website_news:2021300804

សមត្ថកិច្ចបញ្ជូនមេខ្យល់ ៦ នាក់ទៅតុលាការ ខណៈពលករចំនួន ២១ នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក

https://www.postkhmer.com/ គឹម សារុំ | Publication date 27 August 2021 | 13:29 ICT

បាត់ដំបងៈ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបាត់ដំបងបានបញ្ជូនបុរសជាមេខ្យល់ចំនួន ៦ នាក់ ទៅតុលាការខេត្តនៅថ្ងៃទី ២៦ សីហា បន្ទាប់ពីឃាត់ខ្លួនបាន ៣ ថ្ងៃ នៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈពលករចំនួន ២១ នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។

លោក ប៊ន់ វណ្ណរ៉ា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបាត់ដំបង បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ២៦ សីហាថា សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ៦ នាក់ទៅសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី ២៦ សីហា។ ក្រុមជនសង្ស័យទាំងនេះបានលួចនាំពលករឆ្លងដែន ដោយថ្មើរជើងចូលទៅប្រទេសថៃចំនួន ២១ នាក់ (ក្មេង ២ នាក់) ហើយសមត្ថកិច្ចឃាត់ខ្លួនពួកគេបានកាលពីថ្ងៃទី ២៣ សីហា។ លោកបានថ្លែងថា៖ «ពាក់ព័ន្ធសំណុំរឿងពួកគេទៅតុលាការវិញ គឺខ្ញុំមិនអាចប្រាប់ឈ្មោះជនសង្ស័យបានទេ ព្រោះសំណុំរឿងនេះ គឺកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ»។ បើតាមលោក វណ្ណរ៉ា ថា សមត្ថកិច្ចបានឃាត់ខ្លួនមេខ្យល់ទាំង ៦ នាក់នេះ ៣ ករណីក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹកនៅថ្ងៃទី ២៣ សីហាដូចគ្នា។ នៅស្រុកសំពៅលូន សមត្ថកិច្ចឃាត់ និងទប់ស្កាត់បានពលករចំនួន ៦ នាក់ ក្នុងនោះមានស្រី ៤ នាក់ និងប្រុស ២ នាក់ និងមេខ្យល់ ២ នាក់ សរុបទាំងអស់ចំនួន ៨ នាក់។

ចំណែកនៅក្នុងស្រុកភ្នំព្រឹកវិញ គឺសមត្ថកិច្ចឃាត់ និងធ្វើការទប់ស្កាត់ពលករក្នុង ២ គោលដៅ។ គោលដៅទី ១ ទប់ស្កាត់បានពលករចំនួន ៥ នាក់ក្នុងនោះស្រី ២ នាក់ និងបុរសជាមេខ្យល់ម្នាក់សរុបចំនួន ៦ នាក់។ រីឯគោលដៅទី ២ សមត្ថកិច្ចទប់ស្កាត់បានពលករ ១០ នាក់ ក្នុងនោះមានស្រី ៨ នាក់ រាប់ទាំងក្មេងស្រី ២ នាក់ផង និងឃាត់ខ្លួនមេខ្យល់បាន ៣ នាក់។ លោកបញ្ជាក់ប្រាប់ថា ករណីនេះបុរសជាមេខ្យល់ទាំង ៦ នាក់បានយកលុយពីពលករមុនជាថ្នូរនឹងការនាំឆ្លងដែនចូលទៅប្រទេសថៃ។ ប៉ុន្តែលោកមិនចាំថា ក្នុងពលករម្នាក់ត្រូវបានមេខ្យល់យកលុយអស់ចំនួនប៉ុន្មាននោះទេ។ ចំពោះពលករប្រុស-ស្រីទាំង ២១ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលចត្តាឡីស័កអស់ហើយ ក្រោយពីសមត្ថកិច្ចបានធ្វើការទប់ស្កាត់ពួកគេមក។

លោក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានប្រាប់នៅថ្ងៃទី ២៦ សីហាថា នៅថ្ងៃទី ២៣ សីហា សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួនមេខ្យល់បានចំនួន ៤ នាក់ និងទប់ស្កាត់បានពលករ ១៥ នាក់។លោកថា៖ «មេខ្យល់តែងតែគិតថា កន្លែងព្រៃ ឬទីស្ងាត់ប្រហែលជាសមត្ថកិច្ចទៅមិនដល់អ៊ីចឹងទៅ។ តែតាមពិតយើងដាក់កម្លាំងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ មិនដូចពួកគេគិតនោះទេ»។

ចំណែកលោកអធិការនគរបាលស្រុកសំពៅលូនលោក ទឹម វិឆ័យ បានឱ្យដឹងនៅថ្ងៃទី ២៦ សីហាថា កងកម្លាំងរបស់លោកបានធ្វើការទប់ស្កាត់ពលករបានចំនួន ៦ នាក់ និងឃាត់មេខ្យល់បាន ២ នាក់។ សមត្ថកិច្ចនិយាយថា បើទោះបីជានៅប្រទេសថៃមានការផ្ទុះឆ្លងជំងឺកូវីដយ៉ាងខ្លាំងក៏ដោយក៏នៅតែមានមេខ្យល់លួចនាំពលករឆ្លងដែនទៅថៃដែរ៕

website_news/2021300804.txt · Last modified: 2021/08/30 15:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki