website_news:2021300703

ខេត្តបន្ទាយមានជ័យបង្កើតមណ្ឌលចត្តាឡីស័ក ៥ ទីតាំងទៀត ខណៈក្នុង ១ ថ្ងៃ មានពលករមកពីថៃជាង ១០០ នាក់

https://www.postkhmer.com/ ឡាយ សាមាន | Publication date 29 July 2021 | 14:31 ICT

បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន និងកំពុងរៀបចំបង្កើតមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាល ៥ ទីតាំងបន្ថែមទៀត ដើម្បីត្រៀមទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ដោយក្នុង ១ ថ្ងៃ ជាមធ្យមមានពលករជាង ១០០ នាក់ ហើយក្នុង ១ ថ្ងៃខេត្តនេះ រកឃើញអ្នកឆ្លងជាមធ្យមពី ៧០ ទៅ ៨០ នាក់។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារតែចំនួនពលករចំណាកស្រុកវិលត្រឡប់ពីប្រទេសថៃមកវិញមានចំនួនច្រើន ទើបរដ្ឋបាលខេត្តសម្រេចសាងសង់មណ្ឌលបន្ថែម។ លោកថា៖ «ដោយសារនៅប្រទេសថៃ គេព្យាបាលជំងឺកូវីដ ១៩ សុទ្ធតែចំណាយលុយ ហើយនៅថៃគេបិទការដ្ឋានចឹងពលរដ្ឋខ្មែរនៅទីនោះ សម្រុកមកស្រុកខ្មែរវិញ ព្រោះរដ្ឋាភិបាលយើងមានគោលនយោបាយព្យាបាលពួកគាត់អត់អស់លុយទេ»។ លោកបន្តថា កន្លងមកអាជ្ញាធរធ្វើចត្តាឡីស័កពលករនៅតាមព្រំដែន តែដោយសារមណ្ឌលនៅតាមព្រំដែនពេញទើបរដ្ឋបាលខេត្តរៀបចំមណ្ឌលបន្ថែមនិងមួយចំនួនទៀតបញ្ជូនទៅទីតាំងកំណើតរៀងៗខ្លួន។

លោកថា៖ «នៅពេលធ្វើតេស្តរហ័សបើរកអត់ឃើញវិជ្ជមានកូវីដទេ គឺយើងបញ្ជូនគាត់ទៅស្រុកកំណើត ប៉ុន្តែគាត់ត្រូវធ្វើតេស្តម្តងទៀតមុនពេលចូលទៅក្នុងមណ្ឌលចត្តាឡីស័កក្នុងស្រុកដើម្បីការពារសុវត្ថិភាពអ្នកធ្វើចត្តាឡីស័ក»។លោកឱ្យដឹងដែរថា ក្នុងថ្ងៃៗពលករខ្មែរវិលពីថៃមកស្រុកវិញមានជាង ១០០ នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រមាណ ២០ នាក់។លោក សុខុម ឱ្យដឹងថា សម្រាប់កន្លែងព្យាបាលជំងឺកូវីដ ១៩ កម្រិត-ស្រាល និងមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្ត បាននិងកំពុងរៀបចំរួមមាននៅ វិទ្យាល័យភ្នំធំ ផ្សារធំបុរីជ័យ និងផ្សារចំការតាដោក ស្រុកមង្គលបុរី។ ចំណែក ២ កន្លែងទៀតស្ថិតនៅ វិទ្យាល័យខ្លាកូន និងស្ថិតនៅដីក្រុមហ៊ុនឯកជន ១ កន្លែង ដែលស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោកឱ្យដឹងថា ក្នុង ១ មណ្ឌលអាចផ្ទុកអ្នកធ្វើចត្តាឡីស័កបានចន្លោះពី ៥០០ ទៅ ៧០០ នាក់ ឬអាចដល់ខ្ទង់ ១ ពាន់ នាក់អាស្រ័យលើការរៀបចំទីតាំងនោះ។ សម្រាប់ខេត្តបន្ទាយមានជ័យគឺមាន ៩ ស្រុក-ក្រុង ដោយក្នុងនោះ រដ្ឋបាលខេត្តបានរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ ១៩ នៅតាមស្រុក និងក្រុងនីមួយៗផងដែរ។ លោកថា៖ «នៅតាមស្រុកយើងមានមណ្ឌលចត្តាឡីស័ករួចអស់ហើយស្រុកខ្លះមាន១ ស្រុកខ្លះមាន២ ចំណែកមណ្ឌលព្យាបាលវិញក៏មានស្ទើរគ្រប់ស្រុកដែរ ហើយនៅខេត្តយើងក៏បានសាងសង់ឈាបនដ្ឋានសម្រាប់បូជាសព ដោយសារជំងឺកូវីដ ១៩ ផងដែរ»។ បើតាមលោក សុខុម សម្រាប់ពលករ-ខ្មែរដែលផ្ទុកវីរុសកូវីដបំប្លែងថ្មី ប្រភេទ Delta គឺអាជ្ញាធរដាក់នៅមណ្ឌលព្យាបាលដាច់ដោយឡែកពីអ្នកផ្ទុកវីរុសកូវីដ ១៩ ធម្មតា។

ជាមួយគ្នានេះដែរ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ក៏បានសម្រេចបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ នៅតាមផ្ទះ។ យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី ២៧ ខែកក្កដាឱ្យដឹងថា៖ «រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ដើម្បីថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ។ លោកបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តបានប្តេជ្ញាខ្ពស់ក្នុងការសម្របសម្រួលដឹកនាំ ប្រតិបត្តិការងារ ថែទាំ ព្យាបាលអ្នកជំងឺកូវីដ ១៩ តាមផ្ទះនេះឱ្យបានជោគជ័យក្នុងនោះរដ្ឋបាលខេត្តបានរៀបចំក្រុមការងារប្រចាំការងារខេត្ត និងជាក្រុមតាមស្រុក/ក្រុង និងក្រុមប្រចាំការ Hotline និងក្រុមគ្រូពេទ្យ។ «ជាជំហានដំបូងនេះ រដ្ឋបាលខេត្តនឹងដាក់ឱ្យដំណើរការ ថែទាំ ព្យាបាលតាមផ្ទះ ចំពោះក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ»។

ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២១ ចំនួនអ្នកធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យមាន ៤ ១០៤ នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះមានប្រមាណ ១០០ នាក់។ រីឯអ្នកឆ្លងកូវីដជាមធ្យមក្នុង ១ ថ្ងៃរកឃើញចន្លោះពី ៧០ ទៅ ៨០ នាក់ និងអ្នកព្យាបាលជាសះស្បើយប្រហែលពី ៥០ ទៅ ៦០ នាក់៕

website_news/2021300703.txt · Last modified: 2021/07/30 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki