website_news:2021300704

ពលរដ្ឋ ៦នាក់ ឆ្លងទឹកអូរពីប្រទេសថៃមកខ្មែរវិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅធ្វើចត្តាឡីស័ក

https://gntimes.com/ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចំនួន ៦នាក់ បានឆ្លងដែនហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចលេខ ៨៩១ ឃាត់ខ្លួននៅវេលាម៉ោងជាង ៤ទាបភ្លឺ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនដី ក្រុមហ៊ុន «ក្រេនដាយម៉ន» ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរ:សេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៦នាក់ដែលត្រូវឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ ហុង សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ, ទី២-ឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ, ទី៣-ឈ្មោះ អ៊ី រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ, ទី៤-ឈ្មោះ ហុង ស្រីរៀម ភេទស្រី អាយុ ៣០ឆ្នាំ, ទី៥-ឈ្មោះ ហុង យូអ៊ីន ភេទស្រី អាយុ ៨ឆ្នាំ និងទី៦-ឈ្មោះ អ៊ំ គីមអ៊ី ភេទស្រី អាយុមួយខួបកន្លះ ។ អ្នកទាំងអស់គឺជាអាជីករលក់ដូរនៅផ្សាររោងក្លឿរប្រទេសថៃ ដែលមានទីលំនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ត្រី សែម សាមឿន បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៦នាក់នោះ ត្រូវបានបញ្ជូនយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅចំណុចសំចត (CQ2) នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាពបន្ត ៕ អត្ថបទ រឿង ចន្រ្ទា

website_news/2021300704.txt · Last modified: 2021/07/30 12:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki