website_news:2021300912

ក្រសួងការងារថៃទុកឱសានវាទ ឱ្យនិយោជកចុះឈ្មោះពលករចំណាកស្រុកពីកម្ពុជានិងប្រទេសដទៃ ដើម្បីឱ្យពួកគេធ្វើការដោយស្របច្បាប់

https://www.propertyarea.asia/ September 29, 2021 ដោយៈសុខុម

បាងកក: ក្រសួងការងារថៃ បានទុកឱសានវាទរយៈពេល៣០ថ្ងៃ ឱ្យនិយោជកចុះឈ្មោះពលករចំណាកស្រុករួមទាំងទៅពីកម្ពុជា ដែលគ្មានលិខិតស្នាមត្រឹមត្រូវ ដើម្បីឱ្យពួកគេធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី២៩ កញ្ញា នេះ។ លោក Suchart Chomklin រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសឱសានវាទនេះកាលពីថ្ងៃអង្គារ ទី២៨កញ្ញា បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានយល់ព្រម តាមសំណើរបស់ក្រសួង ដើម្បីគ្រប់គ្រងលើពលករចំណាកស្រុកដែលទៅពីប្រទេសចំនួន៣ រួមមានមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ក្នុងគោលបំណងគ្រប់គ្រង និងទប់ស្កាត់ការរីករាលវីរុសកូវីដ-១៩។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នាយកដ្ឋានការងារត្រូវបានណែនាំ ឱ្យចុះត្រួតពិនិត្យដោយផ្ទាល់នៅតាមការដ្ឋានសំណង់ រោងចក្រ និងកន្លែងធ្វើការផ្សេងទៀត ដើម្បីផ្តល់ការណែនាំ អំពីការថែរក្សាសុខភាពដល់និយោជក និងពលករចំណាកស្រុករយៈពេល៣០ថ្ងៃ។ អំឡុងពេលនេះ ពលករចំណាកស្រុកខុសច្បាប់ នឹងត្រូវចុះឈ្មោះធ្វើលិខិតស្នាមត្រឹមត្រូវ ហើយនិយោជករបស់ពួកគេ ត្រូវដាក់ពាក្យស្នើសុំលិខិតការងារ រួមជាមួយឯកសារពាក់ព័ន្ធ ផ្សេងៗទៀតពីមន្ទីរការងារខេត្ត ឬការិយាល័យនានាក្នុងក្រុងបាងកក។

ពាក្យស្នើសុំធ្វើលិខិតការងារមានតម្លៃត្រឹមតែ១០០បាត (៣ដុល្លារ) ប៉ុណ្ណោះ។ បន្ទាប់មក និយោជកនឹងទទួលបានឯកសារមួយ ជួសមុខឱ្យពលករចំណាកស្រុក ដែលអាចប្រើប្រាស់បានជាបណ្ដោះអាសន្ន ទម្រាំពួកគេទទួលបានលិខិតការងារ ដែលនឹងមានសុពលភាពរហូដល់ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៣។ លោកបានបន្ថែមទៀតថា គណៈរដ្ឋមន្រ្តីថៃ ក៏បានពិចារណាពន្យាឱសានវាទនេះសម្រាប់ពលករចំណាកស្រុក ដែលកំពុងត្រូវបានដំណើរការ តាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី ដែលមានរយៈពេលចាប់ពីថ្ងៃទី២៩ ធ្នូ ដល់ថ្ងៃទី៣១ មីនា ឆ្នាំក្រោយផងដែរ ដោយសារតែសេវាកម្មមួយចំនួន ត្រូវបានផ្អាកដោយសារស្ថានភាពវីរុសកូវីដ-១៩។ សេចក្តីសម្រេចនេះ អនុញ្ញាតឱ្យនិយោជកដាក់ពាក្យស្នើសុំលិខិតការងារ ជួសមុខឱ្យពលករចំណាកស្រុកតាមប្រព័ន្ធអនឡាញ។ ប្រសិនបើថ្លៃធ្វើលិខិតការងារត្រូវបានបង់រួចមុនថ្ងៃទី១៣ ខែកញ្ញា នាយកដ្ឋានការងារនឹងចេញលិខិតការងារ ដែលអាចប្រើបានរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Pairoj Chotikasathien អគ្គនាយកនៃអគ្គនាយកដ្ឋានការងារបានថ្លែងថា ពលករចំណាកស្រុក ដែលទទួលបានលិខិតការងារ ត្រូវចុះឈ្មោះទិញធានារ៉ាប់រងសុខភាពពីក្រសួងសុខាភិបាល ឬក្រុមហ៊ុនធានារ៉ាប់រងនានា ខណៈពេលរង់ចាំទទួលយកអត្ថប្រយោជន៍នានាពីបេឡាជាតិសន្តិសុខសង្គម៕ Bangkok Post៕

website_news/2021300912.txt · Last modified: 2021/09/30 11:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki