website_news:2021301201

នគរបាលស្រុកសំពៅលូន បញ្ជូនមេខ្យល់ ៣ នាក់ ទៅស្នងការដ្ឋាន នគរបាលខេត្ត ខណៈពលករ ៨៨ នាក់ ត្រូវបានធ្វើការអប់រំ

https://www.postkhmer.com/ គឹម សារុំ | Publication date 28 December 2021 | 18:07 ICT

បាត់ដំបងៈ នគរបាលស្រុក សំពៅលូន នៅថ្ងៃទី ២៨ ធ្នូ បានបញ្ជូនមេខ្យល់ប្រុសស្រី ៣ នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីឃាត់ខ្លួនបាន ១ ថ្ងៃ ខណៈពលករប្រុស ស្រីចំនួន ៨៨ នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ។

លោកទឹម វិឆ័យ អធិការនគរបាលស្រុក សំពៅលូន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ធ្នូថា ជនទាំង ៣ នាក់ទី ១-ឈ្មោះលាង ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ ទី ២-ឈ្មោះ គូ សុផាត ភេទស្រី អាយុ ៣៣ ឆ្នាំ។ ពួកគេរស់នៅ ភូមិ ត្រពាំងព្រលិត ឃុំ សន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង និងឈ្មោះ អ៊ឹម សុខខ្មុល ភេទប្រុស អាយុ ៣០ ឆ្នាំ មានរបរជា អ្នកបើករថយន្ត រស់នៅភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោក បញ្ជាក់ថា៖ «ជនទាំង ៣ នាក់នេះ សមត្ថកិច្ចជំនាញខ្ញុំ បានបញ្ជូនទៅការិយាល័យជំនាញខេត្តនៅថ្ងៃនេះ (ថ្ងៃទី ២៨ ធ្នូ)។ ពួកគេត្រូវបានឃាត់ខ្លួន ពេលកំពុងធ្វើសកម្មភាពបម្រុងនាំពលករឆ្លងដែនទៅថៃ»។

បើតាមលោក វិឆ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី ២៧ ធ្នូ សមត្ថកិច្ចបានធ្វើការទប់ស្កាត់ ពលករប្រុសស្រីសរុបចំនួន ៨៨ នាក់។ ក្នុងនោះមានមនុស្សស្រីពេញវ័យចំនួន ៤០ នាក់ ក្មេងៗដែលជាកូនរបស់ពលករមានចំនួន ២៤ នាក់ ស្រី ១៣ នាក់ និងឃាត់បានមេខ្យល់ចំនួន ៣ នាក់។ ពលករទាំង ៨៨ នាក់នោះ មកពីខេត្ត សៀមរាប មានចំនួន ៣២ នាក់ កំពង់ធំ ៩ នាក់ និងខេត្ត ពោធិ៍សាត់ ៤៧ នាក់។ លោកបញ្ជាក់ទៀតថា ចំពោះកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រ ស្រុក សំពៅលូន មានកងកម្លាំងជួរមុខដូចជាកងកម្លាំងការពារនៅតាមបន្ទាត់ព្រំដែន មានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកងកម្លាំងវរសេនាតូចលេខ៥៣។

ចំណែកកម្លាំងនគរបាលស្រុកសំពៅលូនគឺចុះល្បាតនៅជួរក្រោយ តាមដងផ្លូវប៉ុន្តែកម្លាំងទាំង ២ នេះសហការគ្នាទៅវិញទៅមក។ លោកបន្ថែមថា ចំពោះពលករទាំង ៨៨ នាក់ ត្រូវបានធ្វើការអប់រំ និងបញ្ជូនពួកគេឱ្យវិលត្រឡប់ទៅតាមសហគមន៍ របស់ពួកគាត់វិញ។ លោកបញ្ជាក់ថា៖««យើងមិនបានយកពលករទាំងនោះ ទៅធ្វើចត្តាឡីស័កទេ ព្រោះពួកគាត់មិនទាន់បានឆ្លងដែនចូលទឹកដីថៃ។ តាមគោលការណ៍ បើពលករឆ្លងពីថៃមក ហើយពិនិត្យឃើញថា ពួកគេមិនទាន់ចាក់វ៉ាក់សាំងទើបបានធ្វើចត្តាឡីស័ក»។ ជាមួយគ្នានេះ គេហទំព័រស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានសរសេរនៅថ្ងៃទី ២៨ ធ្នូថា ពលករសរុប ចំនួន ១០០ នាក់ (ស្រី ៣៨ នាក់) ក្នុងនោះមានក្មេងចំនួន ១៣ នាក់ (ស្រី ៥ នាក់) ត្រូវបានអាជ្ញាធរ ថៃ ចាប់បញ្ជូនមកកម្ពុជាវិញ តាមប៉ុស្តិ៍នគរបាលអូរអន្លក់ ក្នុងឃុំ តាសែន ស្រុកកំរៀង ខេត្ត បាត់ដំបង។ នៅពេលនោះ ក្រុមគ្រូពេទ្យបានធ្វើតេសរហ័សរកឃើញ វិជ្ជមានកូវីដ ១៩ ម្នាក់ជាមនុស្សប្រុស ត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌុលត្រាវជូរ ក្នុងស្រុកសំពៅលូន។

ចំណែកពលករ ដែលបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដរួច មានចំនួន ៤៤ នាក់ ស្រី ១៧ នាក់ ក្មេង ៥ នាក់ ( ស្រី ២ នាក់) ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌុលគីឡូម៉ែត្រលេខ ៩ ក្នុង ស្រុកសំពៅលូន។ ដោយឡែកពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន ៥៥ នាក់ (ស្រី ២១ នាក់) ក្នុងចំណោម ១០០ នាក់ និង ក្មេង ៨ នាក់ (ស្រី ៣ នាក់) ដែលមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពីអាយុ ៦ ឆ្នាំដល់អាយុ ១២ ឆ្នាំ ត្រូវក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យបានចំនួន ៦ នាក់ (ស្រី ២ នាក់) និងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតវិញ ខណៈក្មេងៗដែលមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំង ត្រូវនៅធ្វើចត្តាឡីស័ក៕

website_news/2021301201.txt · Last modified: 2021/12/30 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki