រូវនាំទៅលក់កម្លាំងពល់កម្មនៅក្រុមហ៊ុនផ្សេងទៀត។

បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានណែនាំ និងជំរុញឲ្យការិយាល័យជំនាញ ស្នងការដ្ឋានគរបាលខេត្តពាក់ព័ន្ធ ពិសេសខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត បញ្ជាក់ព័ត៌មានរកការពិត ដើម្បីមានចំណាត់ការតាមនីតិវិធី។

ដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានបានទំនាក់ទំនងទៅ លោក ហ៊ង ទឹមហ៊ីវ អនុព័ន្ធនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា ដោយលោកឆ្លើយតបថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ លោកនឹងពិភាក្សាជាមួយស្ថានទូត និងឆ្លើយមកនាយកដ្ឋានវិញ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមរបាយការណ៍របស់ការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានបញ្ជាក់ថា កន្លងមកក្នុងការព្រឹត្តិការណ៍២០កុម្ភៈមកដល់បច្ចុប្បន្ន ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយការិយាល័យគ្រប់គ្រងជនបរទេស នៃផែនការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាម បានចំនួន២៣នាក់ (ស្រី១៥នាក់) ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ការលួចឆ្លងដែនចូលប្រទេសកម្ពុជា ដោយខុសច្បាប់ និងករណីព្យាយាមរត់គេចពីខេត្តព្រះសីហនុ ដោយបំពានបំរាមបិទខ្ទប់ របស់ គណៈបញ្ជាការឯកភាពខេត្ត នៃការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ហើយពុំមានការពាក់ព័ន្ធ បទល្មើសជួញដូរមនុស្ស ឬការកេងប្រវ័ញ្ចពលកម្ម លើជនជាតិវៀតណាម ដូចការចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នោះឡើយ ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថា ជាទិសដៅអនុវត្តបន្ត នាយកដ្ឋានបានណែនាំ និងជំរុញការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពិសេសខេត្តព្រះសីហនុ បន្តស្រាវជ្រាវកន្លែងសង្ស័យថា មានជួញដូរពលរដ្ឋវៀតណាម ក្នុងករណីរកឃើញស្នើសុំគោលការណ៍ថ្នាក់ដឹកនាំចាត់ការតាមច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021300601.txt · Last modified: 2021/06/30 20:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki