website_news:2021300606

ស្ថានភាពរស់នៅរបស់ពលករខ្មែរជួបការលំបាកក្រោយពេលអាជ្ញាធរថៃបិទខ្ទប់រយៈពេល ១ខែ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

https://www.rfa.org/ ដោយ ហេង រស្មី 2021-06-28

ពលករខ្មែរជាច្រើននាក់ធ្វើការនៅប្រទេសថៃ កំពុងជួបការលំបាកអំពីជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពេលអាជ្ញាធរថៃបានបិទខ្ទប់មិនឱ្យពួកគាត់ចាកចេញពីកន្លែងធ្វើការ។ អាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់នៅទីក្រុងបាងកក និងខេត្តចំនួន ៥ជាប់ទីក្រុងបាងកករយៈពេល ១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករខ្មែរ ដែលធ្វើការក្រៅប្រព័ន្ធអាចនឹងរងផលប៉ះពាល់ខ្លាំងពីការបិទខ្ទប់នេះ។ ពលករខ្មែរមួយចំនួន ព្រួយបារម្ភពីសុវត្ថិភាពនិងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារពួកគេមិនបានធ្វើការងាររកប្រាក់ចំណូលអំឡុងពេលការបិទខ្ទប់នេះ។

ពលករធ្វើការសំណង់នៅទីក្រុងបាងកក លោក ឆន សុខឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៨ មិថុនាថា អាជ្ញាធរថៃបានដាក់កម្លាំងប៉ូលិស និងទាហានជាច្រើននាក់បិទខ្ទប់មិនឱ្យពួកលោកចេញពីកន្លែងធ្វើការនោះឡើយ។ ពលករវ័យ ៤០ឆ្នាំរូបនេះ បន្ថែមថា វិធានការរបស់អាជ្ញាធរថៃនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលករខ្មែរ ជាពិសេស អ្នកដែលទើបចូលធ្វើការ បណ្ដាលឱ្យគ្មានប្រាក់ទិញស្បៀងអាហារហូបចុកនៅក្នុងគ្រាអាសន្ននេះ៖ «គេចាប់ផ្ដើមបិទបីថ្ងៃហ្នឹងតែម្ដង ពីល្ងាចមិញឃើញគេយកទាហាន និងប៉ូលិសមកដាក់តែគេអត់ទាន់ខ្ទប់ទេ។ តែថ្ងៃនេះសូម្បីតែចេញទៅទិញអាហារនៅផ្សារក៏គេមិនឱ្យទៅដែរ។ ការងារក៏មិនឱ្យធ្វើហើយមិនឱ្យចេញទៅណាទៀតផង គេឱ្យយើងនៅតែក្នុងការដ្ឋានសំណង់។ អីចឹងបានថា វាជាបញ្ហាមួយដែលធ្ងន់ធ្ងរចំពោះពលករខ្មែរ»។

ដូចគ្នានេះដែរ ពលការិនីមានស្រុកកំណើតនៅខេត្តព្រះវិហារ លោកស្រី សែន រស្មី ថ្លែងទាំងអួលដើមកថា លោកស្រីគ្មានប្រាក់ទិញស្បៀងអាហារហូបចុកនោះទេ ពីព្រោះមួយរយៈនេះ ពួកគាត់ ធ្វើការងារមិនបានទៀងទាត់នោះទេ។ ស្ត្រីវ័យ ៣៨ឆ្នាំនេះរូបនេះ បន្ថែមទៀតថា ប្ដីរបស់គាត់បានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅព្យាបាលជំងឺជិត ១០ថ្ងៃមកហើយ មិនទាន់បានធូរស្រាលនៅឡើយ។ ដូច្នេះលោកស្រីព្រួយបារម្ភខ្លាចអាជ្ញាធរថៃបិទខ្ទប់យូរធ្វើឱ្យគ្មានប្រាក់ចំណូលចិញ្ចឹមជីវិតនិងប្រាក់ផ្ញើទៅឱ្យឪពុកម្ដាយនៅស្រុកកំណើតដោះស្រាយ ជីវភាព៖ «ខ្ញុំតឹងទ្រូងសឹងតែសម្លាប់ខ្លួនចោល ប្ដីក៏កើតកូវីដ ខ្ញុំក៏មិនដឹងធ្វើការអី បើគេបិទយ៉ាងនេះ។ ខ្ញុំមកនេះដើម្បីរកលុយបង់ការប្រាក់ធនាគារបើគេ បើខ្ញុំអត់មានលុយបង់ធនាគារមានពីណាគេជួយខ្ញុំ ពិបាកចិត្តគេបិទអីចឹង ខ្ញុំបានជួយម៉ែខ្ញុំ គាត់មានអីហូបនៅផ្ទះ។ ខ្ញុំពិបាកចិត្តណាស់ខ្ញុំទើបមកអីចេះគ្មានលុយគ្មានកាក់ទេ»។

ចំណែកពលការិនីធ្វើការសំណង់នៅកណ្ដាលទីក្រុងបាងកកម្នាក់ទៀត លោកស្រី កុយ មិនា វិញ លោកស្រីថ្លែងថា លោកស្រីមិនបានទិញស្បៀងអាហារត្រៀមទុកហូបចុកអំឡុងពេលបិទខ្ទប់ដូចពលករជាច្រើនទៀតដែរ។លើសពីនេះគ្រួសាររបស់លោកស្រីបានរស់នៅបែកគ្នា ដោយប្ដី និងប្អូនរបស់គាត់ ២នាក់ បានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិនទាន់ត្រឡប់មកវិញនៅឡើយ៖ «ប្អូនព្រួយបារម្ភត្រង់ថា គិតប្អូន ព្រោះប្អូននៅឆ្ងាយ ព្រោះយើងមកអត់មានឪពុកម្ដាយមកជុំបងប្អូនដល់ពេលឃ្លាតពីប្អូនទៅខ្ញុំដេកមិនលក់ទេ ខ្ញុំពិបាកចិត្តណាស់។ពិបាកចិត្តដែលបែកប្អូនទៅដេកពេទ្យឆ្ងាយ ហើយបារម្ភប្អូនថ្នាំក៏គេមិនឱ្យលេប ហើយគេមិនបានមើលយើងដិតដល់ទេ គេយកយើងទៅដាក់ចោល គេឱ្យតែបាយហូបប៉ុណ្ណោះឯង»។

អាជ្ញាធរថៃបានបិទខ្ទប់ការដ្ឋានសំណង់ទាំងអស់នៅទីក្រុងបាងកក និងខេត្តចំនួន៥ទៀតជាប់រាជធានីរបស់ថៃរយៈពេល១ខែ ដោយចាប់ពីថ្ងៃទី២៨ មិថុនា រហូតដល់ថ្ងៃទី២៧កក្កដាដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ លោក សុឆាត ឈុមក្លិន (Sochat Chumklin) ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨មិថុនាថាអំឡុងពេលបិទខ្ទប់នេះ រដ្ឋាភិបាលថៃនឹងផ្ដល់សាច់ប្រាក់ជូនដល់ពលករបរទេសដែលបានធ្វើការងារក្នុងប្រព័ន្ធម្នាក់ចំនួន៥០ភាគរយនៃប្រាក់ឈ្នួលក្នុងមួយខែ។

ជាមួយគ្នានេះមន្ត្រីស្ថានទូតខ្មែរទទួលបន្ទុកផ្នែកពលករប្រចាំនៅប្រទេសថៃ លោក គឹម ចំរើន បានបង្ហោះសារនៅក្នុងហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២៨ មិថុនាថា ការបិទខ្ទប់នេះដោយសារអាជ្ញាធរបានរកឃើញថា ការរាតត្បាតជំងឺកូវីដ១៩ ភាគច្រើននៅក្នុងការដ្ឋានសំណង់។ លោកបញ្ជាក់ថា វិធានការនេះ អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចហាមឃាត់ដាច់ខាតមិនឱ្យពលករណាម្នាក់ចេញពីកន្លែងធ្វើការនោះទេ។បន្ថែមពីនេះលោកថា អាជ្ញាធរថៃក៏បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យតឹងតែងនៅខេត្តជាប់ទីក្រុងបាងកក ដើម្បីត្រួតពិនិត្យសុខភាពអ្នកធ្វើដំណើរផងដែរ។លោកអំពាវនាវឱ្យពលករទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យរួចផុតពីការឆ្លងជំងឺកាចសាហាវនេះ។

ទោះជាយ៉ាងណាអង្គការសង់ត្រាល់(Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរដែលធ្វើការក្រៅប្រព័ន្ធនឹងរង់ផលប៉ះពាល់ខ្លាំងពីការបិទខ្ទប់នេះ ពីព្រោះពួកគេភាគច្រើនធ្វើការងារដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ថៅកែជនជាតិថៃ អាចឆ្លៀតឆក់ឱកាសនេះបញ្ឈប់ ឬបណ្ដេញពលករចេញពីការងារដោយមិនផ្ដល់ប្រាក់ឈ្នួលជូនឱ្យពួកគាត់នោះឡើយ៖ «វាពិតណាស់ដែលគាត់ត្រូវប្រឈមនឹងការមិនអើពើមិនទទួលខុសត្រូវពីថៅកែអីជាដើមអីចឹង ហើយការព្រួយបារម្ភគាត់ហ្នឹងមិនខុសទេព្រោះដោយសារតែជាបទពិសោធន៍ពួកគាត់ហ្នឹងគឺរងគ្រោះអីចឹង។ ទីមួយគឺពាក់ព័ន្ធការរស់នៅ ការហូបចុកប្រចាំថ្ងៃ មួយទៀតគឺពាក់ព័ន្ធនឹងសុវត្ថិភាពតាមស្ដាប់មើលទោនៅតាមការងារសំណង់នេះ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការមើលថែឬធ្វើតេស្ដឱ្យបានត្រឹមត្រូវដើម្បីឱ្យគាត់មានអារម្មណ៍ស្ងប់ ឬទុកចិត្តថាកើតឬមិនកើតទេ ។អីចឹងហើយបានជាបង្កើតឱ្យមានការព្រួយបារម្ភខ្លាំងជាងការងារនៅក្នុងប្រព័ន្ធ»។ លោក ឌី ថេហូយ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលខ្មែរនិងថៃគួរតែចុះតាមដាននៅតាមការដ្ឋានសំណង់ និងផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់ហូបចុកនៅតំបន់បិទខ្ទប់នោះ។ បន្ថែមពីនេះរដ្ឋាភិបាលប្រទេសទាំងពីរក៏គួរតែសម្រួលឱ្យពួកគេបានវិលត្រឡប់ទៅកម្ពុជាវិញ ប្រសិនបើពួកគេមិនអាចរស់នៅប្រទេសថៃបន្តទៀតបាន។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់មាន ១.៨០០.០០០នាក់ ធ្វើការនៅប្រទេសថៃ៕

website_news/2021300606.txt · Last modified: 2021/06/30 21:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki