website_news:2021300602

នគរបាលបញ្ជូនជនសង្ស័យចំនួន១០នាក់ទៅតុលាការ ពីបទ នាំមនុស្សចេញមិនស្របច្បាប់ ឆ្លងដែនទៅប្រទេសថៃ

https://cen-news.com/ Posted ByPen Srey NeatJune 29, 2021

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យ ចំនួន១០នាក់ ពីបទនាំមនុស្សចេញមិនស្របច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់នេះ គឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ មិនស្របច្បាប់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បានធ្វើការឃាត់ខ្លួនចំនួន០២ករណី ដោយឡែកពីគ្នា ជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត ។

លោកស្រីឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៥គ្រឿង ដែលជាម្យោបាយសម្រាប់បម្រើឲ្យបទល្មើស ដឹកជញ្ជូនពលករដើម្បីឆ្លងដែន។

បើយោងតាមចម្លើយបំភ្លឺរបស់ពលករចំនួន ៥នាក់ (ជនជាតិថៃ០១នាក់) និងចម្លើយសារភាពរបស់ជនសង្ស័យទាំង១០នាក់ឲ្យដឹងថា ពួកគេពិតជាបានប្រព្រឹត្តអំពើនាំមនុស្សចេញដោយមិនស្របច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនទៅសាលាដំបូងខេត្តបន្តាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះពលករចំនួន០៥នាក់ ត្រូវបានធ្វើកិច្ចសន្យាអប់រំរួចឲ្យពួកគេវិលទៅលំនៅឋានវិញ ។ ចំណែកជនជាតិថៃ០១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021300602.txt · Last modified: 2021/06/30 20:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki