website_news:2021300706

សាលាឧទ្ធរណ៍បន្ធូរបន្ថយទោស បុរសរត់ឡានតាក់ស៊ីម្នាក់ ដាក់០៥ ឆ្នាំ ពាក់ព័ន្ធការលក់ពលករខ្មែរ ០៦ នាក់ ធ្វើជាទាសករកម្មករ នេសាទត្រី នៅសមុទ្រថៃ

https://cen-news.com/ Posted ByPen Srey NeatJuly 29, 2021

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដាឆ្នាំ ២០២១ បានប្រកាសសាលដីកា លើ បណ្តឹងឧទ្ធរណ៍ របស់ បិតាជាប់ចោទ ដែលត្រូវបានតុលាការខេត្តសៀមរាប កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងករណី ជួញដូរមនុស្សឆ្លងដែន ខុសច្បាប់ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០០៩។ សាលាឧទ្ធរណ៍បានសម្រេច តម្កល់សាលក្រមរបស់តុលាការខេត្តសៀមរាប ចុះបរិច្ឆេទថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ តែ បានបន្ធូរបន្ថយទោស គាត់ពីជាប់ពន្ធនាគារ ០៨ ឆ្នាំ មក ០៥ ឆ្នាំ នៅក្នុងពន្ធនាគារ តែបើកផ្លូវឱ្យគាត់ប្តឹងសារទុក្ខ ទៅកាន់តុលាការកំពូល តាមច្បាប់កំណត់។

លោកចៅក្រម ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ជនជាប់ចោទ មានឈ្មោះ ណាក់ សម្បត្តិ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាអ្នកបើកបររថយន្តតាក់ស៊ី មានទីលំនៅឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ ជនជាប់ចោទត្រូវបានជាប់ចោទ ពីបទ៖ « នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន» តាមបញ្ញតិ្ត មាត្រ១១ នៃច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស នឹងអំពើអាជីវកម្មផ្លូវភេទ។ លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទត្រូវបានចាប់ឃុំខ្លួន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងជនរងគ្រោះចំនួន ០៦នាក់ ដែលជាពលករចំណាកស្រុក ដែលបានប្តឹងជនជាប់ចោទ ណាល់ សម្បត្តិ និងជនជាប់២នាក់ ម្នាក់មានឈ្មោះ ង៉ែត ផល្លា អាយុ ៤០ និង ឈ្មោះ មឿត គៀ អាយុ ៤២ ឆ្នាំ មកកាន់សមត្ថកិច្ចនគរបាលជំនាញថា៖ បានជួញដូរពួកគេ ទៅធ្វើការងារ ជាកម្មករសំណង់ នៅប្រទេសថៃ តែបានលក់ពួកគេ ទៅធ្វើជាកម្មករនេសាទត្រី នៅលើកប៉ាល់នេសាទថៃ និងត្រូវបានពួកថៅកែថៃ បង្ខំឱ្យធ្វើការងារ ទាំងយប់ទាំងថ្ងៃ ដោយគ្មានប្រាក់ខែ និងត្រូវបានរស់នៅតែនៅកប៉ាល់នេសាទ និងនៅលើមហាសមុទ្រ អស់រយៈពេលជាង០៧ ឆ្នាំ។

គួរបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ០២នាក់ ឈ្មោះ ង៉ែត ផល្លា និង មឿត គៀ ដែលជាមេខ្យល់ ក៏ត្រូវបានចាប់ខ្លួន និងត្រូវជាប់ទោសម្នាក់ៗ ចំនួន ០៩ ឆ្នាំផងដែរ៕ រក្សាសិទ្ធិដោយ៖ ចន្ទា ភា

website_news/2021300706.txt · Last modified: 2021/07/30 12:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki