website_news:2021300603

ពលករខ្មែរសម្រុកមកពីថៃ បន្ទាប់ពីថៃបិទទីតាំងស្នាក់នៅ ពេលផ្ទុះការឆ្លងកូវីដជាថ្មី

https://m.postkhmer.com/ ឡុង គីមម៉ារីតា 29 June 2021 | 08:55 ICT

បន្ទាយមានជ័យៈ ពលករកម្ពុជាដែលធ្វើការក្នុងវិស័យសំណង់នៅប្រទេសថៃ បានសម្រុកវិលត្រឡប់ចូលមកប្រទេសវិញតាមច្រកព្រំដែនមួយចំនួន នៅពេលដែលរដ្ឋាភិបាលថៃសម្រេចបិទរាល់ទីតាំងស្នាក់នៅតាមការដ្ឋានសំណង់ទាំងអស់ នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៤ ផ្សេងទៀតរយៈពេល ៣០ ថ្ងៃ ខណៈប្រទេសនេះបានផ្ទុះការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាថ្មី។

នាយករដ្ឋមន្ត្រីថៃ បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ២៧ ខែមិថុនា បិទទីតាំងស្នាក់នៅតាមការដ្ឋានសំណង់ក្នុងទីក្រុងបាងកក និងខេត្តចំនួន ៤ ផ្សេងទៀតចាប់ពីថ្ងៃចន្ទ ទី ២៨ ខែមិថុនាតទៅ ដើម្បីទប់ស្កាត់រលកទី៣ នៃការរីករាលដាលជំងឺកូវីដ ១៩។ ការសម្រេចនេះ រដ្ឋាភិបាលថៃបានអនុលោមតាមវិធានការតឹងរ៉ឹង ដោយហាមមិនឱ្យមានសកម្មភាពរបស់កម្មកររយៈពេល ៣០ ថ្ងៃ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីកាលពីថ្ងៃទី ២៨ មិថុនាថា ក្រសួងការបរទេស ស្ថានទូតកម្ពុជា និងក្រសួងការងារកំពុងសហការគ្នា ធ្វើការជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាដែលកម្មករខ្មែរ សម្រុកវិលត្រឡប់មកកម្ពុជាវិញនេះ។ ប៉ុន្តែលោកមិនបញ្ជាក់ទេថា តើនឹងមានការដោះស្រាយយ៉ាងដូចម្តេចរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃនោះទេ។

ចំពោះពលករខ្មែរនៅប្រទេសថៃវិញ លោក លឹង សុផុន ក្រុមការងារនៃអង្គការសង់ត្រាល់ប្រចាំប្រទេសថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ មិថុនាថា ដោយសារតែរដ្ឋាភិបាលថៃបានប្រកាសបិទការដ្ឋានសំណង់យ៉ាងដូច្នេះ ទើបធ្វើឱ្យពលករខ្មែរ ដែលស្ថិតក្នុងវិស័យសំណង់មានក្តីបារម្ភ ហើយក៏មានពលករជាច្រើនសម្រេចចិត្តវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ លោកឱ្យដឹងថា តាមព័ត៌មានទទួលបានពីមន្ត្រីប្រចាំការនៅតាមច្រកព្រំដែនថៃ-កម្ពុជាដោយគ្រាន់តែក្នុងរយៈពេល ១ ថ្ងៃកាលពីថ្ងៃទី ២៧ មិថុនា មានកម្មកររាប់រយនាក់ បានសម្រុកចេញពីប្រទេសថៃតាមច្រកអូរស្មាច់ ច្រកអូរបីជាន់ ច្រកព្រំដែនបឹងត្រកួន និងច្រករបៀងតូចៗផ្សេងទៀតនៃខេត្តសុរិន្ទរបស់ថៃ។ លោកបញ្ជាក់ថា៖ «ដោយសារមានការប្រកាស ដូច្នេះពួកគាត់មានក្តីបារម្ភ ព្រោះរយៈពេលបិទនេះ គឺ១ខែឯណោះ ហើយពួកគាត់បានឃើញមិត្តភក្តិរបស់ពួកគាត់ នៅកន្លែងធ្វើការសំណង់នោះមានការឆ្លង ហើយក៏មានការធ្វើចត្តាឡីស័ក។ អ្នកមិនទាន់ឆ្លង ពួកគាត់ក៏ព្រួយបារម្ភ ហើយសម្រុកទៅច្រើន ដូចថ្ងៃទី ២៨ មិថុនានេះ ក៏មានទៅច្រើនដែរ»។

បើតាមលោក លឹម សុផុន ការដែលពលករក្នុងវិស័យនេះ សម្រុកវិលចូលប្រទេស បន្ទាប់ពីពួកគេហាក់មិនមានការទុកចិត្តនឹងវិធានការដែលរដ្ឋាភិបាលថៃបានផ្តល់ឱ្យពួកគេក្នុងអំឡុងពេលឆ្លងជំងឺកូវីដ ១៩ ខណៈក្នុង ១ ថ្ងៃៗ ថៃ មានចំនួនអ្នកឆ្លងជំងឺនេះច្រើនទៅៗជាង ៥ ០០០ នាក់ ហើយចំនួនអ្នកស្លាប់ក្នុង ១ ថ្ងៃៗមានដល់ ៥០ នាក់។ លោករៀបរាប់ថា៖ «ពួកគាត់ក៏បារម្ភដែរ ព្រោះនៅពេលឆ្លងក៏មិនដឹងថា ទៅព្យាបាលជំងឺនេះនៅកន្លែងណាទេ ហើយតាមតំបន់មួយចំនួននៅប្រទេសថៃ គឺមន្ទីរពេទ្យពេញទៅដោយអ្នកជំងឺ គ្មានកន្លែងព្យាបាលទេ។ នៅពេលពលករខ្មែរយើងខ្លះឈឺ គឺគាត់មិនត្រូវបានគេយកចិត្តទុកដាក់នោះទេ គេយកគាត់ទៅដាក់កន្លែងមួយឆ្ងាយៗពីមន្ទីរពេទ្យ ហើយគាត់ខ្វះខាតនូវស្បៀងអាហារផង។អ៊ីចឹងហើយបានធ្វើឱ្យពលករផ្សេងគាត់ខ្លាចហើយវិលមកខ្មែរវិញ»។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោក សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី ២៨ ខែមិថុនា ដោយពួកលោកខ្លះមិនលើកទូរស័ព្ទ និងខ្លះទៀតបដិសេធធ្វើអត្ថាធិប្បាយ។

ប៉ុន្តែបើតាមលោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ មិថុនាថា ចំពោះស្ថានភាពនៅតាមច្រកព្រំដែនចំនួន ៤ នៅខេត្តបាត់ដំបងវិញ គឺស្ថិតក្នុងសភាពស្ងប់ស្ងាត់ដដែល ដោយមិនមានពលករខ្មែរត្រឡប់មកច្រើន ដូចច្រកព្រំដែននៅជាប់ខេត្តសុរិន្ទរបស់ថៃនោះទេ។ បើទោះជាស្ថានភាពបែបនេះក្តី ក៏អាជ្ញាធរខេត្តបានត្រៀមមណ្ឌលចត្តាឡីស័កនៅតាមសាលារៀនជាច្រើនកន្លែងបន្ថែមទៀត ដោយក្នុងនោះក៏បានត្រៀមរួចជាស្រេចនូវកន្លែងព្យាបាលជំងឺកូវីដ១៩ សម្រាប់ក្រុមគ្រូពេទ្យផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសថៃ ដែលបានបិទការដ្ឋានសំណង់មួយចំនួនដល់ទៅ ៣០ ថ្ងៃនេះ។ លោកបញ្ជាក់ថា៖ «ពលករដែលខាងថៃផ្សព្វផ្សាយថា សម្រុកមកនេះមិនទាន់មកដល់ព្រំដែនយើងទេ។ ចាំមើល យើងរង់ចាំមើល ២ ទៅ ៣ ថ្ងៃទៀតមើល។ យើងបានប្រជុំហើយជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហើយ ពាក់ព័ន្ធគោលការណ៍មួយចំនួន។ ក្នុងនោះ យើងក៏ត្រៀមរៀបចំទីតាំងសម្រាប់មន្ត្រីសុខាភិបាលយើង ត្រៀមធ្វើតេស្តរហ័ស នៅតាមច្រកព្រំដែនទាំង ៤ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងយើង»។

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃអង្គការ សង់ត្រាល់ លើកឡើងថា ដើម្បីបញ្ចៀសកុំឱ្យពលករខ្មែរសម្រុកចូលប្រទេសក្នុងស្ថានភាពលំបាកនេះ រដ្ឋាភិបាលត្រូវតែធានាគោលនយោបាយគាំពារពួកគាត់ឱ្យអាចរស់បាននៅតាមការដ្ឋានសំណង់ដែលពួកគាត់កំពុងធ្វើការ ដោយមានការហូបចុកគ្រប់គ្រាន់ និងធានាការចំណាយផ្សេងៗ ដូចជាថ្លៃទឹក ថ្លែភ្លើង និងថ្លៃកន្លែងស្នាក់នៅ។ លោកបន្ថែមថា៖ «ក្នុងពេលនេះ ពលករគួរតែទទួលបានការគាំពារមួយចំនួនទៀត ពាក់ព័ន្ធនឹងកូវីដ ១៩ ហ្នឹងហើយពួកគាត់ គួរតែទទួលបានប្រាក់ឈ្នួល ឬចំណែកណាមួយក្នុងអំឡុងពេលដែលបិទការដ្ឋានមិនឱ្យមានការសាងសង់។ ព្រោះបើសិនជាគ្មានគោលនយោបាយគាំពារទាំងនេះទេ គឺពួកគាត់មិនមានជម្រើសអ្វីក្រៅពីត្រឡប់មកខ្មែរទេ ហើយបើគាត់មក គឺបន្ទុករបស់រដ្ឋាភិបាលកម្ពុជានោះក៏កាន់តែធ្ងន់ដែរ»៕

website_news/2021300603.txt · Last modified: 2021/06/30 20:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki