website_news:2021300701

សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ៦នាក់ ពេលលួចឆ្លងដែនពីថៃខុសច្បាប់

http://freshnewsasia.com/ 2021-07-29 01:04pm

(បន្ទាយមានជ័យ)៖ កម្លាំងប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ នៃវរសេនាតូចការពារព្រំដែន៩១១ សហការជាមួយកម្លាំងចម្រុះ បានសមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ៦នាក់ ពេលលួចឆ្លងដែនពីថៃខុសច្បាប់។ ការបង្ក្រាបបទល្មើសលួចឆ្លងដែន និងអ្នកចាំទទួលនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចខាងមុខស្តារវីឡា ភូមិព្រៃព្រិច សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន៣នាក់ ដែលទៅទទួលអ្នកលួចឆ្លងដែនពីថៃ បានជិះរថយន្តមានម៉ាក Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-7317 មានឈ្មោះ ចេង មួយហួង ភេទស្រី អាយុ២៥ឆ្នាំ អាជីវករផ្សារឡុងក្លឿ ប្រទេសថៃ, ឈ្មោះ ចេង គឹមសែ ភេទប្រុស អាយុ២៩ អាជីវករផ្សារឡុងក្លឿ ប្រទេសថៃ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ឈ្មោះ ហៃ សុភ័ក្រ្ត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបងប្អូនឈ្មោះ ចេង គឹមសែ ជាអ្នកបើករថយន្តមានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កម្លាំងប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ បានបន្ថែមថា ចំណែកអ្នកមកពីប្រទេសថៃនោះមានឈ្មោះ ហួត ដេវីត ភេទប្រុស អាយុ១៩ឆ្នាំ អាជីវករផ្សារឡុងក្លឿ ប្រទេសថៃ, ឈ្មោះ ហួត ហួរ ភេទស្រី អាយុ៦០ឆ្នាំ អាជីវករផ្សារឡុងក្លឿ ប្រទេសថៃ មានទីលំនៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ភុក បញ្ញា ភេទប្រុស អាយុ៤៣ឆ្នាំ ជាមេខ្យល់។

ជនទាំង៣នាក់នេះ កំពុងឱ្យមេខ្យល់ដឹកជញ្ជូនមកពីថៃ យកមកដាក់ផ្ទះរបស់ពួកគេ ហើយក៏ត្រូវកម្លាំងដេញស្ទាក់ឃាត់ បាននៅចំណុចសាលា២ជាន់ និងបានដកហូត ទូរស័ព្ទដៃ ២គ្រឿង ក្នុងនោះមានសម្លេងឆ្លើយឆ្លងគ្នាតាម Line អំពីរឿងនាំមនុស្សលួចឆ្លងដែនដោយខុសច្បាប់។

តាមការសួរនាំពីឈ្មោះ ហួត ដេវីត បានប្រាប់កម្លាំងសមត្ថកិច្ចថា ពួកគេត្រូវក្រុមមេខ្យល់ដឹកជញ្ជូនតាមឡានម៉ាកកាមរី ស្លាកលេខថៃ ចេញពីផ្សាររុងក្លឿ មកមានគ្នាប្រហែល ១៣នាក់ ក្នុងនោះមានអ្នកនាំផ្លូវ២នាក់ ហើយត្រូវបានក្រុមមេខ្យល់ប្រមូលយកលុយក្នុងម្នាក់ចំនួន ៦,០០០បាត ដោយសន្យាថា ជូនពួកគាត់ដល់ផ្ទះ តែមិនទាន់ដល់គោលដៅផង ត្រូវបានសមត្ថកិច្ចឃាត់សួរនាំតែម្តង។ ជនសង្ស័យ និងវត្ថុតាងព្រមទាំងអាជីវករ ត្រូវបានកម្លាំងចម្រុះបញ្ជូនទៅទីបញ្ជាការវរៈសួរនាំបន្ត៕

website_news/2021300701.txt · Last modified: 2021/07/30 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki