website_news:2021300907

ពលករខ្មែរ ៨នាក់ លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានឃាត់ខ្លួន

https://dap-news.com/ BySKK106 Posted on September 29, 2021

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងប៉ូលិស ៨១៥ ធ្វើការឃាត់ខ្លួន។ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី ភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃើញ ហើយធ្វើការឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រីចំនួន ៣នាក់ ប្រុសចំនួន ៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយើងធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និង បានប្រគល់ជូនប៉ូលិសព្រំដែន៨១៥ ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវិត១៩ កុំអោយឆ្លងចូលជាសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លើទាំង ៣ទិសក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

website_news/2021300907.txt · Last modified: 2021/09/30 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki