website_news:2021300708

ពលករខ្មែរនៅថៃប្រតិកម្មនឹងរដ្ឋាភិបាលខ្មែរបិទខ្ទប់ព្រំដែនមិនឱ្យពួកគេត្រឡប់ទៅកម្ពុជាវិញ

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2021-07-29

ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនខកចិត្តនឹងរដ្ឋាភិបាល ដែលសម្រេចបិទខ្ទប់ព្រំដែនមិនឱ្យពួកគេវិញត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះ។ ពលករទាំងនោះ ចាត់ទុកវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នេះថា ជាការមិនគិតគូរដល់ពលរដ្ឋខ្លួនឯង ដែលកំពុងរស់នៅលំបាកនៅក្រៅប្រទេស។ មន្ត្រីសង្គមស៊ីវិលយល់ថា ការបិទខ្ទប់នេះមិនមែនជាដំណោះស្រាយល្អនោះទេ ហើយវានឹងធ្វើឱ្យពលកររស់នៅកាន់តែលំបាក។ ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃ ថ្លែងថា ពួកគេរស់នៅប្រទេសថៃយ៉ាងលំបាកវេទនា ដូច្នេះពួកគេចង់វិលត្រឡប់ទៅកម្ពុជាវិញ ដើម្បីបានជួបក្រុមគ្រួសារក្នុងគ្រាអាសន្ននេះ។

ពលករធ្វើការសំណង់នៅទីក្រុងបាងកក លោក ឈឹន ឈុន រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរធ្វើការជាមួយលោកជាច្រើននាក់ចង់ត្រឡប់ទៅកម្ពុជាវិញអំឡុងពេលនេះ ពីព្រោះមិនអាចអត់ទ្រាំនៅប្រទេសថៃបន្តទៀតបានទេ ដោយសារគ្មានប្រាក់ទិញអាហារហូបចុកប្រចាំថ្ងៃផង និងខ្លាចឆ្លងជំងឺកូវីដ១៩ផង។ ពលករវ័យ៣៦ឆ្នាំរូបនេះ បន្តថា ពលករខ្មែរធ្វើការជាមួយលោកចំនួន២៦នាក់ត្រូវបានថៅកែថៃបង្ខាំងនៅក្នុងបន្ទប់ជាង១ខែមកហើយ ដោយពុំមានអាជ្ញាធរណាផ្ដល់ស្បៀងអាហារដល់ពួកគាត់នោះទេ៖ «ប្រទេសគេយើងទៅពឹងអ្នកណាហើយទៅជឿម្ហូបអាហារទៅណាក៏អត់កើតដែរ។ អីចឹងអាចលំបាកវេទនាអ្នកឆ្លងកូវីដ គឺលំបាកបណ្ដោយអ្នកណាអត់បានគឺអត់លុយឱ្យថ្លៃបន្ទប់ជួល គឺអត់បណ្ដោយ ដល់អីចឹងគឺវេទនាបណ្ដោយ។ រដ្ឋាភិបាលបិទខ្ទប់៨ខេត្តហ្នឹងគឺខ្ញុំទទួលយកអត់បានទេ ដូចគាត់សម្លាប់ពលករខ្មែរដែលរស់នៅប្រទេសថៃបណ្ដោយ ស្លាប់ដូចជាអ្នកខ្លះ កើតជំងឺកូវីដដល់អីចឹងនៅប្រទេសថៃគេអត់ទទួលមើល ហើយយើងព្យាបាលខ្លួនឯង ខ្លះអត់ការងារអត់លុយកាក់»។

ដូចគ្នានេះដែរ ពលករធ្វើការនៅផ្សារទំនើបនៅទីក្រុងបាងកក លោក ឡុង សុភាន់ ថ្លែងថា ពលករខ្មែរធ្វើការនៅតំបន់លោករាប់រយនាក់អត់ការងារធ្វើជិត២ខែហើយ ដោយគ្មានអាជ្ញាធរណាឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់ឡើយ។ ពលកររូបនេះបន្តថា មួយរយៈនេះមានពលករខ្លះបាននាំគ្នាត្រឡប់ទៅស្រុកកំណើតវិញ ដោយសារគ្មានលទ្ធភាពរស់នៅប្រទេសថៃ។ បន្ថែមពីនេះលោកថា មានពលករខ្លះបានឆ្លងជំងឺកូវីដ១៩ ហើយពួកគាត់នាំគ្នាដេកឈឺនៅក្នុងបន្ទប់រៀងខ្លួនតាមយថាកម្ម ដោយគ្មានថ្នាំលេបព្យាបាលជំងឺឡើយ៖ «ធ្វើអីចឹងអត់ល្អវាលំបាកយើងអត់បានត្រឡប់ទៅផ្ទះអីចឹង ហើយណាមួយគេអត់ទទួលខុសត្រូវយើងផង វាលំបាកណាស់។ នៅនេះវាអត់ការងារអីចឹងជំងឺវារាតត្បាតខ្លាំងផង អត់ហ៊ាននៅទេ។ ខ្ញុំផ្ដាំផ្ញើទៅលោកនាយករដ្ឋមន្ត្រីសុំឱ្យជួយពលករខ្មែរនៅនេះផង ឱ្យម៉េចបានទៅដល់ផ្ទះដោយសុវត្ថិភាពផង»។

ស្រដៀងគ្នានេះ ពលករមួយក្រុមទៀតធ្វើការសំណង់ទីក្រុងបាងកកថ្លែងថា ពួកគេរស់នៅប្រទេសថៃសព្វថ្ងៃវេទនាខ្លាំងមិនធ្លាប់ជួបប្រទះពីមុនមកនោះទេ ។ ពលករទាំងនេះបន្តថា ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងនៅទីក្រុងបាងកកមក ថៅកែថៃបានបង្ខាំងពួកគេនៅក្នុងបន្ទប់រហូត ដោយមិនអនុញ្ញាតឱ្យពួកគេចេញទៅខាងក្រៅបានឡើយ ។ ពួកគាត់និយាយថា រស់នៅប្រទេសថៃធុញថប់ ហើយខ្លះមានសុខភាពទ្រុឌទ្រោម ដូច្នេះហើយបានជាពួកគេចង់ត្រឡប់ទៅកម្ពុជាវិញ៖ «ព្រោះនៅនេះវាអត់មានការងារធ្វើ ណាមួយអត់មានអីហូបអីចឹងយើងប្រថុយប្រថាន ទៅផ្ទះទៅដើម្បីជួបជុំគ្រួសារដើម្បីបាននៅផ្ទះគ្រាន់រកអីបានខ្លះៗបើយើងនៅនេះទៀតមានតែនៅស្លាប់ទឹកដីគេ។ ធ្ងន់ធ្ងរមែនទែន ត្រង់ថាពួកខ្ញុំរស់ពឹងការងារមួយថ្ងៃហ្នឹងហើយអត់មានការងារហ្នឹងទៀតពួកខ្ញុំអត់មានប្រាក់កម្រៃទេ ហើយអ្នកផ្ទះខ្ញុំត្រូវការលុយ គឺលំបាកមែនទែន។ បើយើងនៅនេះលំបាកទាំងការហូបចុក យើងទៅផ្ទះមិនបានហើយលំបាកកន្លែងឃុំឃាំងហ្នឹងធ្វើឱ្យជីវិតកាន់តែលំបាក»។ ក្រុមពលករទាំងនេះ ចាត់ទុកវិធានការរបស់រដ្ឋាភិបាលបិទខ្ទប់ព្រំដែនជាប់ប្រទេសថៃថា ប្រៀបដូចការសម្លាប់ពួកគេទាំងរស់។

ប្រតិកម្មរបស់ក្រុមពលករទាំងនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលបានបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំដែនថៃ រយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី ១២ ខែសីហា ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា (Delta)។ ខេត្តដែលត្រូវបិទខ្ទប់បណ្ដោះអាសន្នទាំងនោះរួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។ បន្ថែមពីនេះរបបក្រុងភ្នំពេញក៏បញ្ជាឱ្យក្រសួងការបរទេស និងក្រសួងការងារ ទាក់ទងភាគីថៃជាបន្ទាន់ ដើម្បីបិទព្រំដែនមិនឱ្យពលករចេញចូលបណ្ដោះអាសន្ន លើកលែងតែងការដឹកជញ្ជូនទំនិញ និងករណីពិសេសមានអ្នកជំងឺសង្គ្រោះបន្ទាន់។ បន្ថែមពីនេះរបបឯកបក្សបញ្ជាឱ្យក្រសួងទាំងពីរ និងអាជ្ញាធរខេត្តជាប់ព្រំដែនទាំងនោះឱ្យសម្របសម្រួលជាមួយអាជ្ញាធរថៃដើម្បីពន្យារពេលពលករខ្មែរវិលត្រឡប់មកកម្ពុជាវិញទៀតផង។ជាមួយគ្នានេះ រដ្ឋាភិបាលក៏តម្រូវឱ្យអភិបាលខេត្តក្រុងទាំងអស់ បិទខ្ទប់អាជីវកម្ម សកម្មភាពការងារ មុខរបរនានា ហាមការជួបជុំ ដែលមានមនុស្សលើសពី ១០នាក់ និងការហាមឃាត់ការដើរហើរ ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺជាដើម។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញអ្នកឆ្លងមេរោគ កូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា (Delta) កាន់តែច្រើនកើតចេញពីពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីឆ្លើយតបនឹងទុក្ខកង្វល់របស់ក្រុមពលករនេះបាននៅឡើយទេ នៅថ្ងៃទី ២៩ កក្កដា។ ទោះជាយ៉ាងណា មន្ត្រីអង្គការសង់ត្រាល់ទទួលបន្ទុកផ្នែកពលករលោក ឌី ថេហូយ៉ា យល់ថា វិធានការរបស់រដ្ឋាភិបាលនេះមិនមែនជាដំណោះស្រាយល្អនោះទេ ពីព្រោះនឹងធ្វើឱ្យពលករខ្មែររងទុក្ខលំបាកកាន់តែខ្លាំង ដោយសារមិនអាចត្រឡប់ទៅកម្ពុជាវិញបាននៅក្នុងគ្រាអាសន្ននេះ៖ «ជាការសំណូមពររបស់ខ្ញុំគឺថាធ្វើយ៉ាងម៉េចស្ដាប់សំឡេង ពីអ្នករងគ្រោះហើយ ធ្វើគោលនយោបាយឱ្យឆ្លើយតបចំពោះបញ្ហាហ្នឹងទៅ យើងក៏រស់គេរស់។ អីចឹងជីវិតក្រុមគ្រួសាររបស់យើង ហ្នឹងគឺថារស់ស្រួលដេកពូក មានលុយមានឡានមានម៉ាស៊ីនត្រជាក់ ចំណែកឯមនុស្សរាប់លាននាក់ ពួកគាត់រងគ្រោះយើងអត់ដឹងពីសុខទុក្ខពួកគាត់ ហើយយើងជាអ្នកក្ដោបក្ដាប់គោលនយោបាយ យើងមិនយល់ពីបញ្ហាថា តើយើងធ្វើគោលនយោបាយឱ្យឆ្លើយតបឬមួយយើងចេះតែធ្មេចភ្នែកសុខតែខ្លួនឯងទៅ អ្នកណាលំបាកយ៉ាងម៉េចក៏យើងអត់ខ្វល់ដែរយ៉ាងម៉េចកើត»។

រដ្ឋាភិបាលថៃបានបិទខ្ទប់ទីក្រុងបាងកក និងខេត្តចំនួន៨នៅជុំវិញនោះ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដាដល់ថ្ងៃទី២ សីហាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ ការបិទខ្ទប់នេះបានធ្វើឱ្យពលករខ្មែរនៅតំបន់នោះអត់ការងារធ្វើឱ្យ ហើយត្រូវបានថៅកែបង្ខាំងឱ្យនៅក្នុងបន្ទប់ ដោយផ្ដល់ស្បៀងអាហារបន្តិចបន្តួចប៉ុណ្ណោះ។

របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរជិត ២លាននាក់កំពុងធ្វើការនៅប្រទេសថៃ។ ក្រសួងសុខាភិបាលថៃឱ្យដឹងថា ចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២២ កក្កដាមានពលករខ្មែរជាង១ ម៉ឺននាក់ហើយបានឆ្លងជំងឺកូវីដ១៩។ ក្នុងនោះពលករខ្លះបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយអ្នកខ្លះទៀតរស់នៅក្នុងបន្ទប់ក្នុងការដ្ឋានសំណង់តាមយថាកម្មដោយគ្មានគ្រូពេទ្យណាព្យាបាលជំងឺឡើយ៕

website_news/2021300708.txt · Last modified: 2021/07/30 12:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki