website_news:2021300903

ពលករខ្មែរវិលត្រឡប់មកពីថៃ ចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លង ក្នុងសហគមន៍ខេត្តមិនទាន់ថមថយ

https://news.btv.com.kh/ 09/27/2021 01:09 PM

បាត់ដំបង ៖ ពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តមិនទាន់ថមថយនៅឡើយ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានថ្លែងថា ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃចូលតាមច្រកខេត្តបាត់ដំបង មានជារឿយៗ ក្នុងចំនួនមិនទៀងទាត់នោះទេ ថ្ងៃខ្លះតិច ថ្ងៃខ្លះក៏ច្រើន។ លោក បានថ្លែងបន្ថែមថា ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបានធ្វើតេស្តរហ័សនៅតាមច្រកព្រំដែន ក្នុងនោះក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ មួយចំនួនផងដែរ ។ អ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងបន្តថា ថ្មីៗនេះចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ស្រុកជាប់ព្រំដែនថៃ មានការកើនឡើង ហើយមណ្ឌលព្យាបាលមានភាពចង្អៀតណែន អស់លទ្ធភាពដាក់អ្នកជំងឺ អាជ្ញាធរខេត្តបានផ្ទេរអ្នកជំងឺជាបន្តបន្ទាប់មកទទួលការព្យាបាលនៅក្នុងក្រុងបាត់ដំបង។

ដើម្បីឆ្លើយតបនឹងកំណើនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ អាជ្ញាធរខេត្តបានសហការជាមួយភាគីពាក់ព័ន្ធរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀតជាបន្តបន្ទាប់ ទាំងនៅតាមបណ្ដាស្រុកជាប់ព្រំដែន និងក្នុងក្រុងបាត់ដំបង។ គួរកត់សម្គាល់ថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តបាត់ដំបង មួយរយៈពេលចុងក្រោយនេះ មានការកើនឡើង រហូតដល់មានការបិទខ្ទប់វត្តអារាម ផ្សារ និងទីតាំងមួយចំនួន ខណៈរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ៕

website_news/2021300903.txt · Last modified: 2021/09/30 10:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki