website_news:2021301105

ពលរដ្ឋរិះគន់អាជ្ញាធរខ្មែរថា មិនជួយដល់ពលករខ្មែរដែលសមត្ថកិច្ចថៃចាប់ដាក់គុកនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ

https://www.rfa.org/khmer/news/ ដោយ ជាតិ ចំណាន 2021-11-29

ពលរដ្ឋមួយចំនួន រិះគន់អាជ្ញាធរពាក់ព័ន្ធថា មិនអើពើជួយអន្តរាគមន៍ដល់ពលករខ្មែរដែលសមត្ថកិច្ចថៃចាប់ខ្លួន ដោយសារពួកគេឆ្លងដែនខុសច្បាប់នៅតំបន់ព្រំដែនជាប់ខេត្តបន្ទាយមានជ័យនោះទេ។ ប្រតិកម្មរបស់ពលករនេះ ធ្វើឡើងក្រោយពីពួកគេត្រូវបានអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារនៅតំបន់ព្រំដែនខេត្តស្រះកែវយ៉ាងលំបាកវេទនា ហើយពុំមានអាជ្ញាធរខ្មែរជួយដល់ពួកគាត់ឡើយ។ ពលរដ្ឋដែលអាជ្ញាធរថៃទើបបញ្ជូនត្រឡប់មកកម្ពុជាវិញ ថ្លែងថា មានពលករខ្មែរជាច្រើននាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ដាក់ឃុំជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរឃុំឃាំងនៅតំបន់ព្រំដែនខេត្តស្រះកែវ។

ប្រជាពលរដ្ឋរស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យលោក សួរ ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ វិច្ឆិកាថាលោកនិងពលករខ្មែរចំនួន៧នាក់ត្រូវបានទាហានថៃចាប់ដាក់គុកនៅស្រុកអារញ្ញ (Aranyaprathet) ខេត្តស្រះកែវ (Sra kao) រយៈពេល ៤ថ្ងៃយ៉ាងលំបាកវេទនាកាលពីសប្ដាហ៍កន្លងទៅ ។ ពលករវ័យ៣៧ឆ្នាំរូបនេះ បន្តថា នៅក្នុងគុកនោះមានពលករខ្មែរប្រមាណ ៥០នាក់ ក៏ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងពេលពួកគេធ្វើដំណើរឆ្លងដែនខុសច្បាប់នៅតំបន់ព្រំដែនខេត្តស្រះកែវដែរ។ លោកបន្ថែមថា អាជ្ញាធរថៃបានឃុំឃាំងពួកលោកក្នុងគុកណែនចង្អៀត និងផ្ដល់អាហារហូបចុកមិនបានគ្រប់គ្រាន់នោះទេ៖ «បើអត់មានលុយសម្រាប់ទិញបាយហូបទេគឺលំបាកខ្លាំង នៅថ្ងៃចុងក្រោយមួយថ្ងៃពេញគឺវាអត់ឱ្យបាយហូបបណ្ដោយ។ ពេលហ្នឹងខ្ញុំរត់បានប្រហែលជា ២០ម៉ែត្រដែរប៉ុន្តែដល់ពេលគេបាញ់កេតស្លឹកត្រចៀក ហើយគេស្រែកថា បើរត់គេបាញ់សម្លាប់ចោល ខ្ញុំខ្លាចព្រោះអីឃើញល្ហើយស្លឹកត្រចៀក ខ្ញុំក៏ខ្ជិលរត់បណ្ដោយទៅ។ វេទនាខ្លាំងជាងសម័យមុនទៅ សម័យនេះមិនគួរដល់ថ្នាក់ហ្នឹង ឥឡូវវាចង់លើសពីមុនទៅទៀត។ បងឯងគិតមើលគ្នាសំពះឡើងដល់បាតជើងហើយ ទាត់គ្នាឡើងដួលនិយាយទៅពីរនាក់ទាត់ម្នាក់គិតមើលទៅ»។

ស្រដៀងគ្នានេះដែរ ពលរដ្ឋម្នាក់ទៀតដែលទើបអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់ទៅកម្ពុជាវិញ លោកស្រី ច្រឹប ណាវីន ថ្លែងថា លោកស្រី និងពលករខ្មែរជិត ២០នាក់ត្រូវបានទាហានថៃចាប់ដាក់គុកនៅតំបន់ព្រំដែនខេត្តស្រះកែវរយៈពេល ៣ថ្ងៃ។ លោកស្រីបន្តថា អាជ្ញាធរថៃបានបង្ខំឱ្យពួកលោកស្រីបង់ប្រាក់ម្នាក់៦ពាន់បាត ឬស្មើប្រមាណ ១៩០ដុល្លារ ជាថ្នូរចាប់ពួកគេត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី១៥ វិច្ឆិកា៖ «គេថា បើសិនជាយើងមិនបង់លុយយើងនឹងត្រូវជាប់គុក ២ខែ ទៅ ៣ខែ បើមានលើកទី២ លើកទី៣ ទោសយើងកាន់តែធ្ងន់ គេថា យើងទៅខុសច្បាប់។ ប្រឈមតឹងរ៉ឹងមែន ចុះបើយើងជំពាក់ធនាគារយើងមិនដឹងធ្វើម៉េចទៅរកណាបានរកស្រុកខ្មែរអត់មានការងារធ្វើ ហើយស្រូវលិចទឹកអស់អីចឹង»។ ពលករទាំងនេះឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅទីក្រុងបាងកក ហើយត្រូវបានទាហានថៃចាប់ខ្លួននៅតំបន់ព្រំដែនជាប់ខេត្តបន្ទាយមានជ័យ។ ពួកគាត់សង្កេតឃើញថា ពលករខ្លះត្រូវបានទាហានថៃចាប់វាយទាត់ធាក់ដួលសន្លប់ ដោយសារពួកគេរត់គេចត្រឡប់មកកម្ពុជា ហើយត្រូវទាហានថៃដេញបាញ់ស្ទាក់ចាប់បាន។ ពួកគេអះអាងថា បើទោះបីជាមានពលករខ្មែរជាច្រើននាក់ត្រូវបានអាជ្ញាធរថៃចាប់ដាក់គុកនិងវាយធ្វើបាបយ៉ាងនេះក្ដីក៏ពុំមានមន្ត្រីស្ថានទូត និងអាជ្ញាធរខ្មែរណាចុះសួរសុខទុក្ខ និងជួយអន្តរាគមន៍ដល់ពួកគាត់ឡើយ។

ទាក់ទងនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករដែលថៃចាប់ខ្លួននៅតំបន់ព្រំដែនភាគច្រើនត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញភ្លាមៗ ក្រោយពេលសាកសួរពួកគេធ្វើកំណត់ហេតុរួចរាល់។ ចំពោះករណីដែលថាអាជ្ញាធរថៃវាយធ្វើធ្វើបាបពលករនោះ លោកថា ពុំទទួលព័ត៌មានជុំវិញរឿងនេះនៅឡើយទេ៖ «អត់ទេដូចអត់មានទេ ខ្ញុំអត់បានសួរព័ត៌មាននឹងដែរ។ ប៉ុន្តែកាលដែលខ្ញុំទំនាក់ទំនងទៅថៃហ្នឹងគាត់ចាប់អត់ទុកទេ ចាប់ហើយគាត់បញ្ជូនមកវិញភ្លាម។ លុះត្រាណាតែគាត់ចាប់បានមេខ្យល់ខាងថៃ ដែលគាត់នាំមនុស្សឆ្លងដែនបានគាត់ទុក បើសិនអត់ចាប់បានមេខ្យល់ដឹកជញ្ជូនទេគាត់អត់ទុកទេ គាត់បញ្ជូនមកវិញភ្លាម»។ មេប៉ូលិសផ្កាយ ១រូបនេះឱ្យដឹងថា នៅថ្ងៃដដែលនេះអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាង ៦០នាក់ត្រឡប់មកកម្ពុជាវិញតាមច្រករបៀងព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅនិងច្រករបៀងព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទង មន្ត្រីកុងស៊ុលខ្មែរប្រចាំនៅខេត្តស្រះកែវ ដើម្បីសុំអត្ថាធិប្បាយបន្ថែមអំពីការរិះគន់របស់ក្រុមពលករទាំងនោះបានទេនៅថ្ងៃទី២៩ វិច្ឆិកា។

ជុំវិញរឿងនេះមន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន សង្កេតឃើញថា អំឡុងពេលនេះមានពលករខ្មែរឆ្លងដែនទៅប្រទេសថៃកាន់តែច្រើនឡើង ដោយសារពួកគេអត់ការងារធ្វើនៅក្នុងស្រុក និងជំពាក់ប្រាក់ធនាគារ។ លោកយល់ថា ការណ៍ដែលអាជ្ញាធរថៃវាយធ្វើបាបពលករដែលឆ្លងដែនខុសច្បាប់ដោយសារការអត់ឃ្លាននេះជាទង្វើអមនុស្សធម៌ និងជាការរំលោភសិទ្ធិមនុស្ស។ មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយថា រដ្ឋាភិបាលខ្មែរគួរតែអន្តរាគមន៍ទៅភាគីថៃឱ្យបញ្ឈប់វាយដុំលើពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់បន្តទៀត និងស្នើឱ្យបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញភ្លាមៗ ក្រោយពេលចាប់ខ្លួន៖ «គួរណាតែសម្រួលហើយឱ្យពលករគាត់ត្រឡប់ទៅប្រទេសកំណើតវិញដោយសន្តិវិធី ដើម្បីឱ្យពូកគាត់ចូលមកថៃដោយស្របច្បាប់។ សម្រាប់ពលករដែរ គឺគេមិនទាន់បើកឱ្យមកខុសច្បាប់ទេ យើងរង់ចាំមើលថាតើរដ្ឋាភិបាលប្រទេសទាំងពីរបើកច្រកព្រំដែននៅណា តែគេនឹងបើកច្រកឱ្យពលករចូលមកក្នុងពេលឆាប់ៗ ខាងមុខ»។

របាយការណ៍អាជ្ញាធរថៃឱ្យដឹងថា រយៈពេល ១សប្ដាហ៍ នៅដើមខែវិច្ឆិកា មានពលករខ្មែរ ៩៩៦នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងពេលពួកគេឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ក្នុងនោះ ពលករភាគច្រើនឆ្លងដែនតាមច្រករបៀងព្រំដែនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ក្រុមពលករឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរប្រមាណ ២.០០០នាក់ កំពុងជាប់ឃុំនៅមន្ទីរឃុំឃាំងក្នុងខេត្តស្រះកែវ ហើយអ្នកជាប់គុកជិតមួយខែមកហើយក៏មានដែរ។ ពួកគេបន្តថា ពលករភាគច្រើនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងពេលពួកគាត់ឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់៕

website_news/2021301105.txt · Last modified: 2021/11/30 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki