website_news:2021300910

ស្គាល់ផ្ទះមេខ្យល់នៅតែចាប់អត់បាន បានតែពលករប្រុងលួចឆ្លងទៅថៃ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២៩ ខែ កញ្ញា ឆ្នាំ ២០២១ ម៉ោង ១៣:៥៨

ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីបន្ទាត់ព្រំដែនបានឲ្យដឹងថា កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី២៨ កញ្ញា ២០២១ កម្លាំងចម្រុះជួរមុខដែលឈរជើងនៅក្នុងភូមិសាស្ត្រឃុំ និងស្រុកស្វាយចេក និងស្រុកអូរជ្រៅ បានធ្វើការទប់ស្កាត់ឃាត់ពលករប្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៥នាក់ មានប្រុស៨នាក់ និងស្រី៧នាក់ ។ កម្លាំងជួរមុខរួមមាន យោធាកងពល៥១, យោធាការពារព្រំដែនលេខ៥០៣, នគរបាលការពារព្រំដែនគោកលេខ៩១១ និងមានកម្លាំងអាវុធហត្ថផងដែរ ។ ប្រភពបន្តថា ពលករ៤នាក់ត្រូវបានកម្លាំងល្បាត២ នៃយោធាការពារព្រំដែនលេខ៥០៣ ឃាត់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ។ ចំណែកពលករ១១នាក់ទៀតឃាត់បានក្នុងដីឡូត៍របស់មេខ្យល់ក្នុងភូមិចំកាគរ ឃុំនិងស្រុកស្វាយចេក។ យ៉ាងណាក៏ដោយ ករណីនេះ មេខ្យល់ប្រហែលជាដឹងខ្លួនមុនបានគេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន ពលករទាំងអស់ ត្រូវបានដឹកតាមរថយន្តយោធាយកទៅប្រគល់ឲ្យគណៈកម្មការទទួលពលករវិលត្រឡប់ពីថៃនៅច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ៕

website_news/2021300910.txt · Last modified: 2021/09/30 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki