website_news:2021300805

សាលាឧទ្ធរណ៍ជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់ស្ត្រីជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរស្រ្តីខ្មែរ១៥នាក់ ទៅរៀបការប្តីនៅចិន !!

https://cen.com.kh/ Posted ByPen Srey NeatAugust 27, 2021

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ស្ត្រីជាប់ចោទ ម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើស« ការនំាចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ» ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៧ ដល់ ២០១៨ ។

លោកជំទាវ គឹម ដានី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានថែ្លងដឹងនៅក្នុងសវនាការថា ជនជាប់ចោទមានឈ្មោះ ស៊ុ សុគន្ធា ភេទ ស្រី អាយុ ៣៧ ឆ្នាំ ។ ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ អំឡុង ២០១៩ និង បង្គាប់ឲ្យសងជម្ងឺចិត្តដល់ជនរងគ្រោះម្នាក់ៗ ចំនួន ២០លានរៀលពីបទ« ការនំាចេញដោយមិនស្របច្បាប់ដោយមានគោលដៅ » តាមបញ្ញាតិមាត្រា ១០ នៃ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។ តែជនជាប់ចោទ បានប្តឹងជំទាស់មកសាលាឧទ្ធរណ៍ដើម្បីសុំបន្ធួរបន្ថាយទោស។

ជនជាប់ចោទឈ្មោះ ស៊ុ សុគន្ធា ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការសម្រាប់ចោទប្រកាន់ និងត្រូវបានសម្រេចឃុំខ្លួន នៅអំឡុងឆ្នាំ ២០១៩ ជាប់ពាក់ព័ន្ធនឹងការជ្រើសរើសស្រ្ដីជនជាតិខ្មែរ ចំនួន១៥នាក់ ឲ្យទៅប្រទេសចិន ដើម្បីរៀបការប្ដីចិន ព្រោះមានលុយច្រើន តែពេលទៅជនរងគ្រោះ បានទៅដល់ប្រទេសចិន ពួកគេត្រូវបានគេលក់ដូរ ពីបុរសចិនមួយទៅបុរសចិនមួយ ដូចសត្វធាតុ ដើម្បីគ្រាន់តែបំពេញការសប្បាយផ្លូវភេទ និងកាមគុណរបស់ពួកប្រុសៗចិន អស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងប្រទេសចិន។ ជនជាប់ចោទឈ្មោះ ស៊ុ សុគន្ធា ក្រោយមកត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងអំឡុងឆ្នាំ ២០១៩ តាមបណ្តឹងនារីរងគ្រោះ បន្ទាប់ពីពួកគេត្រូវមន្ត្រីស្ថានទូតខ្មែរ ប្រចាំនៅចិនសហការជាមួយសមត្ថកិច្ចនគរបាលចិន ជួយសង្គ្រោះ និងបានបញ្ជូនពួកគេវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ ២០១៩។ នាពេលសវនាការជនជាប់ចោទ ឈ្មោះស៊ុ សុគន្ធា បានឆ្លើយបដិសេធចំពោះ ការចោទប្រកាបន់ខាងលើ និង និយាយថា ខ្លួនមិនបានប្រព្រឹត្តិ អំពើដូចការចោទប្រកាន់ទេ។

ទោះជាយ៉ាងណាក្តី ជនជាប់ចោទ ឈ្មោះស៊ុ សុគន្ធា បានទទួលស្គាល់ថា ខ្លួនពិតបានជួយសម្រួល និងជួយបកប្រែ ជាភាសាចិនឲ្យពួកកគេ ឲ្យបុរសចិនម្នាក់ (គេចខ្លួន) ដែលជាអ្នកជ្រើសរើសជនរងគ្រោះ ទៅរៀបការប្តីនៅចិនតែប៉ុណ្ណោះ។ ឈ្មោះ ស៊ុ សុគន្ធា បានសំណូមពរ ដល់តុលាការឧទ្ធរណ៍ មេត្តាជួយរកយុត្ដិធម៌ និងបន្ធូរបន្ថយទោសដល់នាងខ្លះៗ ផង ដើម្បីឆាប់បនាវិលត្រឡប់ទៅជួយជុំគ្រួសាររបស់នាងវិញ។សំណុំរឿងនេះ សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨និង០០ ព្រឹក៕ រក្សាសិទ្ធិ ដោយ ចន្ទា ភា

website_news/2021300805.txt · Last modified: 2021/08/30 15:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki