website_news:2021300902

ពលករខ្មែរ-ថៃ សរុប ៦៣នាក់ត្រូវបានឃាត់ខ្លួន ខណៈបម្រុងលួចឆ្លងដែនខុសច្បាប់

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖ រយៈពេល ២ថ្ងៃ កម្លាំងចម្រុះដែលល្បាតតាមបណ្តាយព្រំដែនកម្ពុជា-ថៃ បានពួនស្ទាក់ឃាត់ខ្លួនបានប្រជាពលរដ្ឋខ្មែរ និងថៃ ដែលលួចឆ្លងដែនសរុប ៦៣នាក់។ នេះបើយោងតាមការផ្សាយរបស់ ផេកផ្លូវការកងទ័ពជើងគោក នារសៀលថ្ងៃអង្គារនេះ។ កម្លាំងកងការពារព្រំដែនលេខ៥០៣ និង កងពលតូចថ្មើរជើងលេខ៥១ បានសហការជាមួយនគរបាលព្រំដែនគោកលេខ៩១១ បានដើរល្បាត និងពួនស្ទាក់ចាប់បានពលករជនជាតិខ្មែរចំនួន ២៦នាក់ និងជនជាតិថៃ ចំនួន ១១នាក់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់៤គោលដៅផ្សេងគ្នា។ បន្ទាប់មក នៅម៉ោង ១:៤០នាទី រំលងអាធ្រាត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងអនុសេនាធំល្បាតទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិន ថុល បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនជនជាតិថៃប្រុសស្រី ចំនួន២៦នាក់ទៀត ដែលបានលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយជនជាតិថៃទាំងនេះត្រូវបានបញ្ជូនទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីធ្វើកាតាមនីតិវិធី។

ឆ្លើយតបនឹងបញ្ហាលួចឆ្លងដែននេះ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពាព្រំដែនលេខ៥០៣ បានដាក់ចេញនូវបទបញ្ជាឱ្យពង្រឹងការល្បាត តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។

សូមបញ្ជាក់ថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួបពលករបម្រុងលួចឆ្លងដែន ត្រូវបានកងកម្លាំង កងការពារព្រំដែនលេខ៥០៣ ឃាត់ខ្លួនបានតែម្តង ក្រោយពីឃាត់ខ្លួន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

website_news/2021300902.txt · Last modified: 2021/09/30 10:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki